ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បួងសួង​សុំ​សេចក្តីសុខក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ក​ប្រទីប សំពះ​ព្រះ​ខែ និងអក​អំបុកនៅ​តាម​ដង​ស្ទឹង​​សៀមរាប

7 ម៉ោង មុន
  • សៀមរាប

​ខេត្តសៀមរាប ៖ ដើម្បី​សុំ​សេចក្តីសុខ​ក្នុង​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ក​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដំណើរ​ទៅ​ដោយ​រលូន ក្នុង​ព្រឹត្តិការណ៍​បុណ្យអុំទូក​នៅ​តាម​ដង​ស្ទឹង​​សៀមរាប​​ឱ្យ​ទទួល​បាន​ជោគជ័យ នៅ​វេ​ទិកា​បុណ្យអុំទូក​នៃ​ដងស្ទឹង​សៀមរាប កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៦​កន្លង​ទៅ បាន​រៀបចំ​ពិធី​ក្រុង​ពលី បួងសួង ដើម្បី​សុំ​សេចក្តីសុខ​ជូន​ដល់ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ក៏​ដូច​ជា​ក្រុម​កីឡាករ​កីឡាការិនី​អុំទូក និង​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ​-​អន្តរជាតិ​ ដែល​អញ្ជើញ​មក​ចូលរួម​ទស្សនា​កម្សាន្ត ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឱ្យ​ប្រកប​ទៅ​ដោយ​សេចក្តីសុខ​សប្បាយ ។

ពិធី​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​រៀបចំ​បុណ្យអុំទូក​ខេត្ត សហការ​ជាមួយ សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​បានប្រារព្ធ​ពិធី​ក្រុង​ពាលី​ក្រោម​វត្តមាន​របស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព មន្ត្រីរាជការ​យ៉ាងច្រើន​កុះករ ។

ពិធី​ក្រុង​ពាលី​នេះ បាន​ធ្វើ​ឡើង​តាម​បែប​ព្រហ្មញ្ញសាសនា​សុទ្ធសាធ ដែល​នៅ​ក្នុង​នោះ​រួមមាន ពី​ធី​ថ្វាយ​នូវ​គ្រឿង​សក្ការៈ និង​ប្រកាស​ឧទ្ទិស​បួងសួង និង​ប្រគំ​ថ្វាយ​ភ្លេងពិណពាទ្យ​ចំពោះបារមី​វត្ថុ​ស័ក្តិសិទ្ធិ ។ មួយ​ផ្នែក​នៃ​ពិធី​នេះ គឺ​បូជា​ព្រះ​ភូមិ បូជា​ថ្វាយ​ស្តេច​ក្រុង​ពាលី និង​សុំ​ព្រះ​ម៉ែគង្គា ដើម្បី​​សុំ​នូវ​សេចក្តីសុខ ក្នុង​ការ​រៀបចំ​ធ្វើការ​ប្រកួត​ប្រណាំងទូក​នៅ​តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ឱ្យ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ភាព​សុខសាន្ត​ជូន​ដល់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​បាន​សប្បាយ​រីករាយ​ទៀត​ផង ។

ការ​អភិរក្ស និង​អភិវឌ្ឍន៍​របស់​ខេត្ត និង ការ​រៀបចំ​សោភ័ណ​ភាព​ក្រុង​ប្រ​វ​តិ្ត​សាស្ត្រ​ឱ្យ​មាន​ភាព​ស្រស់​ត្រកាល​នៅ​តាម​ដងផ្លូវ​នានា​ក្នុងក្រុង ក្នុង​ការ​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរ​ជាតិ -​អន្តរជាតិ អញ្ជើញ​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ព្រះរាជពិធី​បុណ្យអុំទូក​នេះ នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ ក្នុង​ឱកាស​បុណ្យអុំទូក​ប្រពៃណី​ជាតិ ដែល​មានព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម លោកតា​ដំបង​ដែក លោកយាយ​ទេព លោកតា​រាជ និង​បារមី​ព្រះ​អង្គ​ធំ​ខ្នងភ្នំ​គូលែន ព្រមទាំង​បារមី​ព្រះ​អង្គ​ដែល​គង់​ថែរក្សា​នៅ​តាម​ប្រាង្គ​ប្រាសាទ​នានា តាម​ជួយ​ថែរក្សា​ការពារ​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​គ្រប់​ជាន់ថ្នាក់ ក្នុង​ការ​ដឹកនាំ​ប្រទេស​ឱ្យ​មានការ​អភិវឌ្ឍ​នៅ​គ្រប់​មូលដ្ឋាន និង​សូម​ឱ្យ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ដំណើរការ​ទៅ​ទទួល​បាន​ជោគជ័យ ។

ការ​រៀបចំ​ព្រឹត្តិ​កាណ៍​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ នឹង​ធ្វើការ​ទាក់ទាញ​អារម្មណ៍​ដល់​មហាជន ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ឱ្យ​កាន់តែ​បានយល់​ដឹង​អំពី​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប ។ ពិធី​ក្រុង​ពាលី​តាម បែប​ព្រហ្មញ្ញសាសនា ជា​ពិធី​សែនព្រេន​តាម​បែប​បុរាណ និង​តាម​ប្រពៃណី ទំនៀមទម្លាប់​ជំនឿ​សាសនា ។

ការ​រៀបចំ​ពិធី​បែប​នេះ គឺ​ដើម្បី​បួងសួង​សុំ​សេចក្តីសុខ សម្រាប់​ព្រឹត្តិការណ៍​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទាំងមូល​ផង និង​ដើម្បី​ជា​លំ​អាន​សម្រាប់​អនុ​ជន​ជំនាន់​ក្រោយ​ឱ្យ​បានដឹង បាន​យល់ បាន​ស្គាល់ និង​រួម​គ្នា​បន្ត​ថែរក្សា​មរតក​បុរាណ​មួយ​នេះ​ឱ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​បាន​ដំណើរការ​ទៅ​ចាប់ពី​ថ្ងៃ​ទី​២០ ដល់ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៦ ។ ក្រៅពី​ពិធី​ប្រណាំង​ទូកង ក៏​មានការ​ជិះទូក​កម្សាន្ត​តាម​ដងស្ទឹង មាន​ទូក​នាគ និង​ទូកផ្កាចារ​ផង​ដែរ ៕