រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៣ខែ នៃត្រីមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្រុមក្មេងទំនើងចំនួន ២៧៨ករណី ឃាត់ខ្លួនជនបង្កសរុប៩៧៤នាក់។ ចំនួននេះ បើធៀបនឹងរយៈពេល៣ខែដូចគ្នា កាលពីឆ្នាំ២០២៥ ថយចុះ ១៣ករណី ខណៈជនបង្កថយចុះ១១៥នាក់។ នេះបើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ។
បើតាមរបាយការណ៍ ក្នុងចំណោមក្មេងទំនើងជិត១ពាន់នាក់នោះ សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចំនួន ៥៤១នាក់។ ចំពោះជនបង្ក ៤៣៣នាក់ទៀត ត្រូវបានសមត្ថកិច្ចអនុវត្តវិធានការរដ្ឋបាល ដោយធ្វើកិច្ចសន្យាអប់រំណែនាំ និងអនុញ្ញាតឱ្យអាណាព្យាបាលធានាយកទៅអប់រំបន្តនៅផ្ទះ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែមេសា កន្លងទៅ បានណែនាំឱ្យស្ថាប័នពាក់ព័ន្ធ សិក្សាផ្លូវច្បាប់ដើម្បីបញ្ជូនក្រុមក្មេងទំនើង ដែលបង្កការអុកឡុកសង្គម ឱ្យទៅបម្រើការងារនៅសមរភូមិមុខ ដើម្បីឱ្យពួកគេដឹងថា ជីវិតកងទ័ព និងនគរបាលការពារព្រំដែន ដែលមួយចំនួនក៏ជាយុវជនដូចគ្នានោះ កំពុងធ្វើពលិកម្ម និងប្រឈមគ្រោះថ្នាក់អ្វីខ្លះ ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ ។
ដើម្បីធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ឱ្យអាជ្ញាធរ និងកម្លាំងនគរបាលជាតិ បន្តអនុវត្តវិធានការបង្ក្រាបក្រុមក្មេងទំនើង ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ណាមួយមកលើជនបង្កឡើយ ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសប ញ្ជាក់ថា រាល់សកម្មភាពក្មេងទំនើងដែលបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវ តែចាត់វិធានការច្បាប់ភ្លាមៗ និងគ្មានការលើ កលែង ដើម្បីរក្សាឱ្យបាននូវសន្តិសុ ខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស គឺការធានាឱ្យបាននូវប្រសិទ្ធ ភាពនៃគោលនយោបាយភូមិ-ឃុំ- សង្កាត់ មានសុវត្ថិភាព នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕







ចែករំលែកព័តមាននេះ