រាជធានីភ្នំពេញ ៖ អគ្គនាយកអង្គភាពស៊ីម៉ាក់ បានឱ្យដឹងថា ក្រោយបានអានសៀវភៅស្រាវជ្រាវចងក្រងប្រវត្តិរឿងរ៉ាវការទម្លាក់គ្រាប់បែកពីយន្តហោះ ក្នុងសង្គ្រាមសៀមឈ្លានពាន ទម្លាក់កម្ទេច “ស្ពានជ័យជន្នះ” អ្នកខ្លះហៅថា “ស្ពានមេទឹក” ដោយគ្រាប់បែកប្រភេទ MK-82 ចំនួន៧គ្រាប់ ដែលក្នុងមួយគ្រាប់ៗមានទម្ងន់ប្រមាណ២៣០គីឡូក្រាម ដោយហោះហើរទម្លាក់ចំនួន២លើក ។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងថា តាមការរៀបរាប់ថា ការកសាងស្ពាននៅចំណុចនេះដំបូងនៅឆ្នាំ១៩៨៤ ដឹកនាំកសាងផ្ទាល់ដោយ ប៉ុល ពត នឹងបានដាក់ឈ្មោះស្ពាននេះថា “សា្ពនប្តេជ្ញាឈ្នះ” នៅយុទ្ធនាការរដូវប្រាំងឆ្នាំ១៩៨៥ កងទ័ពរដ្ឋាភិបាលប្រជាមានិតកម្ពុជា បានវាយដណ្តើមជ័យជន្នះនៅទីតាំងនេះ និងបានកសាងស្ពានដែកជាថ្មី ដោយប្រសិទ្ធនាមថា “ស្ពានជ័យជន្នះ” រហូតមកដល់បច្ចុប្បន្ន និងមានអ្នកខ្លះហៅថា “ស្ពានមេទឹក” ! ។
លោក បន្តថា សមិទ្ធផលជាប្រវត្តិសាស្ត្រ នៃស្ពាននិងផ្លូវថ្មី នៅតំបន់នេះ ត្រូវបានរាជរដ្ឋាភិបាលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០២០ ជាកិច្ចប្រតិបត្តិការដ៍ថ្លៃថ្លាជាមួយរដ្ឋាភិបាលចិន ។
លោកលើកឡើងថា ពេលបានអានរឿងរ៉ាវសោកដនាកម្ម នៃការទម្លាក់គ្រាប់បែកបំផ្លាញ “ស្ពានជ័យជន្នះ” ដែលបានកើតឡើងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នោះ ខ្ញុំពិតជាចាប់អារម្មណ៍យ៉ាងខ្លាំងលើវិចារណកថាសង្ខេបខ្លីរបស់ក្រុមស្រាវជ្រាវ ដែលមានខ្លឹមសារដូចខាងក្រោម ៖ “នៅក្រោមចរន្តទឹកហូរកាត់ពីលើបំណែកបាក់បែក ដោយសារគ្រាប់បែករបស់ខ្មាំង! ស្ពានមេទឹក កំពុងឈរយ៉ាងស្ងៀមស្ងាត់ក្នុងនាមជា «សាក្សី» នៃសោកវិនាសកម្ម ដែលមិនអាចបំភ្លេចបាន។ ការទម្លាក់គ្រាប់បែកកម្ទេចស្ពានពីសំណាក់ចោរសៀមឈ្លានពាននេះ មិនត្រឹមតែជាការកាត់ផ្តាច់រូបវន្ត នៃផ្លូវគមនាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការកាត់ផ្តាច់ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស និងការបំផ្លាញសេចក្តីសុខសាន្ត នៃមាតុភូមិជាទីស្រលាញ់របស់យើង។ បំណែកដែក និងសសរស្ពានមេទឹក ដែលបាក់បែកនៅក្នុងឃុំថ្មដា ពុំមែនគ្រាន់តែជាកម្ទេចបេតុង ដែលរលត់ចោលទៅក្នុងអតីតកាលដោយទទេៗនោះឡើយ ប៉ុន្តែវាគឺជាសាក្សីរស់ នៃប្រវត្តិសាស្ត្រដ៏សែនឈឺចុកចាប់ និងជាស្នាមរបួស ដែលបន្សល់ទុកពីអណ្តាតភ្លើង នៃសង្គ្រាមឈ្លានពានដ៏យង់ឃ្នងមួយ។ ឯកសារនេះ សម្រាប់ទុកជាភស្តុតាង ដើម្បីរំលឹកនូវការលះបង់ និងការឆ្លងកាត់វេលាដ៏លំបាកលំបិនរបស់សង្គមជាតិយើង ព្រមទាំងទុកជាមេរៀនដល់យុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់អំពីតម្លៃ នៃ«សន្តិភាព»! ៕











ចែករំលែកព័តមាននេះ