ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​សហរដ្ឋ​អាម៉េរិក ប្ដេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​ស៊ីជម្រៅ

15 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យលោកស្រី Bridgette L. Walker ភារធារី​ស្តីទី នៃ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា និង​សហការី ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាបលា នៅ​វិមាន​សន្តិភាព ក្នុង​ឱកាស​ដែល​លោកស្រី​ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ ។

ក្នុង​ឱកាស​នៃ​ជំនួប​ លោកស្រី Walker បាន​សម្ដែង​នូវ​ក្ដី​សោមនស្ស​រីករាយ​ ដែល​បាន​មក​បំពេញបេសកកម្ម​ការទូត​ដោយ​ជោគជ័យ​នៅ​កម្ពុជា​។ លោកស្រី​បាន​កត់សម្គាល់​ឃើញ​ថា ប្រទេស​កម្ពុជា​ មានការ​រីក​ចម្រើន​លើ​វិស័យ​ជា​ច្រើន ហើយ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ក៏​មានកា​រវិ​វ​ឌ្ឍ​ប្រកបដោយ​ភាព​វិជ្ជមាន​ជា​បន្តបន្ទាប់ ដោយ​ក្នុង​នោះ​រួម​មាន មានការ​បញ្ជូន​ត្រឡប់​មក​វិញ​នូវ​វត្ថុ​បុរាណ​ខ្មែរ​ ការ​រៀបចំ​អបអរសាទរ​ខួប​លើក​ទី៧៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ និង​ការ​កើនឡើង​នៃ​ចំនួន​គណៈប្រតិភូ​រដ្ឋាភិបាល​ និង​សភា​សហរដ្ឋ​អាម៉េរិក មក​ទស្សនកិច្ច​នៅ​កម្ពុជា ជា​ពិសេស​គណៈប្រតិភូ​ នៃ​ក្រសួងការពារជាតិ និង​ការ​ចូល​ចត ​នៃ​នាវា​កងទ័ពជើងទឹក​សហរដ្ឋ​អាម៉េរិក នៅ​កម្ពុជា​។

លោកស្រី​បាន​បន្ថែម​ថា កម្ពុជា និង​សហរដ្ឋ​អាម៉េរិក កាលពី​ខែតុលា ឆ្នាំ​២០២៥ កន្លង​ទៅ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ស្ដី​ពី ពន្ធ​បដិការ សំដៅ​ពង្រឹង និង​ពង្រីក​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់តែ​រីក​ចម្រើន ។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​ធិ​បតី​បាន​អបអរសាទរ​លោកស្រី​ភារធារី​ស្តីទី ដែល​បាន​បញ្ចប់​បេសកកម្ម​ការទូត​ប្រកបដោយ​ជោគជ័យ នៅ​កម្ពុជា និង​ថ្លែងអំណរគុណ​លោកស្រី ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម ក្នុង​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋ​អា​មេ​រ៉េ​ក កាន់តែ​ជិត​ស្និទ្ធ និង​ស៊ីជម្រៅ ជា​ពិសេស​ក្នុង​ដំណាក់កាល​ដ៏​លំបាក​របស់​កម្ពុជា​។ សម្ដេច​ធិ​បតី​បាន​សម្ដែង ​នូវ​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព​ នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​គូសបញ្ជាក់​នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា ក្នុង​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាម៉េរិក​បន្ថែម​ទៀត​ ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​ធិ​បតី​បាន​ថ្លែងអំណរគុណ​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ​អាម៉េរិក ដែល​បាន​រួមចំណែក​ជួយ​សម្របសម្រួល​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា ​និង​ថៃ​, សេចក្តីថ្លែងការណ៍​រួម​ទីក្រុង​គួ​ឡា​ឡាំ​ពួ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​សេចក្ដី​ប្រកាស​រួម ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ​។

សម្ដេច​ធិ​បតី និង​លោកស្រី Walker ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​មួយ​ចំនួន​ទៀត រួម​ទាំង​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ សំដៅ​ទាក់ទាញ​វិនិយោគិន​សហរដ្ឋ​អាម៉េរិក ​មក​កម្ពុជា ​ឱ្យ​កាន់តែ​កើនឡើង​។
លោកស្រី​បាន​បន្ត​ថា វិនិយោគិន​សហរដ្ឋ​អាម៉េរិក មានការ​ចាប់អារម្មណ៍​ចំពោះ​ប្រទេស​កម្ពុជា​។ សម្ដេច​ធិ​បតី​ បាន​ជម្រាប​ជូន​ថា កម្ពុជា​បាន​និង​កំពុង​បន្ត​កែទម្រង់​ថែម​ទៀត ដើម្បី​បន្ត​បង្កើត​បរិយាកាស​វិនិយោគ​អំណោយផល និង​ទាក់ទាញ សំដៅ​ពង្រឹង​ភាព​ធន់ និង​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ