ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហេតុអ្វីស្តាប់សំឡេងភ្លៀងហើយងងុយគេង? អ្នកជំនាញបង្ហាញមូលហេតុ ៤ យ៉ាងដែលធ្វើឱ្យខួរក្បាលសម្រាក

10 ម៉ោង មុន

​សុខភាព៖​ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សជាច្រើនតែងមានអារម្មណ៍ងងុយគេងនៅពេលឮសំឡេងភ្លៀងធ្លាក់ ទោះបីទើបផឹកកាហ្វេ ឬកំពុងធ្វើការក៏ដោយ។ អ្នកជំនាញពន្យល់ថា នេះជាប្រតិកម្មធម្មជាតិរបស់រាងកាយ និងខួរក្បាល មិនមែនជាសញ្ញាបង្ហាញថាអ្នកខ្ជិលនោះទេ។

មូលហេតុទីមួយ គឺសំឡេងភ្លៀងស្ថិតក្នុងក្រុមសំឡេងដែលមានចង្វាក់ស្មើ និងទន់ភ្លន់ អាចជួយបិទបាំងសំឡេងរំខានផ្សេងៗ និងធ្វើឱ្យខួរក្បាលមានអារម្មណ៍ថាបរិយាកាសមានសុវត្ថិភាព។ ជាលទ្ធផល ប្រព័ន្ធប្រសាទនឹងសម្រាក និងរាងកាយចាប់ផ្តើមមានអារម្មណ៍ងងុយគេង។

មូលហេតុទីពីរ គឺពេលមេឃមានពពកខ្មៅ ឬភ្លៀងធ្លាក់ ពន្លឺធម្មជាតិនឹងថយចុះ។ ខួរក្បាលនឹងបញ្ចេញអ័រម៉ូនម៉េឡាតូនីនដែលជាអ័រម៉ូនគ្រប់គ្រងវដ្តដំណេក ធ្វើឱ្យរាងកាយត្រៀមខ្លួនសម្រាប់ការសម្រាក។

មូលហេតុទីបី គឺអាកាសធាតុពេលភ្លៀងមានសំណើមខ្ពស់ និងសម្ពាធខ្យល់ធ្លាក់ចុះ ដែលអាចធ្វើឱ្យមនុស្សមួយចំនួនមានអារម្មណ៍អស់កម្លាំង ឬងងុយគេងជាងធម្មតា ទោះបីឥទ្ធិពលនេះមិនដូចគ្នាចំពោះមនុស្សគ្រប់រូបក៏ដោយ។

មូលហេតុចុងក្រោយ គឺក្លិនដីក្រោយភ្លៀង ដែលគេស្គាល់ថា ​Petrichor​។ ក្លិនធម្មជាតិនេះត្រូវបានគេជឿថា អាចជួយបន្ថយអារម្មណ៍តានតឹង និងធ្វើឱ្យចិត្តមានអារម្មណ៍ស្ងប់ស្ងាត់ ដែលជួយឱ្យរាងកាយងាយចូលដំណេក។

អ្នកជំនាញណែនាំថា ប្រសិនបើមានពេលសម្រាក ការស្តាប់សំឡេងភ្លៀង ឬសំឡេងធម្មជាតិ អាចជួយបន្ធូរអារម្មណ៍ និងបង្កើនគុណភាពដំណេកបាន។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានអារម្មណ៍ងងុយគេងខ្លាំងខុសធម្មតា ឬងងុយជាប្រចាំដោយគ្មានមូលហេតុច្បាស់លាស់ គួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីពិនិត្យរកមូលហេតុសុខភាពផ្សេងៗ៕