ខេត្តព្រះវិហារ ៖ វិស័យទេសចរណ៍បែបធម្មជាតិ និងការដើរទស្សនាសត្វបក្សី (Birdwatching) នៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំត្បែងមានជ័យ» កំពុងបង្ហាញសក្តានុពលកាន់តែខ្លាំង បន្ទាប់ពីមានការកត់ត្រាពីសកម្មភាពរស់នៅ និងការបន្តពូជយ៉ាងសុខសាន្តរបស់សត្វ «ចាបសួគ៌ខៀវ» នៅក្នុងភូមិសាស្ត្រសហគមន៍ការពារធម្មជាតិតាំងយូរ ។
ការប្រទះឃើញសកម្មភាពបង្កើតសម្បុក និងក្រាបថែទាំពងកូនរបស់បក្សីសម្បុរខៀវស្រស់ទាក់ភ្នែកនេះ បានក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកជំនាញជីវៈចម្រុះ និងជាចំណុចទាក់ទាញថ្មីមួយសម្រាប់អ្នកថតរូបសត្វព្រៃ ។
ជម្រកមានសុវត្ថិភាព នៃជីវៈចម្រុះតំបន់ជុំវិញវត្តតាំងយូរ ដែលស្ថិតក្នុងសហគមន៍ការពារធម្មជាតិតាំងយូរ បានប្រែប្លាយជាទ្រនំដ៏កក់ក្តៅសម្រាប់សត្វស្លាប ដោយសារតែប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ ត្រូវបានរក្សាការពារយ៉ាងដិតដល់។ អ្នកជំនាញផ្នែកបរិស្ថានបានកត់សម្គាល់ថា វត្តមានរបស់សត្វចាបសួគ៌ខៀវ ដែលកំពុងលូតលាស់ និងបង្កើតកូនចៅនៅទីនេះ គឺជាសូចនាករ វាស់វែងពីភាពសម្បូរបែប នៃសត្វល្អិត និងសុខភាពដ៏ល្អប្រសើរនៃព្រៃឈើពាក់កណ្តាលស្រោងក្នុងតំបន់បេតិកភណ្ឌនេះ ។
ចាបសួគ៌ខៀវ បក្សីប្រភេទនេះ មានលក្ខណៈពិសេសជាច្រើនដែលទាក់ទាញអ្នកស្រាវជ្រាវ សត្វដែលជួបប្រទះភាគច្រើនមានទំហំតូចល្មម ចន្លោះពី ១៦-១៧.៥ សង់ទីម៉ែត្រ។ លក្ខណៈប្លែកគ្នារវាងភេទ គឺងាយស្រួលចំណាំ ដោយសត្វឈ្មោលមានពណ៌ខៀវឆើត មានអុជខ្មៅនៅលើក្បាល និងវ័ណ្ឌក ខណៈសត្វញីមានពណ៌ស្រទន់ជាង និងមានខ្នងពណ៌ត្នោត។ នៅក្នុងវដ្ត នៃការបន្តពូជ ចាបសួគ៌ខៀវ ចន្លោះខែឧសភាដល់សីហា។ ពួកវាបង្កើតសម្បុក ដែលមានរាងដូចពែង ដោយប្រើបច្ចេកទេសចងក្រងមែកឈើតូចៗ និងស្លែ បន្សាបភ្ជាប់គ្នាដោយ សរសៃសូត្រពីងពាង ដើម្បីធានាបាននូវភាពស្វិត អាចទប់ទល់នឹងខ្យល់ភ្លៀងបានយ៉ាងល្អ។ ខុសពីបក្សីមួយចំនួន ចាបសួគ៌ខៀវមានទម្លាប់រួមសុខរួមទុក្ខ ដោយទាំងសត្វញីនិងសត្វឈ្មោល តែងតែផ្លាស់ប្តូរវេនគ្នាក្រាបកំដៅពង (ចំនួន ៣-៤ គ្រាប់) និងរួមគ្នាចេញរកចំណីមកចិញ្ចឹមកូន ។
យោងតាមនិន្នាការទេសចរណ៍បច្ចុប្បន្ន ក្រុមអ្នកថតរូប និងអ្នកនិយមទស្សនាសត្វស្លាបគឺជាប្រភពចំណូលដ៏សំខាន់ និងមានគុណភាពសម្រាប់សហគមន៍។ ការចូលរួមរបស់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការបញ្ឈប់ការបរបាញ់ និងការការពារទីជម្រកធម្មជាតិ មិនត្រឹមតែជួយសង្គ្រោះសត្វព្រៃនោះទេ ប៉ុន្តែវាកំពុងហុចផ្លែផ្កាមកវិញតាមរយៈការបង្កើតសេវាកម្មនាំផ្លូវ. ការផ្តល់កន្លែងស្នាក់នៅ និងសេវាកម្មម្ហូបអាហារដល់ភ្ញៀវទេសចរ ។
ភាពជោគជ័យក្នុងការអភិរក្សនៅជើងភ្នំត្បែងមានជ័យនេះ បានបង្ហាញឱ្យឃើញថា ធនធានធម្មជាតិ និងសត្វព្រៃអាចក្លាយជាទ្រព្យសម្បត្តិមិនចេះរីងស្ងួត ប្រសិនបើសហគមន៍ និងអាជ្ញាធរពាក់ព័ន្ធនៅតែបន្តចាប់ដៃគ្នាយ៉ាងរឹងមាំដូចពេលបច្ចុប្បន្ន ៕




ចែករំលែកព័តមាននេះ