សង្គ្រាមអ៉ីរ៉ង់ ៖ សហរដ្ឋអាមេរិកនិយាយថា បានវាយប្រហារបណ្ដាទីតាំងយោធាអ៉ីរ៉ង់ កាលពីថ្ងៃទី៧ ឧសភា បន្ទាប់ពីនាវាខ្លួនជាច្រើនគ្រឿងរងការវាយប្រហារ ក្នុងច្រកសមុទ្រហ័រមូស ។ ក្រុងតេហេរ៉ង់បានចោទប្រកាន់អាមេរិកថា រំលោភបំពានបទឈប់បាញ់គ្នា ដែលមានជាធរមានចាប់តាំងពីជិត១ខែមកហើយ ។

ការវាយប្រហារគ្នាទៅវិញទៅមកនេះ ធ្វើឲ្យផុយស្រួយដល់បទឈប់បាញ់គ្នា ដែលមានជាធរមានពីថ្ងៃទី៨ មេសា មក ពេលដែលក្រុងវ៉ាស៊ីនតោនរង់ចាំចម្លើយរបស់ក្រុងតេហេរ៉ង់ ចំពោះះសំណើចុងក្រោយរបស់ខ្លួន ដើម្បីបញ្ចប់សង្គ្រាម ។ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ អំពាវនាវដល់អ៉ីរ៉ង់ ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដោយឆាប់រហ័ស ក្នុងសារមួយរបស់លោកតាមបណ្ដាញសង្គម TRUTH SOCIAL បើមិនដូច្នេះទេ នឹងរងការវាយប្រហារពិតណាស់ខ្លាំងក្លាបំផុតនាពេលខាងមុខ ។

តាមបណ្ដាញសង្គមXទីបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅមជ្ឈឹមបូព៌ាសរសេរថា កងទ័ពអាមេរិកបានស្ទាក់ការវាយប្រហារនានារបស់អ៉ីរ៉ង់ និងតបតវិញជាមួយការវាយប្រហារការពារខ្លួន បន្ទាប់ពីនាវាពិឃាដបាញ់មីស៊ីល៣គ្រឿងរងការវាយប្រហារ ពេលបើកឆ្លងកាត់ច្រកសមុទ្រហ័រមូស ឆ្ពោះទៅកាន់ឈូងសមុទ្រអូម៉ង់ ដោយមីស៊ីល ដ្រូន និងបណ្ដានាវាមូស (នាវាតូចៗ) របស់អ៉ីរ៉ង់ ។ ទីបញ្ជាការដ្ឋាននោះបន្តថា កងទ័ពយើងបានតបតដោយកម្ទេចការគំរាមកំហែង និងវាយប្រហារលើបណ្ដាទីតាំងយោធាអ៉ីរ៉ង់ជាអ្នកទទួលខុសត្រូវលើការវាយប្រហារ ប្រឆាំងកងទ័ពអាមេរិក ក្នុងនោះមានបណ្ដាទីតាំងបាញ់មីស៊ីល និងបញ្ចេញដ្រូន បណ្ដាមជ្ឈមណ្ឌលទីបញ្ជាការ និងត្រួតពិនិត្យ ព្រមទាំងបណ្ដាមូលដ្ឋានស៊ើបការណ៍ និងត្រួតពិនិត្យ។

ក្នុងសេចក្ដីប្រកាសមួយផ្សាយតាមទូរទស្សន៍រដ្ឋ ទីបញ្ជាការដ្ឋានយោធាអ៉ីរ៉ង់បានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា រំលោភបំពានបទឈប់បាញ់គ្នា ដោយតម្រង់គោលដៅវាយប្រហារ លើនាវាដឹកប្រេងអ៉ីរ៉ង់មួយគ្រឿង ដែលចាកចេញពីឆ្នេរសមុទ្រអ៉ីរ៉ង់ ព្រមទាំងនាវាមួយគ្រឿងទៀត។ សេចក្ដីប្រកាសបន្តថា ភ្លាមៗយើងបានតបតវិញ ដោយវាយប្រហារលើបណ្ដានាវាយោធាអាមេរិក បណ្ដាលឲ្យនាវាទាំងនោះរងការខូចខាតជាដំណំ ។

មុននេះបន្តិចទូរទស្សន៍អ៉ីរ៉ង់រាយការណ៍ថា ស្នូរផ្ទុះនានាលាន់់ឮក្នុងកំពង់ផែមួយនៃកោះQESHM ស្ថិតក្នុងច្រកសមុទ្រហ័រមូស ។ កាលពីថ្ងៃទី៥ ឧសភា ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំប្រកាស ផ្អាកប្រតិបត្តិការអមការពារបណ្ដានាវាឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលប្រតិបត្តិការនោះមានឈ្មោះថា គម្រោងសេរីភាព ទុកពេលរង់ចាំមើលកិច្ច ព្រមព្រៀងអាចត្រូវបង្ហើយនិងចុះហត្ថលេខាជាមួយអ៉ីរ៉ង់។ លោកត្រាំចាត់ទុកការចរចាថាកំពុងមានការរីកចម្រើនធំៗ។
ក្នុងច្រកសមុទ្រហ័រមូសបើតាមអង្គការសមុទ្រអន្តរជាតិOMI ជាទីភ្នាក់ងារមួយរបស់អ.ស.បថា នៅច្រកសមុទ្រហ័រមូសមាននាវាជាប់គាំងដល់ទៅ១៥០០គ្រឿង ជាមួយនាវិកសរុបប្រមាណ២០.០០០នាក់ ។ ចំណែកក្រុងវ៉ាស៊ីនតោនវិញ នៅរក្សាការហ៊ុមព័ទ្ធកំពង់ផែអ៉ីរ៉ង់ ដែលមានចាប់តាំងពីថ្ងៃទី១៣ មេសា មក។
ចំណែកនៅលីបង់វិញ ទោះជាមានបទឈប់បាញ់គ្នា ការប្រយុទ្ធគ្នានៅបន្ត ។ ការវាយប្រហារនានារបស់អ៉ីស្រាអែលបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១២នាក់ កាលពីថ្ងៃទី៧ឧសភានៅភាគខាងត្បូងប្រទេស។ រីឯក្រុមហេសប៊ុលឡាហ៍លីបង់ដែលអូសទាញលីបង់ឲ្យធ្លាក់ក្នុងសង្គ្រាមពីថ្ងៃទី២
មីនា មក ជាការជួយទ្រទ្រង់ដល់អ៉ីរ៉ង់ អះអាងពីការវាយប្រហាររបស់ពួកគេ ប្រឆាំងកងទ័ពអ៉ីស្រាអែលដែលកាន់កាប់បណ្ដាតំបន់នៅភាកខាងត្បូងប្រទេស ៕
ចែករំលែកព័តមាននេះ