រាជធានីភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា ព្រះមហាក្សត្រព្រះអង្គត្រូវគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ ដើម្បីពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពបន្ត ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២០ មេសា ឆ្នាំ២០២៦ ស្ថានភាពនៃព្រះរាជសុខភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានទទួលការព្យាបាលព្រះរោគដោយវះកាត់ពីក្រុមវេជ្ជបណ្ឌិតចំណានៗនៅមន្ទីរពេទ្យប៉េកាំង នៃសាធារណរដ្ឋប្រជា មានិតចិន នៅវេលាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានយាងចាកចេញពីបន្ទប់វះកាត់រួចហើយ នាថ្ងៃដដែល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីក្រុមវេជ្ជបណ្ឌិត នៅក្នុងមន្ទីរពេទ្យប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ។
ទន្ទឹមនេះដែរ ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យប៉េកាំង បានក្រាបបង្គំទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀត ក្រោយវះកាត់ដើម្បីពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាពបន្តនៅក្នុងមន្ទីរពេទ្យប៉េកាំង ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសូមថ្លែងអំណរព្រះគុណ និងអរគុណថ្វាយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេច ថ្នាក់ដឹកនាំកំពូលជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានថ្វាយព្រះពរ និងបួងសួងសូមឱ្យព្រះអង្គ បានឆាប់ជាសះស្បើយពីព្រះរោគ ៕
ចែករំលែកព័តមាននេះ