ប្រទេសជប៉ុន ៖ ការវេចខ្ចប់របស់ម៉ាកអាហារសម្រន់មួយចំនួន នៅក្នុងប្រទេសជប៉ុន កំពុងផ្លាស់ប្តូរបន្តិចម្តងៗពីកញ្ចប់ពណ៌ឆើតឆាយទៅជាពណ៌ស និងខ្មៅ បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ាបានរំខានដល់ការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតទឹកថ្នាំពណ៌បោះពុម្ព ។ នេះបើយោងតាមប្រភពពី AP, Global News, Japan Times និងប្រភពផ្សេងទៀតបានចេញផ្សាយ ។

ក្រុមហ៊ុន Calbee ដែលជាក្រុមហ៊ុនផលិតនំដំឡូងបន្ទះកញ្ចប់ដ៏ល្បីរបស់ប្រទេសជប៉ុន ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូបានប្រកាសថា ចាប់ពីថ្ងៃទី២៥ ខែឧសភា តទៅ ការវេចខ្ចប់ផលិតផលចំនួន១៤ប្រភេទរបស់ខ្លួន នឹងប្រើតែទឹកថ្នាំពណ៌ស និងខ្មៅប៉ុណ្ណោះ ដែលផ្ទុយពីកញ្ចប់នំដែលធ្លាប់តែមានពណ៌ឆើតឆាយ ដូចជាទឹកក្រូច ឬពណ៌លឿង រួមទាំងរូបតុក្កតាតំណាងក្រុមហ៊ុន។
ការអនុវត្តនេះ មានគោលបំណងសម្របខ្លួនទៅនឹងការប្រែប្រួលខ្សែសង្វាក់ផ្គត់ផ្គង់ ប៉ុន្តែក្រុមហ៊ុនបានបញ្ជាក់ហើយថា គុណភាពផលិតផល និងរសជាតិនំនៅខាងក្នុងនឹងនៅតែមិនមានការផ្លាស់ប្តូរឡើយ ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនទាន់បានកំណត់ថា ពេលណាខ្លួននឹងបញ្ចប់ការប្រើប្រាស់ការវេចខ្ចប់ពណ៌ស-ខ្មៅនោះទេ ។
ក្រៅពីក្រុមហ៊ុន Calbee ក្រុមហ៊ុនផលិតសាច់កែច្នៃ Itoham Yonekyu ក៏បានប្រកាសកាត់បន្ថយចំនួនពណ៌បោះពុម្ពលើកញ្ចប់ផលិតផលខ្លួនឱ្យមានភាពសាមញ្ញ ដើម្បីកាត់បន្ថយការចំណាយ ប៉ុន្តែក្រុមហ៊ុននឹងវាយតម្លៃផលប៉ះពាល់លើការលក់ជាមុនសិន ។ រីឯក្រុមហ៊ុន Mizkan ដែលផលិតអាហារប្រពៃណីជប៉ុន Natto បានផ្អាកការលក់ផលិតផលមួយចំនួន និងដំឡើងថ្លៃលើផលិតផលផ្សេងទៀត ដោយសារតែកង្វះស្នោ និងជ័រវិចខ្ចប់ និងការកើនឡើងថ្លៃដើមនៃផលិតផលគីមីឥន្ធ
នៈ ។
ក្រុមហ៊ុនជប៉ុនជាច្រើនបាននិងកំពុងព្យាយាមកាត់បន្ថយការចំណាយ និងទូទាត់សងសម្រាប់ការខ្វះខាត ដោយបង្កើតដំណោះស្រាយតាមរយៈច្នៃប្រឌិត និងការកាត់បន្ថយថ្លៃដើម ៕
ចែករំលែកព័តមាននេះ