ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ងើបឡើង​វិញ ក្រោយ​ច្រក​សមុទ្រ​ហ័​រមូ​សត្រូវ​បាន​បិទ​ម្តងទៀត

23 វិនាទី មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ងើបឡើង​វិញ​ជាង ៦% ក្នុង​ការ​ជួញដូរ​ដំបូង​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ បន្ទាប់​ពី​ធ្លាក់​ចុះ​ជាង ៩% កាលពី​ថ្ងៃ​ទី​១៧…

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ងើបឡើង​វិញ​ជាង ៦% ក្នុង​ការ​ជួញដូរ​ដំបូង​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៦ បន្ទាប់​ពី​ធ្លាក់​ចុះ​ជាង ៩% កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៦ កន្លង​ទៅ​។ ការ​ប្រែប្រួល​ដ៏​គួរ​កត់សម្គាល់​នេះ​កើតឡើង ក្រោយ​ព័ត៌មាន​អំពី​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz) ត្រូវ​បាន​បិទ​ម្តងទៀត បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់ បាន​អះអាង​រៀងខ្លួន​ថា ភាគី​ម្ខាង​បាន​រំលោភ​បំពាន​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ដោយ​មានការ​វាយប្រហារ​លើ​បណ្តា​កប៉ាល់​ដឹក​ជញ្ជូន កាលពី​ចុង​ស​ប្តា​ហ៍​មុន​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

ក្រឡេក​ទៅ​ប្រេង​ឆៅ Brent ស្តង់ដា​អឺរ៉ុប​បាន​កើនឡើង ៦,១១ ដុល្លារ ឬ ៦,៧៦% តម្លៃ​ដល់ ៩៦,៤៩ ដុល្លារ​ក្នុង​១​បារ៉ែល គិត​ត្រឹម​ម៉ោង ៦ និង ៣០ នាទី​ព្រឹក (​ម៉ោង​នៅ​កម្ពុជា​) ចំណែក​ប្រេង​ឆៅ​ស្តង់ដា​សហរដ្ឋអាមេរិក West Texas Intermediate (WTI) មាន​តម្លៃ ៩០,៣៨ ដុល្លារ​ក្នុង​១​បារ៉ែល ពោល​កើនឡើង ៦,៥៣ ដុល្លារ ឬ ៧,៧៩%​។

ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន បាន​អះអាង​ថា យោធា​អា​មេ​រិ​កបាន​រឹបអូស​កប៉ាល់​ដឹក​ទំនិញ​អ៊ី​រ៉​ង់​១​គ្រឿង ដែល​បាន​ព្យាយាម​បំពាន​ការ​បិទ​ខ្ទប់​របស់​ខ្លួន រីឯ​អ៊ី​រ៉​ង់​ក៏​បាន​ប្រកាស​ថា​នឹង​មិន​ចូលរួម​ក្នុង​កិច្ចចរចា​សន្តិភាព​ជុំ​ទី​២​នោះ​ទេ បើ​ទោះជា​លោក ត្រាំ បាន​គំរាម​វាយប្រហារ​តាម​អាកាស​ឡើង​វិញ​យ៉ាងណា​ក៏​ដោយ​។

សហរដ្ឋអាមេរិក​នៅ​តែ​រក្សា​ការ​បិទ​ខ្ទប់​កំពង់​ផែ​អ៊ី​រ៉​ង់ ខណៈ​ដែល​អ៊ី​រ៉​ង់​បាន​បើក បន្ទាប់​មក​ក៏​បាន​បិទ​ច្រក​សមុទ្រ​ហ័​រ​មូស​ឡើង​វិញ ដែល​ជា​ច្រក​ដឹក​ជញ្ជូន​សម្រាប់​ការ​ផ្គត់ផ្គង់​ប្រេង​ប្រហែល​១​ភាគ​៥​របស់​ពិភពលោក​។

តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន​តាមដាន និង​វិភាគ​ទិន្នន័យ​ប្រេង​សកល Kpler បាន​បង្ហាញ​ថា កប៉ាល់​ជាង ២០ គ្រឿង​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ដោយ​បាន​ដឹក​ប្រេង ឧស្ម័ន​រាវ លោហធាតុ និង​ជី ដែល​ជា​ចំនួន​ឆ្លងកាត់​ផ្លូវទឹក​នេះ​ច្រើន​បំផុត​មិន​ធ្លាប់​មាន ចាប់តាំងពី​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ