ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ីរ៉ង់ប្រកាសមិនឱ្យ​អាម៉េរិកកំណត់ទីបញ្ចប់សង្គ្រាម ព្រមានឆ្លើយតបក្រោយនាវាពាណិជ្ជកម្មរងការវាយប្រហារ

11 ម៉ោង មុន

ទីក្រុងតេអេរ៉ង់៖​ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្មាអ៊ីល បាហ្គាអេ ​បានប្រកាសថា អ៊ីរ៉ង់នឹងមិនអនុញ្ញាតឱ្យសហរដ្ឋ​អាម៉េរិកជាអ្នកកំណត់ពេលបញ្ចប់សង្គ្រាមនោះទេ ហើយអ៊ីរ៉ង់នឹងបន្តការពារខ្លួនរហូតដល់ចាំបាច់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែកក្កដា លោក បាហ្គាអេ បានអះអាងថា សហរដ្ឋ​អាម៉េរិកកំពុងជាប់គាំងក្នុងជម្លោះអស់រយៈពេល៥ខែមកហើយ។ លោកក៏បញ្ជាក់ដែរថា កិច្ចពិភាក្សារវាងអ៊ីរ៉ង់ និងអូម៉ង់ ស្តីពីការគ្រប់គ្រងច្រកសមុទ្រ Hormuz គឺជាកិច្ចពិភាក្សាទ្វេភាគីប៉ុណ្ណោះ មិនមានការចូលរួមពីសហរដ្ឋ​អាម៉េរិកឡើយ ហើយការចរចានៅតែបន្ត ខណៈច្រកសមុទ្រនេះនៅតែបិទដដែល។

លោក បាហ្គាអេ ក៏បានអះអាងថា ប្រទេសមួយចំនួននៅតំបន់ឈូងសមុទ្រពែរ្ស បានចូលរួមគាំទ្រសង្គ្រាមដែលដឹកនាំដោយសហរដ្ឋ​អាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះប្រទេសទាំងនោះឡើយ។

ជាមួយគ្នានេះ អ៊ីរ៉ង់បានព្រមានថា នឹងមានផលវិបាកដែល «មិនអាចទាយទុកជាមុនបាន» បន្ទាប់ពីអ៊ុយក្រែនវាយប្រហារលើនាវាពាណិជ្ជកម្មរបស់អ៊ីរ៉ង់នៅសមុទ្រកាសព្យែន​កាលពីចុងសប្តាហ៍កន្លងទៅ ដែលតាមការអះអាងរបស់អ៊ីរ៉ង់ បានបណ្តាលឱ្យនាវិកម្នាក់ស្លាប់។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គម X លោក បាហ្គាអេ បានចោទថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ​បានបញ្ជាឱ្យវាយប្រហារលើនាវាពាណិជ្ជកម្មអ៊ីរ៉ង់ និងចាត់ទុកទង្វើនេះថា ជាការរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាសកម្មភាពខុសច្បាប់ ដែលអ៊ីរ៉ង់នឹងមិនទុកឱ្យកើតឡើងដោយគ្មានការឆ្លើយតបឡើយ៕