ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាមេរិក​មិន​ចាក​ចេញ​ពី​ណា​តូ​ទេ​,អាមេរិក​គ្រាន់​តែ​ចង់​ឱ្យ​សម្ព័ន្ធ​មិត្ត​ទទួល​ខុស​ត្រូវ​ខ្ពស់ជាង​មុនតែ​ប៉ុណ្ណោះ​

2 ម៉ោង មុន

ទី​ក្រុង​អង់​ការ៉ា៖ អង្គ​ការ​ណាតូ​កំពុង​កែ​សម្រួល​របៀប​ធ្វើ​ការ​របស់​ខ្លួន​ដើម្បី​សម្រប​សម្រួល​ទៅ​តាម​ស្ថាន​ការណ៍​ប្រែ​ប្រួល​ជាក់​ស្ដែង​នៃ​វិស័យ​សន្តិ​សុខ​ជាតិ។ អាមេរិក​នឹង​មិន​ចាក​ចេញ​ពី​​ណាតូ​​ទេ​។ ​ខាង​លើ​នេះ​ជា​ការ​អះ​អាង​របស់​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​តួក​គី លោក​យ៉ាសា​ ហ្គូឡឺ (Yasar Guler) ដែល​ផ្ដល់​បទ​សម្ភាស​ផ្ដាច់​មុខ​ឱ្យ​ទី​ភ្នាក់​ងារ​ព័ត៌​មាន​រ៉យ​ទ័រ​មុន​ពេល​មាន​កិច្ច​ប្រជុំ​កំពូល​អង្គ​ការ​ណាតូ​នៅ​ទី​ក្រុង​អង់​ការ៉ា​ ប្រទេស​តួក​គី នា​សប្ដាហ៍​ក្រោយ​ចាប់​ពី​ថ្ងៃ​ទី​៧​-៨​ ខែ​កក្កដា​។

ប្រទេស​តួក​គី​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​មេ​ដឹក​នាំ​នៃ​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ទាំង​៣២​ប្រទេស​ រួម​ទាំង​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស និង​អាស៊ី​-ប៉ាស៊ី​ហ្វិច​ថែម​ទៀត​​។ កិច្ច​ប្រជុំ​កំពូល​នេះ​រៀប​ចំ​ឡើង​ចំ​ពេល​ដែល​មាន​ភាព​តាន​តឹង​នៅ​ក្នុង​ចំណោម​អង្គ​ការ​ណាតូ​ខ្លួន​ឯង​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​វិភាគ​ទាន​ដើម្បី​ទ្រទ្រង់​ស្ថាប័ន​នេះ, ការ​ចំណាយ​លើ​វិស័យ​ការ​ពារ​ជាតិ​ និង​ការ​ដែល​អាមេរិក​មិន​ពេញ​ចិត្ត​នឹង​​ក្រុម​សម្ព័ន្ធ​មិត្ត​​ដែល​មិន​បាន​ចូល​រួម​ចំណែក​ជា​មួយ​ខ្លួន​ដើម្បី​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​។​

តប​ទៅ​នឹង​សំណួរ​ជា​លាយ​លក្ខណ៍​អក្សរ​របស់​អ្នក​សារ​ព័ត៌​មាន​ លោក​ហ្គូឡឺ​ថ្លែង​ថា​គម្រោង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ណាតូ​លើ​ក​នេះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ធ្វើ​យ៉ាង​ណា​ឱ្យ​ណាតូ​មាន​ឯក​ភាព​ផ្ទៃ​ក្នុង​, ការ​វាយ​តម្លៃ​ទៅ​លើ​ការ​បង្កើន​ខ្ទង់​ចំណាយ​របស់​សម្ព័ន្ធ​មិត្ត​, ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផលិត​គ្រឿង​បរិក្ខារ​យោធា និង​ការ​បង្កើន​ជំនួយ​សម្រាប់​អ៊ុយ​ក្រែន​។ លោក​ថ្លែង​បន្ថែម​ទៀត​ថា​រដ្ឋាភិបាល​តួក​គី​នឹង​ចូល​រួម​នៅ​ក្នុង​គំនិត​ផ្ដួច​ផ្ដើម​របស់​អឺរ៉ុប​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​ពារ​ជាតិ​។

លោក​ថា​អង្គការ​ណាតូ​នៅ​តែ​ជា​តួ​អង្គ​សំខាន់​គ្មាន​គូ​ប្រៀប និង​ជា​បាត​គ្រឹះ​សម្រាប់​វិស័យ​សន្តិ​សុខ​ និង​​ការ​ពារ​ជាតិ​​របស់​អឺរ៉ុប និង​តំបន់​ជាប់​មហា​សមុទ្រ​អាត្លង់​ទិច។ យើង​វាយ​តម្លៃ​​ថា​ដំណាក់​កាល​ដែល​យើង​ឆ្លង​កាត់​នោះ​មិន​មែន​​ជា​វិបត្តិ​ទេ​ ប៉ុន្តែ​ជា​​ការ​កែ​សម្រួល​ដើម្បីបត់​បែន​​ទៅ​តាម​ស្ថាន​ការណ៍​ផ្លាស់​ប្ដូរ​នៃ​សន្តិ​សុខ​។ លោក​ថា​អាមេរិក​គ្មាន​ការ​តាំង​ចិត្ត​ថា​នឹង​ដក​ខ្លួន​ចេញ​ពី​អង្គការ​ណាតូ​ទេ​។ គ្រាន់​តែ​ថា​អាមេរិក​ចង់​ឱ្យ​បណ្ដា​ប្រទេស​សម្ព័ន្ធ​មិត្ត​នៅ​ទ្វីប​អឺរ៉ុប​ និង​កាណាដាមាន​ចំណែក​ទទួល​​​​ខុស​ត្រូវ​​កាន់​តែ​ខ្ពស់​ជាង​មុន​ក្នុង​ការ​ការ​ពារ​សន្តិ​សុខ​នៅ​ទ្វីប​អឺរ៉ុប​៕ ប្រភព៖ Reuters​