ខេត្តកំពង់ចាម ៖ កុដិឈើ១ខ្នងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមានផ្សែងហុយខ្មួលខ្មាញ់។ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៥និង៤០នាទីល្ងាច មានករណីអគ្គិភ័យ ០១ កើតឡើងទុស្សេខ្សែភ្លើង បណ្ដាលឱ្យឆេះសាលាឆាន់ចំនួន ០១ខ្នង និងកុដិព្រះសង្ឃចំនួន ០១ខ្នង ននៅវត្តពោធិវង្សជំនីក ស្ថិតក្នុងភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២០មេសាឆ្នាំ២០២៦ ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបាននាំយកថវិការទៅប្រគេនដល់ព្រះសង្ឃ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោក វរសេនីយ៍ឯក យ៉ិល សុផាន់ អធិការនគរបាលស្រុកកោះសូទិន បានដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមប្រធ្នោះ កម្លាំងប្រជាកាពារ និងប្រជាពលរដ្ឋ ចុះជួយពន្លត់ដោយផ្ទាល់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន ០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអូរាំងឪ ០១គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម០២គ្រឿង។
សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ក្រោមការយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តាំងពីខេត្តរហូតដល់មូលដ្ឋាន ហើយនិងមានការអន្តរាគមន៍ដោយមានរថយន្តពន្លត់អគ្គីភ័យចេញមកបន្តបន្ទាប់បាញ់ស្រោចទៅលើភ្លើងដែលកំពង់ឆាបឆេះនោះបានធ្វើឲ្យរលត់ទាំងស្រុងនៅម៉ោង ៨និង៤១នាទីយប់ ដោយប្រើប្រាស់ទឹកអស់១៨ស៊ឺទែន ដោយពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ ។
អគ្គិភ័យនេះ បណ្ដាលឱ្យឆេះសាលាឆាន់ចំនួន ០១ខ្នង
-កុដិព្រះសង្ឃ ចំនួន ០១ ខ្នង
-រថយន្តដឹកសព ចំនួន ០១ គ្រឿង
-អង្ករចំនួនជាង ១តោន
-ភេសជ្ជ:ប្រហែល ២០កេស
-បច្ច័យ ចំនួន ២ម៉ឺនដុល្លាជាង
-និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ។
មូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ។សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២០ មេសា ឯកឧត្តមអភិបាលខេត្តរួមនិងសហការីបាននាំយកថវិកាជាច្រើនលានដើម្បីទៅប្រគេនដល់ព្រះចៅអធិការវត្តដែលរងគ្រោះដោយអគ្គីភ័យ ៕














ចែករំលែកព័តមាននេះ