ទីក្រុងហ្សាកាតា៖ រដ្ឋអាជ្ញានៅប្រទេសឥណ្ឌូណេស៊ីស្នើសុំឱ្យអង្គជំនុំជម្រះកាត់ទោសឱ្យជាប់ពន្ធនាគារចាប់ពី៥ឆ្នាំដល់១០ឆ្នាំចំពោះសមាជិកក្រុមរកស៊ីខុសច្បាប់ដែលលក់ទារកតូចៗក្រោមរូបភាពជាការស្មុំកូនយកទៅចិញ្ចឹម (adoption) សម្រាប់គូស្វាមី-ភរិយានៅប្រទេសឥណ្ឌូណេស៊ី និងសិង្ហបុរី។ ស្ត្រី១៨នាក់ និងបុរសម្នាក់ត្រូវសមត្ថកិច្ចនាំខ្លួនឡើងតុលាការទីក្រុងបានឌុង (Bandung) ពាក់ព័ន្ធនឹងបទចោទប្រកាន់ថាពួកគេបានលក់ទារកចំនួន៣៤នាក់ចន្លោះពីឆ្នាំ២០២២ដល់ឆ្នាំ២០២៥។ ទារកខ្លះត្រូវគេជួញដូរដល់ប្រទេសសិង្ហបុរី និងលក់តម្លៃម៉ឺនដុល្លារក្នុងម្នាក់ៗ។

រដ្ឋអាជ្ញាស្នើសុំដាក់ទោសអតិបរមា១០ឆ្នាំចំពោះជនជាប់ចោទ៥នាក់។ ក្នុងនោះមានស្ត្រីម្នាក់ឈ្មោះលីស៊ីវលួន ហៅក្រៅលីលី។ រដ្ឋអាជ្ញាជឿជាក់ថាស្ត្រីរូបនេះជាមេគំនិតធំជាងគេនៅក្នុងការបង្កើតក្រុមបណ្ដាញឧក្រិដ្ឋជនជួញដូរមនុស្ស។ ជនជាប់ចោទម្នាក់ទៀតដែលរដ្ឋអាជ្ញាស្នើសុំឱ្យអង្គជំនុំជម្រះកាត់ទោសឱ្យជាប់គុក១០ឆ្នាំដែរនោះឈ្មោះអាសស្ទ្រី ហ្វ៊ីទ្រីនីកា ជាអ្នកដើរទាក់ទងទិញទារកនៅតាមស្រុកភូមិនានា។ រដ្ឋអាជ្ញាថ្លែងថាទង្វើរបស់ជនជាប់ចោទទាំងនេះបានបង្កការរំខានចិត្តយ៉ាងខ្លាំងសម្រាប់សាធារណមតិ ហើយក៏ផ្ទុយពីបទបញ្ញត្តិរបស់សាសនាផង និងក្រមសីលធម៌របស់សង្គមជាតិផងដែរ។
រដ្ឋអាជ្ញាបានបកស្រាយមូលហេតុដែលខ្លួនមិនស្នើសុំឱ្យដាក់ទោសជនជាប់ចោទ៥នាក់ទៀតឱ្យជាប់ពន្ធនាគារ១០ឆ្នាំដូចអ្នកប៉ុន្មាននាក់ខាងលើនោះដែរ។ រដ្ឋអាជ្ញាថាដោយសារអ្នកទាំងនោះចូលរួមសហការយ៉ាងល្អនៅក្នុងការស៊ើបអង្កេត និងការកាត់ទោស។ ទន្ទឹមនឹងនោះ មនុស្ស១៤នាក់ទៀតដែលជាប់ចោទពីបទក្លែងធ្វើជាឪពុកម្ដាយរបស់ទារក និងជាអ្នកមើលថែទាំទារកត្រូវរដ្ឋអាជ្ញាស្នើទៅអង្គជំនុំជម្រះឱ្យកាត់ទោសពួកគេដាក់ពន្ធនាគារ៥ឆ្នាំព្រោះពួកគេមិនសូវមានចំណែកសំខាន់នៅក្នុងរឿងនេះទេ។

យោងតាមសំណុំឯកសាររបស់តុលាការដែលដកស្រង់ពីចម្លើយសារភាពរបស់ស្ត្រីឈ្មោះលីលី ស្ត្រីរូបនេះអះអាងថាខ្លួនជួញដូរទារក១២នាក់ពីប្រទេសឥណ្ឌូណេស៊ីទៅសិង្ហបុរី ដោយទារកម្នាក់ៗលក់បានលុយចន្លោះពី១៧០០០ ទៅ២១៦០០ដុល្លារសិង្ហបុរី (១៣១០០ ទៅ១៦៦៨៤ដុល្លារអាមេរិក)។ ស្ត្រីរូបនេះសារភាពបន្តទៀតថាបុរសម្នាក់ឈ្មោះចនបានទាក់ទងនាងកាលពីចុងឆ្នាំ២០២២ដោយប្រាប់ថាមានប្ដីប្រពន្ធមួយគូនៅសិង្ហបុរីចង់បានកូនពីប្រទេសឥណ្ឌូណេស៊ីយកទៅចិញ្ចឹម។
ហេតុនេះ នាងក៏ស្វះស្វែងរកឱ្យ ហើយក៏ប្រទះឃើញប្ដីប្រពន្ធមួយគូរស់នៅខេត្តកាលីម៉ាន់តាន់ខាងលិចដែលមានជីវភាពតោកយ៉ាកខ្លាំងសឹងតែចិញ្ចឹមកូនមិនរស់។ លីលីប្រគល់លុយឱ្យពួកគេចំនួន៥៨លានរូពី (៣២០០ដុល្លារអាមេរិក) ដើម្បីបង់ថ្លៃពេទ្យ ហើយឱ្យពួកគេប្រគល់ទារកនោះទៅឱ្យនាង។ បុរសឈ្មោះចនក៏ប្រគល់លុយឱ្យលីលី១៧០០០ដុល្លារសិង្ហបុរី។ បន្ទាប់ពីទូទាត់ថ្លៃរត់ការផ្សេងៗចប់សព្វគ្រប់ លីលីនៅសល់លុយប្រហែលពីរបីពាន់ដុល្លារសិង្ហបុរី៕ ប្រភព៖ Channel News Asia

ចែករំលែកព័តមាននេះ