ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបអន​ឡាញ​ស្កេ​ម ​៤​ទីតាំង​ នៅ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ជនបរទេស ​៥៤​នាក់

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ទីតាំង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆរ បោក​តាម​ប្រពន្ធ​បច្ចេកវិទ្យា​ (អន​ឡាញ​ស្កេ​ម) ​ចំនួន​៤​ទីតាំង ​នៅ​ចំណុច​បុរី​មួយ​កន្លែង ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ ទីតាំង​លួចលាក់​ប្រព្រឹត្ត​បទល្មើស​ឆរ បោក​តាម​ប្រពន្ធ​បច្ចេកវិទ្យា​ (អន​ឡាញ​ស្កេ​ម) ​ចំនួន​៤​ទីតាំង ​នៅ​ចំណុច​បុរី​មួយ​កន្លែង ក្នុងភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ដោយ​ឃាត់ខ្លួន​ជនជាតិ​បរទេស​សរុប​ចំនួន ៥៤នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦​នេះ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​ផ្ទាល់​ក្រោម​ការ​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ដោយ​លោក​ឧត្តមសេនីយ៍ទោ ប៊ុ​ន សុ​សិក្ខា ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ និង​នាយការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​នាយ​កា​រិ​យ៉ា​ល័យ អន្តរាគមន៍ និង​តំរួត​បទបញ្ជា ដោយ​បានការ​សម្របសម្រួល​នីតិវិធី​ច្បាប់​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ក្នុង​កិច្ច​ប្រតិបត្តិការ បាន​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​ជនបរទេស​សរុប​ចំនួន ៥៤​នាក់។​ នៅ​ក្នុង​នោះ ចំនួន​៣៩ នាក់ (​ស្រី ០៤​នាក់​) មាន ០៣​សញ្ជាតិ (​ចិន​, ឡាវ និង​វៀតណាម​) ជា​មុខសញ្ញា​ប្រព្រឹត្ត Online Scams ​និង​ចំនួន ១៥​នាក់ ទាក់ទង​នឹង​ការ​រស់នៅ​ខុសច្បាប់ គ្មាន​លិខិតឆ្លងដែន ។

នៅ​ក្នុង​ប្រតិបត្តិការ​នោះ​ដែរ​សមត្ថកិច្ចដកហូត សម្ភារៈ​ វត្ថុ​តាង រួមមាន ​៖ កុំព្យូទ័រ​លើ​តុ (All In One) ចំនួន ១៤​គ្រឿង​, កុំព្យូទ័រ​យួរដៃ​(LAPTOP) ចំនួន ០២​គ្រឿង និង​ទូរសព្ទ​ដៃ ចំនួន ៤១​គ្រឿង​ ។

បច្ចុប្បន្ន ជនសង្ស័យ​ និង​វត្ថុ​តាង​ ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ