រាជធានីភ្នំពេញ ៖ មេជាងដែកម្នាក់បានផុងសង្ក័សីជ័រថ្លា ធ្លាក់ពីលើដំបូងឃ្លាំងសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈបណ្ដាលអោយបោកក្បាល ស្លាប់ទាំងព្រឹក ខណៈពេលដែលធ្វើដំណើរមកពីចូលឆ្នាំថ្មីវិញបន្តឡើងជួសជុលដំបូងឃ្លាំងក៏បានជួបគ្រោះអកុសល។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង០៧ និង៥១នាទី ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នៅចំណុចឃ្លាំងស្តុបទឹកផ្លែឈើដែលជាសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈ លេខ៥៥៥ ផ្លូវលេខ៣៦៩ ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលជួបគ្រោះថ្នាក់ខាងលើឈ្មោះ មិន.សុខឃាង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមេជាង មានទីលំនៅផ្ទះលេខ១៥០ ភូមិព្នៅ ឃុំព្នៅ១ ស្រុកស៊ីធកណ្តាល ខេត្តព្រៃវែង។
តាមព័ត៌មានបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ០៧ និង៣០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ជនរងគ្រោះរួមទាំងជាងដែក បាននាំគ្នាមកបន្ត ជួសជុលដំបូងឃ្លាំងសហគ្រាសខាងលើ ។ ខណៈពេលដែលកំពុងឡើងលើកដំបូល ស្រាប់តែមេជាងបានផុងសង្ក័សីជ័រសថ្លា បាក់ធ្លាក់ចុះមកក្រោមបោកក្បាលនឹងសាប បណ្ដាលអោយស្លាប់នៅនឹងកន្លែងតែម្ដង ។ ភ្លាមៗនោះម្ចាស់ឃ្លាំងក៏បានចាត់ចែងបញ្ជូនទៅសង្គ្រោះដែរ តែជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
តាមប្រភពពីស្ត្រីជាអ្នកមើលការខុសត្រូវ ឃ្លាំង បានអោយដឹងថា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ម្ចាស់ឃ្លាំងបានទំនាក់ទំនងជនរងគ្រោះ អោយមកជួសជុលដំបូលឃ្លាំង ។ក្រោយមកក៏បានឈប់សម្រាកនៅក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នេះ ក៍បានមកបន្តការងារជួសជុល ស្រាប់តែជួបគ្រោះអកុសលតែម្ដង ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ ម្ចាស់សហគ្រាសក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីទាក់ទងទៅនគរបាលជំនាញចុះទៅត្រួតពិនិត្យ។
តាមការត្រួតពិនិត្យសមត្ថកិច្ច ឃើញដំបូលសង្ក័សីជ័រសថ្លាមួយបានបាក់ធ្លាក់ចុះមកក្រោមជាប់នៅលើដំបូល ដែលដំបូលនោះមានកម្ពស់៦ម៉ែត្រពីសាប ។ បន្ទាប់ពីត្រួតពិនិត្យរួច លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយប៉ះទង្គិចក្បាលធ្ងន់ធ្ងរដោយផុងសង្ក័សីជ័រធ្លាក់ស្លាប់។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យប្រពន្ឋយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកព័តមាននេះ