ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រធានរដ្ឋសភា​ ដឹកនាំ​គណៈប្រតិភូ​ បំពេញ​ទស្សនកិច្ច​ផ្លូវការ​ និង​មិត្តភាព ​នៅប្រទេស​វៀតណាម

11 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ ​និង​មិត្តភាព​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ ​។

ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប្រធានរដ្ឋសភា​ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់ ឯកឧត្តម ជិន ថា​ញ់​មិន (Tran Thanh Man) ប្រធានរដ្ឋសភា​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​ការ​រឹតចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ រឹង​មាំ និង​ស៊ីជម្រៅ​បន្ថែម​ទៀត ទាំង​ក្នុង​ក្រប​ខណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ និង​នីតិប្រតិបត្តិ ឈរ​លើ​ស្មារតី «​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​» ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ សម្តេច​ប្រធានរដ្ឋសភា គ្រោង​ជួប​សម្តែង​ការ​គួរសម ជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការ​បក្ស​កុ​ម្មុ​យ​នី​ស និង​ជា​ប្រធាន​រដ្ឋ​វៀតណាម ជួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ ឯកឧត្តម ជិន ថា​ញ់​មិន ប្រធានរដ្ឋសភា​វៀតណាម និងជួប​សម្តែង​ការ​គួរសម ជាមួយ ឯកឧត្តម ឡេ មិ​ញ​ហ៊ឹង (Le Minh Hung) នាយក​រដ្ឋមន្ត្រី​វៀតណាម ។

ជាមួយ​គ្នា​នេះ ក្នុង​កម្រិត​គណៈកម្មការ​ជំនាញ​ នៃ​រដ្ឋសភា​ប្រទេស​ទាំង​ពីរ សមាជិក​គណៈប្រតិភូ​ ដែល​អមដំណើរ​សម្តេច​ប្រធានរដ្ឋសភា​នឹង​មាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​សម​ភាគី​វៀតណាម ក្នុង​ការ​ចែករំលែក​ព័ត៌មាន ផ្លាស់​ប្តូរ​បទ​ពិសោធ​ជាមួយ​គ្នា​ផង​ដែរ ​។

ក្រៅពី​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា ដឹកនាំ​ដោយ សម្តេច​ប្រធានរដ្ឋសភា ក៏​គ្រោង​អញ្ជើញ​ទស្សនកិច្ច​ទីតាំង​សំខាន់​ៗ រួម​មាន​តំបន់ឧស្សាហកម្ម តំបន់​វប្បធម៌ ទេសចរណ៍ និង​មន្ទីរពេទ្យ​ នៃ​ប្រទេស​វៀតណាម ដើម្បី​ភ្ជាប់​ទំនាក់ទំនង រវាង​ប្រជាជន​និង​ប្រជាជន ក៏​ដូច​ជា​ដើម្បី​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សេវា​សុខាភិបាល សំដៅ​បម្រើ​ឧត្តម​ប្រយោជន៍ ប្រជាពលរដ្ឋ​ នៃ​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​៕