ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-កាណាដា ប្ដេជ្ញារុញច្រានទំហំពាណិជ្ជកម្មឱ្យកាន់តែខ្លាំង ខណៈកិច្ចព្រមព្រៀង ACFTA ជិតឈានដល់ការចុះហត្ថលេខានាពេលខាងមុខ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​កា​ណា​ដា ប្ដេជ្ញា​រុញច្រាន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ខ្លាំង ខណៈ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កា​ណា​ដា ជិត​ឈាន​ដល់​ការ​បញ្ចប់ ។ ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​កា​ណា​ដា ប្ដេជ្ញា​រុញច្រាន​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ខ្លាំង ខណៈ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កា​ណា​ដា ជិត​ឈាន​ដល់​ការ​បញ្ចប់ ។

ជាក់ស្តែង​បើ​យោង​តាម​ផេ​ក​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២០ ខែមេសា​នេះ​ថា ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ជូន​ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​កា​ណា​ដា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ចំណង​ការទូត​ដ៏​យូរអង្វែង​រវាង​កម្ពុជា និង​កា​ណា​ដា និង​បាន​គូសបញ្ជាក់​អំពី​ភាព​រីក​ចម្រើន​នៃ​ទំនាក់ទំនង រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស ពាណិជ្ជកម្ម និង​ការ​វិនិយោគ​របស់​កា​ណា​ដា នៅ​កម្ពុជា ។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​សង្កត់ធ្ងន់​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កា​ណា​ដា​ក្នុង​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ។

ទន្ទឹម​នេះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​គូសបញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កា​ណា​ដា ក្នុង​ការ​ជួយ​គាំទ្រ​ការ​រៀបចំ​របស់​កម្ពុជា ដែល​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នា​ពេល​ខាង​មុខ​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ ព្រមទាំង​បាន​បញ្ជាក់​ថា គណៈប្រតិភូ​ជាន់ខ្ពស់​របស់​កា​ណា​ដា​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ផង​ដែរ ។

ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្របខ័ណ្ឌ​តំបន់ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​បាន​ផ្ដល់​ការ​គាំទ្រ ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ កា​ណា​ដា​-​អាស៊ាន លើ​វិស័យសេដ្ឋកិច្ច និង​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កា​ណា​ដា (ACFTA) ដែល​គ្រោង​នឹង​បញ្ចប់ និង​ចុះហត្ថលេខា នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​។

ជា​ការ​ឆ្លើយ​តប​, សម្ដេច​ធិ​បតី​បាន​អបអរសាទរ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​កា​ណា​ដា​ប្រចាំ​កម្ពុជា និង​បាន​បង្ហាញ​ជំនឿ​ជឿជាក់​ថា ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​, ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នឹង​បន្ត​រីក​ចម្រើន​រឹង​មាំ និង​កាន់តែ​ស៊ីជម្រៅ ថែម​ទៀត​។

សម្ដេច​ធិ​បតី បាន​ថ្លែងអំណរគុណ​ដល់​កា​ណា​ដា ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ដំណើរ​ស្វែងរក​សន្តិភាព និង​ការ​ស្តារ​និង​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច នៅ​កម្ពុជា ។ សម្ដេច​ធិ​បតី​បាន​វាយតម្លៃ​ខ្ពស់​អំពី​ការ​រីក​ចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​សក្កា​នុ​ពល​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ព្រមទាំង​បាន​រំលេច​អំពី​តួនាទី និង​បំណង​របស់​សហគមន៍​ខ្មែរ​នៅ​ប្រទេស​កា​ណា​ដា ក្នុង​ការ​ជួយ​ជំរុញ និង​ត​ភ្ជាប់​ទំនាក់ទំនង​កម្ពុជា​-​កា​ណា​ដា ជា​ពិសេស​វិស័យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​។

សម្ដេច​ធិ​បតី​បាន​បន្ត​ទៀត​ថា កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ឱ្យ​ក្រសួងពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​កម្ពុជា បង្កើត​ការិយាល័យ​តំណាង​សភាពាណិជ្ជកម្ម នៅ​ប្រទេស​កា​ណា​ដា ដើម្បី​ជា​ស្ពាន​ត​ភ្ជាប់ និង​ជួយ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ស្វែងរក​កាលានុវត្តភាព​ថ្មី​ៗ ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ។

សម្ដេច​ធិ​បតី បាន​គូសបញ្ជាក់​អំពី​ការ​ត្រៀមខ្លួន​ជា​ស្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​កា​ណា​ដា ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​អន្តរជាតិ​។

សម្ដេច​ធិ​បតី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​គ្នា​លើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ​មួយ​ចំនួន​រួម​មាន ៖ ពាណិជ្ជកម្ម ការ​វិនិយោគ និង​សេដ្ឋកិច្ច​, ការពារ​ជាតិ និង​សន្តិសុខ​, ក៏​ដូច​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ