រាជធានីភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលបានប្រព្រឹត្តបទល្មើសចំនួន៣ផ្សេងៗ ពីគ្នាជាបន្តបន្ទាប់។ បន្ទាប់មក នៅវេលាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នគរបាលបាននាំខ្លួនជនសង្ស័យទាំង៤នាក់ នោះពីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២ខាងលើទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង ។
នគរបាលបានប្រាប់ថា បទល្មើសទី១លួចលួចម៉ូតូ បានកើតឡើងកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០៩និង១០នាទី នៅចំណុចរោងជួសជុលម៉ូតូ ស្ថិតនៅតាមផ្លូវ១០៤ ភូមិក្រាំងក្រូច សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ទូច ដាណេ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិវាលកណ្ដោល ឃុំបាគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជននេះបានលួចម៉ូតូ០១គ្រឿងម៉ាក HONDA Scopy ពណ៌ស ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ភ្នំពេញ1HL-8878 ដែលជាកម្មសិទ្ធិរបស់អ្នកគ្រូបង្រៀនម្នាក់ឈ្មោះយ៉ា គឹមយ៉ាន អាយុ៧២ឆ្នាំ ។ ស្នាក់នៅភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ ខណៈដែលអ្នកគ្រូរូបនោះទុកម៉ូតូខាងលើឲ្យជាប្ដូរប្រេងម៉ាស៊ីន រួចគាត់រវល់ចូលប្រជុំ ហើយក៏ត្រូវជនសង្ស័យលួចជិះយកទៅបាត់ បន្ទាប់មកនគរបាលបានស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន ។
នគរបាលបានប្រាប់បន្តទៀតថា បទល្មើសទី២ លួចទូរស័ព្ទដៃ កើតឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង០២និង២០នាទី យប់រំលងអាធ្រាត្រ ស្ថិតនៅភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ ។ បង្កឡើងដោយជនសង្ស័យ២នាក់ ទី១,ឈ្មោះ សាក់ បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ទី២,ឈ្មោះ អ៊ុក ដារ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅខ្យូស(កញ្ចុះ)គេទុកចោល ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យបានលួចទូរស័ព្ទម៉ាកម៉ាក OPPO ១គ្រឿង និងម៉ាកRedmi ១គ្រឿង ដែលជារបស់នារីម្នាក់ឈ្មោះ ចក់ ចាន់ថេត អាយុ៣៧ឆ្នាំ មានទីលំនៅភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ ក្នុងខណៈពេលដែលនាងកំពុងដេកលង់លក់ ។
នគរបាលបានប្រាប់បន្ថែមទៀតថា បទល្មើសទី៣គប់កញ្ចក់រថយន្តគេ បានកើតឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៩និង២៧នាទីយប់ នៅត្រង់ចំណុចមុខបុរីទីលាង ស្ថិតនៅតាមផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ បង្កឡើងដោយជនសង្ស័យឈ្មោះ ជួប វិឆៃ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ ជននេះរពឹសដៃបានយកមេសោទៅគប់កញ្ចក់រថយន្ត១គ្រឿងលេងកំសាន្ត បណ្ដាលឲ្យបែកកញ្ចក់មុខ១ផ្ទាំងដោយពុំដឹងថាម្ចាស់គេកំពុងអង្គុយនៅក្នុងរថយន្តនោះឡើយ ។ ដោយរថយន្តខាងលើនោះម៉ាកម៉ាកFORTHING T5 EVO ពណ៌ក្រហម អ៊ុតស្កុតពណ៍ខ្មៅ ពាក់ស្លាកលេលេខភ្នំពេញ2CE-4949 ជាកម្មសិទ្ធិរបស់បុរសម្នសក់ឈ្មោះ អឿន សេងឈី អាយុ៣១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។
ក្រោយពេលទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះទាំងអស់ខាងលើ លោកវរៈសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាឱ្យលោកវរៈសេនីយ៍ទោជាង ហុកសែ អធិការរងខណ្ឌដឹកនាំកម្លាំងនគរបាលខណ្ឌ ។ ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍ទៀន និងប៉ុស្តិ៍ព្រៃវែង ចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នោះជាបន្តបន្ទាប់តែម្ដង រួចបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ