ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរៀនពីរលកកម្ដៅនៅអឺរ៉ុប៖ កម្ពុជាត្រូវតែត្រៀមខ្លួនជាមុនដើម្បីឆ្លើយតបនឹងបាតុភូតនេះ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​ដែល​បណ្តា​ប្រទេស​ភាគច្រើន​នៅ​តំបន់​អឺរ៉ុប កំពុង​ជួប​ប្រទះនឹង​​រលក​កម្ដៅ​យ៉ាង​ខ្លាំង ក្នុង​នោះ ​ប្រទេស​មួយ​ចំនួន​ដូច​ជា បារាំង អង់គ្លេស និង​ប្រទេស​​ដទៃ​ទៀត កំពុង​រង​ការ​គំរាមកំហែង​ពី​សីតុណ្ហភាព​ខ្ពស់​បំផុត ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ត្រូវ​បាន​រំឭក​ឡើង​វិញ​ម្តងទៀត​ថា ការ​ប្រែប្រួល​អាកាសធាតុ​លែង​ជា​ក្តី​បារម្ភ​ដ៏​ឆ្ងាយ​ហួស​ពី​ដៃ​ទៀត​ហើយ ប៉ុន្តែ​វា​ជា​តថភាព​ជាក់ស្តែង​នា​ពេល​បច្ចុប្បន្ន ។ រលក​កម្ដៅ​កំពុង​កើតឡើង​កាន់តែ​ញឹកញាប់ មាន​រយៈពេល​កាន់តែ​វែង និង​កំពុង​ជះ​ឥទ្ធិពល​ដល់​តំបន់​ដែល​ធ្លាប់តែ​មាន​រដូវក្តៅ​ល្មម ។

កម្ពុ​ជា ប្រហែលជា​មិន​មាន​លក្ខខណ្ឌ​អាកាសធាតុ​ដូច​អឺរ៉ុប​នោះ​ទេ ប៉ុន្តែ​យើង​មិន​គួរ​ទាញ​ស​ន្និ​ដ្ឋា​ន​ថា យើង​អាច​គេច​ផុត​ពី​បញ្ហា​នេះ​បាន​ឡើយ ។ រលក​កម្ដៅ​​នា​ពេល​បច្ចុប្បន្ន​នេះ គួរតែ​ដើរតួ​ជា​ការ​ព្រមាន​ទុកជា​មុន ។ វា​ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ថា បាតុភូត El iño នា​ពេល​ខាង​មុខ អាច​នឹងនាំ​មក​នូវ​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយពេល កម្ដៅខ្លាំង ការ​ខ្វះខាត​ទឹក ភ្លើង​ឆេះ​ព្រៃ ទិន្នផល​កសិកម្មធ្លាក់​ចុះ និង​ហានិភ័យ​សុខភាព​កាន់តែ​ខ្លាំង​ដល់​ប្រជា​​ជន​របស់​យើង ។

ជំនួស​ឱ្យ​ការ​រង់ចាំ​រហូតដល់​ផល​ប៉ះពាល់​ទាំងនោះ​មក​ដល់ កម្ពុជា​គួរតែ​ចាប់ផ្តើម​ត្រៀមលក្ខណៈ​តាំងពី​ពេល​នេះ​តទៅ ។ ក្នុង​រយៈពេល​ចំពោះ​មុខ គ្រប់​ក្រុម​គ្រួសារ​ គួរតែ​រៀន​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ ។ អាងស្តុក​ទឹក ស្រះ​ទឹក និង​ប្រព័ន្ធ​ធារាសាស្ត្រ គួរតែ​ត្រូវ​បាន​ពិនិត្យ និង​ជួសជុល​ឡើង​វិញ​នៅ​កន្លែង​ណា​ដែល​ចាំបាច់ ។ កសិករ​គួរតែ​ទទួល​បានការ​ណែនាំ​អំពី​ដំណាំ​ធន់​នឹង​គ្រោះ​រាំង​ស្ងួត និង​វិធីសាស្ត្រ​ស្រោចស្រព​ដែល​មាន​ប្រសិទ្ធភាព ។

វិធានការ​បង្ការ​ភ្លើង​ឆេះ​ព្រៃ​ត្រូវ​តែ​ពង្រឹង ហើយ​សហគម​ន៍​ត្រូវ​តែ​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ឆ្លើយ​តប​ឱ្យ​បាន​ទាន់​ពេលវេលា​ចំពោះ​ការ​ផ្ទុះ​ឡើង​នៃគ្រោះ​អគ្គិភ័យ ។ សាលារៀន មន្ទីរពេទ្យ និង​កន្លែងធ្វើការ គួរតែ​ត្រូវ​បាន​បំពាក់​ដោយ​ផែនការ​ការពារ​មនុស្ស​ពី​រលក​កម្ដៅ​ខ្លាំង ជា​ពិសេស​កុមារ មនុស្ស​ចាស់ និង​អ្នក​ដែល​ត្រូវធ្វើ​ការងារ​នៅ​ទីវាល​ខាងក្រៅ ។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ គួរតែ​សហការ​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​ដុត​បំផ្លាញ​ដែល​មិន​ចាំបាច់ អភិរក្ស​ព្រៃឈើ និង​ការពារ​ប្រភព​ទឹក ដែល​ជា​កន្លែង​​ស្តុក​ទឹក​ដោយ​ធម្មជាតិ​ក្នុង​រដូវវស្សា ។ ដើមឈើ​នីមួយ​ៗ​ដែល​ត្រូវ​បានការ​ពារ​នា​ថ្ងៃនេះ គឺជា​ប្រភពនៃ​ម្លប់ សំណើម និង​ភាព​ធន់​សម្រាប់​ថ្ងៃស្អែក ។

ក្រឡេក​មើលទៅ​ហួស​ពី​បាតុភូត El Niño នា​ពេល​ខាង​មុខ កម្ពុជា​ត្រូវ​តែ​ស្ថាបនា​ភាព​ធន់​នឹង​អាកាសធាតុ​ក្នុង​រយៈពេល​វែង ។ នេះ​មាន​ន័យថា ត្រូវ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស្តុក​ទឹក ប្រព័ន្ធ​ស្រោចស្រព​ទំនើប ថាមពល​កកើត​ឡើង​វិញ កសិកម្ម​ឆ្លាត​វៃ អាកាសធាតុ តំបន់​បៃតង​ក្នុង​ទីក្រុង និង​ប្រព័ន្ធ​ព្រមាន​ជា​មុន​ឱ្យ​កាន់តែ​រឹង​មាំ ។ ការ​ការ​ពារ​ព្រៃឈើ ការ​ស្តារ​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​រង​ការ​ខូចខាត និង​ការ​ពង្រឹង​ការ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ នឹង​ជួយ​លើកកម្ពស់​ជីវភាព​សហគមន៍ ដែល​មិន​ត្រឹមតែ​ជា​គោលដៅ​បរិស្ថាន ប៉ុន្តែ​វា​គឺជា​ការ​ពង្រឹង​ដល់​មូលដ្ឋា​ន​សម្រាប់​សន្តិសុខ​ជាតិ សន្តិសុខ​ស្បៀង និង​សុខភាព​សាធារណៈ ។

ការ​អប់រំ​ក៏​មាន​សារសំខាន់​ដូច​គ្នា​ដែរ ។ ចំណេះ​ដឹង​ផ្នែក​អាកាសធាតុ​(Climate literacy)គួរតែ​រាប់​បញ្ចូល​ទៅ​ក្នុង​ដំណើរការ​សិក្សា​របស់សិស្ស​គ្រប់​រូប ដើម្បី​ឱ្យ​មនុស្ស​ជំនាន់​ក្រោយ​យល់ដឹង​ទាំង​អំពី​ហានិភ័យ និង​ដំណោះស្រាយ​នៃ​ការប្រែប្រួល​អាកាសធាតុ ។ ការ​ត្រៀមលក្ខណៈ​សម្រាប់​ការ​ប្រែប្រួល​អាកាសធាតុ មិនមែន​ជា

ការ​ទទួលខុសត្រូវ​របស់​រាជរដ្ឋាភិបាល​តែ​ម្នាក់ឯង​នោះ​ទេ តែ​វា​ជា​ការ​ទទួលខុសត្រូវ​របស់​ប្រជា​ពលរដ្ឋ​គ្រប់​ៗ​រូប ។ បណ្តា​ប្រទេស​ដែល​កំពុង​ជួប​ការ​លំបាក ក្រោម​ឥទ្ធិពល​នៃ​កម្ដៅ​ខ្លាំង​នា​ពេល​នេះ បាន​រំឭក​យើង​ថា គ្មាន​ប្រទេស​ណាមួយ​អាច​គេច​ផុត​ពី​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ឡើយ ។ យើង​មានឱកាស​រៀនសូត្រ​ពី​បទ​ពិសោធ​ន៍របស់​ពួក​គេ ជំនួស​ឱ្យ​ការ​ដើរ​ជាន់​ដាន​ចាស់ ។ ការ​ចំណាយ​លើ​ការ​ត្រៀមលក្ខណៈ គឺ​តិច​ជាង​ការ​ចំណាយ​លើការ​ស្តារ​ឡើង​វិញ​ឆ្ងាយ​ណាស់ ។ យើង​មិន​អាច​សួរ​ថា តើ​បាតុភូត El Niño នឹង​មក​ដល់​ឬ​អត់​នោះ​ទេ ។ វា​ច្បាស់​ជា​មក​ដល់ ​។ ប៉ុន្តែ សំណួរ​ពិតប្រាកដ​ គឺថា តើ​កម្ពុជា​នឹង​ប្រឈមមុខ​នឹង​វា និង​មាន​វិធានការ​ត្រៀមខ្លួន​រួចរាល់ ឬ​គ្មាន​ការ​ត្រៀមលក្ខណៈ​នៅឡើយ ?

ការ​សម្រេចចិត្ត​របស់​យើង​នា​ថ្ងៃនេះ នឹង​កំណត់​ថា តើ​មនុស្ស​ជំនាន់​ក្រោយ​នឹង​ទទួល​បាន នូវ​ប្រទេស​មួយ​ដែល​មាន​ភាព​ធន់ វិបុលភាព និង​បៃតង ឬ​ក៏​ជា​ប្រទេស​មួយ​ដែល​ត្រូវ​ចំណាយពេល​ទាំងអស់ ដើម្បី​ស្តារ​ឡើង​វិញ​ពីគ្រោះ​មហន្តរាយ ដែល​គួរតែ​អាច​បង្ការ​បាន​តាំងពី​ដំបូង ៕