បុរសម្នាក់ចាប់ប្អូនស្រីជីដូនមួយរំ.លោ.ភជាបន្តបន្ទាប់អស់រយៈជិតកន្លះឆ្នាំ ទើបម្ដាយនាងដឹងប្ដឹងសមត្ថកិច្ច
- បាត់ដំបង
ខេត្តបាត់ដំបង ៖ បុរសពោះម៉ាយម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីថ្ងៃទី២៩ មិថុនា ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធីក្នុងសំណុំរឿងពីបទ «រំលោភសេពសន្ថវៈ» លើប្អូនស្រីជីដូនមួយ ដែលនាងទើបមានអាយុជាង១៤ឆ្នាំ ។
របាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ នន ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុរសពោះម៉ាយ ។ រីឯក្មេងស្រីរងគ្រោះមានអាយុ១៤ឆ្នាំ០៧ខែ ត្រូវជាប្អូនស្រីជីដូនមួយរបស់ជនសង្ស័យ ។ យោងលើរបាយការណ៍ដដែល៖ បិសាចតណ្ហាម្នាក់នេះ ត្រូវកម្លាំងនគរបាលស្រុកមោងប្ញស្សី ចុះទៅឃាត់ខ្លួនភ្លាមៗដល់ផ្ទះ កាលពីថ្ងៃទី២៨ មិថុនា នៅប៉ុន្មានម៉ោង បន្ទាប់ពីម្ដាយក្មេងស្រីរងគ្រោះដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាល ។
ម្ដាយក្មេងស្រីរងគ្រោះបានប្ដឹងចោទប្រកាន់ជនឈ្មោះ នន ចាន់ (ត្រូវជាក្មួយ) នេះថា បានចាប់កូនស្រីគាត់បង្ខំរំលោភសេពសន្ថវៈ បានសម្រេចរហូតដល់ទៅ០៣ដងជាបន្តបន្ទាប់ ចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០២៥ ដល់អំឡុងខែមករា ឆ្នាំ២០២៦ ។ នេះបើតាមគាត់ស្រង់សម្ដីកូនស្រីគាត់ ដែលបាននិយាយប្រាប់គាត់ និងសមត្ថកិច្ច។ ម្ដាយជនរងគ្រោះ បានប្ដឹងទៅសមត្ថកិច្ចថា ជនឈ្មោះ នន ចាន់ បានចាប់បង្ខំកូនស្រីគាត់ នៅពេលគាត់ធ្វើចំណាកស្រុក ចេញទៅធ្វើកម្មកររោងចក្រនៅខេត្តស្វាយរៀង ។
គ្រានោះ គាត់បានផ្ញើកូនស្រីទុកឲ្យនៅជាមួយបងស្រីបង្កើត ដែលត្រូវជាម្ដាយជនសង្ស័យ ។ ដោយសារតែកូនស្រីស្នាក់នៅផ្ទះជាមួយគ្នាបែបនេះហើយ ទើបជនសង្ស័យដែលត្រូវជាក្មួយគាត់ផង មានឱកាសចាប់កូនស្រីគាត់រំលោភម្ដងហើយម្ដងទៀត រហូតនាងទ្រាំមិនបានក៏ទូរស័ព្ទប្រាប់គាត់ឲ្យគាត់ជួយ ។
នៅក្នុងសំណុំរឿងនេះ បើតាមប្រវត្តិរឿងអាស្រូវ ដែលនាងបានរៀបរាប់ប្រាប់ម្ដាយ និង សមត្ថកិច្ច៖ បងជីដូនមួយឈ្មោះ នន ចាន់ នេះ បានចាប់នាងរំលោភចំនួន០២លើកផ្ទូនៗនៅពេលយប់ជ្រៅ ក្នុងបន្ទប់ដេកលើផ្ទះដែលនៅជាប់គ្នាក្នុងអំឡុង ខែធ្នូ ឆ្នាំ២០២៥ ។ ហើយលើកទី៣ នៅក្នុងអំឡុងខែមករា ឆ្នាំ២០២៦ នៅវេលាទៀបភ្លឺ តែលើកចុងក្រោយនេះមិនបានសម្រេចទេ ដោយសារនាងដឹងខ្លួនមុន នាងបានរត់ចេញពីបន្ទប់ចុះមកក្រោមទាន់ ។
បន្ទាប់ពីកើតហេតុលើកចុងក្រោយ ដោយមានការភ័យខ្លាចពេក នាងបាននិយាយរឿងនេះ ប្រាប់អ៊ុំស្រី ដែលនាងស្នាក់នៅជាមួយ (បងម្ដាយនាង និងជាម្ដាយជនសង្ស័យ) តែអ៊ុំស្រីនាងបានត្រឹមហាមនាងកុំឲ្យមាត់ និងថា ចាំគាត់ហាមប្រាមកូនគាត់ ( ជនសង្ស័យ) កុំធ្វើបែបនេះទៀត ហើយថែមទាំងឲ្យនាងដេកជាមួយគាត់រហូត មិនឲ្យឡើងដេកលើផ្ទះទៀតទេ ។ ប៉ុន្តែជារៀងរហូតមកជិតកន្លះឆ្នាំទៅហើយ ឈ្មោះ នន ចាន់ ជាបងជីដូនមួយនេះមិនកែប្រែចរិកទេ។
ផ្ទុយទៅវិញ ជនតិរិច្ឆាននេះ នៅតែព្យាយាមតាមចាប់នាងដដែល ។ ជននេះបានបង្ហាញពីសកម្មភាព និងប្រើពាក្យកំរាមកំហែងស្ទើររាល់ថ្ងៃគួរឲ្យខ្លាច អស់រយៈពេលជាច្រើនខែធ្វើឲ្យអារម្មណ៏នាងកាន់តែភ័យខ្លាច រហូតនាងទ្រាំមិនបាន ទើបនៅថ្ងៃទី ២៧ មិថុនា នាងក៏ទូរស័ព្ទទៅម្ដាយនាង ដើម្បីទម្លាយប្រាប់រឿងអាស្រូវនេះ និងបានហៅឲ្យម្ដាយនាងមកជួយប្ដឹងទៅសមត្ថកិច្ចតែម្ដង ។
នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោក ប៊ន់ វណ្ណារ៉ា បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា តាមពិតករណីនេះ បានកើតឡើងស្ទើរកន្លះឆ្នាំទៅហើយ តែនាងមិនបាននិយាយប្រាប់ម្ដាយទេ ព្រោះជនសង្ស័យតែងនិយាយបំភ័យនាង និងហាមនាងមិនឲ្យនិយាយរឿងនេះប្រាប់គេ ប៉ុន្តែនាងធ្លាប់និយាយរឿងនេះប្រាប់អ៊ំស្រីនាងឲ្យបានដឹង និងជួយទប់ស្កាត់នូវទង្វើថោកទាបរបស់បងជីដូនមួយរូបនេះ ។
លោកបានបន្ថែមថា អស់រយៈពេលជិតកន្លះឆ្នាំ ចាប់តាំងពីនាងនិយាយរឿងអាស្រូវនេះ ប្រាប់អ៊ំស្រី នាងមិនបានឃើញបងជីដូនមួយរូបនេះ មានការកែប្រែចរិតទេ ។ ជននេះតែងព្យាយាមតាមយាយីនាងស្ទើររាល់ថ្ងៃ តាមរយៈការបង្ហាញចរិត និងពាក្យសម្ដី ធ្វើឲ្យនាងកាន់តែភ័យខ្លាចទាំងយប់ទាំងថ្ងៃ រហូតនាងទ្រាំមិនបាន ទើបនៅថ្ងៃទី២៧ មិថុនា នាងសម្រេចទូរស័ព្ទប្រាប់ម្ដាយអំពីរឿងនេះ ហើយម្ដាយនាងក៏វិលពីខេត្តស្វាយរៀងទាំងយប់ក្រោយទទួលបានដំណឹងដ៏អាក្រក់នេះពីកូនស្រី ។
លោក ប៊ន់ វណ្ណារ៉ា បានបញ្ជាក់ថា នៅប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីមន្ត្រីជំនាញ នៃអធិការស្រុកមោងប្ញស្សីទទួលបណ្ដឹងពីម្ដាយជនរងគ្រោះ នៅព្រឹកថ្ងៃទី២៨ មិថុនា លោកក៏បានរាយការណ៍ទៅលោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញាផង ដើម្បីស្នើសុំគោលការណ៏ ទើបឈានដល់ការចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗតែម្ដង ។ យ៉ាងណាក្ដី នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពទទូលស្គាល់កំហុស ហើយត្រូវបានមន្ត្រីការិយាល័យជំនាញ កសាងរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តហើយដែរ ៕

ចែករំលែកព័តមាននេះ