ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណឺតាន់​យ៉ាហ៊ូ​ថា​ចៅ​ហ្វាយ​ក្រុង​ញូយ៉ក​សាប​ព្រោះ​ការ​ស្អ.ប់​ខ្ពើ.ម​គ្នា និង​ថា​ ICC គ្រាន់​តែ​ជា​ឡប់​ឡែ​ប៉ុណ្ណោះ

11 ម៉ោង មុន

ទី​ក្រុង​យេរូសាឡឹម៖ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​​ណឺតាន់​យ៉ាហ៊ូ ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នឹង​អភិ​បាល​ក្រុង​ញូយ៉ក លោក​ម៉ម​ដានី ​ដែល​ជា​មនុស្ស​របស់​គណ​បក្ស​ប្រជា​ធិបតេយ្យ​ និង​ដែល​ចោទ​ប្រកាន់​ថា​លោក​​​ជា​ឧក្រិដ្ឋ​ជន​សង្គ្រាម​។ លោក​ណឺតាន់​យ៉ាហ៊ូ​ថា​អភិបាល​ក្រុង​រូប​នេះ​កំពុង​តែ​សាប​ព្រោះ​ការ​ស្អប់​ខ្ពើម​គ្នា​។ លោក​​​​ម៉ម​ដានី​អំពាវ​នាវ​ឱ្យ​អាជ្ញា​ធរ​​ចាប់​ខ្លួន​លោក​​ណឺតាន់​យ៉ាហ៊ូ​យក​ទៅផ្ដន្ទា​ទោស​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​នៅ​តំបន់​ហ្កា​ហ្សា​ប្រសិន​បើ​លោក​ណឺតាន់​យ៉ាហ៊ូ​ធ្វើ​ដំណើរ​ទៅទី​ក្រុង​ញូយ៉ក​ដើម្បី​​ប្រជុំ​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​​។ លោក​ណឺតាន់​យ៉ាហ៊ូ​និយាយ​ដោយ​សម្ដី​សឿង​បឿង​ថា​លោក​ត្រូវ​តែ​ទៅ​ប្រជុំ​នៅ​អង្គ​ការ​សហ​ប្រជា​ជាតិ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ​ទោះ​បី​លោក​ម៉ម​ដានី​មិន​ស្វាគមន៍​លោក​​ក៏​​ដោយ។​

លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​គាត់​ (ម៉ម​ដានី) គួរ​ណាស់​ជា​អ្នក​តំណាង​ឱ្យ​ប្រជា​ជន​រស់​នៅ​ទី​ក្រុង​ញូយ៉ក​ទាំង​មូល​ ហើយ​មិន​ត្រូវ​ប្រកាន់​​ថា​ពួក​គេ​ជា​ជន​ជាតិ​ជ្វីប កាន់​សាសនា​គ្រិស្ត ឥស្លាម ឬ​អ្វី​ទេ​។ ប៉ុន្តែ​ជាក់​ស្ដែង​ គាត់​ (ម៉ម​ដានី) យក​ក្រុម​មួយ​ទៅ​ប្រឆាំង​ក្រុម​មួយ​ទៀត​។ កាល​ពី​ថ្ងៃ​អាទិត្យ ​លោក​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​សំណាក់​ ICC ផង​ដែរ​ និង​ចាត់​ទុក​ថា​នោះ​ជា​ឡប់​ឡែ​ ឬ​ឆាក​ល្ខោន​ដែល​គេ​រៀប​ចំ​ឡើង​តែ​ប៉ុណ្ណោះ​។ ជា​ការ​វាយ​បក​វិញទៅ​លើ​តុលាការ​នេះ លោក​បាន​លើក​ឡើង​ថា​ប្រធាន​រដ្ឋ​អាជ្ញា​របស់​ ICC ទៅ​វិញ​ទេ​ដែល​ធ្វើ​រឿង​មិន​ត្រឹម​ត្រូវ និង​ជាប់​សង្ស័យ​​​ពីបទ​បៀត​បៀន​ផ្លូវ​ភេទ​។ ជាក់​ស្ដែង​ ប្រធាន​រដ្ឋ​អាជ្ញា​រូប​នេះ​ត្រូវ​ ICC ដក​ចេញ​ពី​តំណែង​បាត់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​សុក្រ​។

លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​បន្ត​ទៀត​ថា​លោក​កំពុង​បារម្ភ​ថា​ការ​គាំទ្រ​ពី​សំណាក់​អាមេរិក​ចំពោះ​​អ៊ីស្រា​អែល​ដែល​ធ្លាប់​តែ​ស្រុះ​ស្រួល​គ្នា​ទាំង​២​គណ​បក្ស​នោះ​អាច​នឹង​មិន​ដូច​មុន​ទេ​ដោយ​សារ​ក្រុម​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ដែល​មាន​ចរិត​បដិវត្ត​និយម និងឆ្វេង​និយម​ចាប់​ផ្ដើម​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​​ក្រុម​លោក​ម៉ម​ដានី​។ លោក​ណឺតាន់​យ៉ាហ៊ូ​ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​គំនិត​ប្រឆាំង​អ៊ីស្រា​អែល​នៅ​អាមេរិក​ និង​នៅ​ប្រទេស​ដទៃ​ទៀត​នៃ​លោក​ខាង​លិច​។ លោក​ថា​នៅ​ពេល​លោក​សំណេះ​សំណាល​ជា​មួយ​ប្រជា​ជន​នៅ​ទី​ក្រុង​ញូយ៉ក​ដែល​ជា​ទី​ក្រុង​មាន​ជន​ជាតិ​ជ្វីប​រស់​នៅ​ច្រើន​លំដាប់​ទី​២​នៅ​ទូទាំង​សាកល​លោក​នោះ ជន​ជាតិ​ជ្វីប​មាន​អារម្មណ៍​រស់​នៅ​គ្មាន​សេចក្ដី​សុខ​ទេ​។

នៅពេល​​​ឃោសនា​បោះ​​ឆ្នោត​កាល​ពី​ឆ្នាំ​មុន លោក​ម៉ម​ដានី​​សន្យា​ថា​នឹង​ចេញ​បញ្ជា​ឱ្យ​នគរ​បាល​ទី​ក្រុង​ញូយ៉ក​​ចាប់​ខ្លួន​លោក​ណឺតាន់​យ៉ាហ៊ូ​​តាម​ដីកា​របស់​ ICC។ ប៉ុន្តែ​លោក​​​ទទួល​ស្គាល់​កាល​ពី​សប្ដាហ៍​មុន​​ថា​ទី​ក្រុង​ដែល​លោក​គ្រប់​គ្រង​នេះ​មិន​មាន​ដែន​សមត្ថ​កិច្ច​ផ្នែក​ផ្លូវ​ច្បាប់​ដើម្បី​ចាប់​ខ្លួន​លោក​ណឺតាន់​យ៉ាហ៊ូទេ​។ ដូច្នេះ លោក​ស្នើ​សុំ​ឱ្យ​អាជ្ញា​ធរ​សហ​ព័ន្ធ​ចាត់​ការ​រឿង​នេះ​។ លោក​ថា​លោក​ចង់​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​​ទី​ក្រុង​ញូយ៉ក​មិន​ស្វាគមន៍​លោក​ណឺតាន់​យ៉ាហ៊ូ​​ និង​ឧក្រិដ្ឋ​ជន​សង្គ្រាម​ដទៃទៀត​ឡើយ​។ លោក​ថា​លោក​យល់​ច្បាស់​អំពី​កំហឹង​របស់​មហា​ជន​ ហើយ​ទី​ក្រុង​នេះ​គោរព​ជា​និច្ច​នូវ​ការ​សម្ដែង​មតិ​​។

កាល​ពី​ថ្ងៃ​ចន្ទ លោក​ត្រាំ​បាន​ផ្ដល់​ការ​ធានាថា​​លោ​កណឺតាន់​យ៉ាហ៊ូ​​​នឹង​មិន​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឱ្យ​ ICC ទេ​នៅ​ពេល​លោក​ស្ថិត​នៅ​លើ​ទឹក​ដី​អាមេរិក​។ លោក​ណឺតាន់​យ៉ាហ៊ូ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​ក្រុង​វ៉ាស៊ីន​តោន​នៅសប្ដាហ៍​នេះ​ដើម្បី​ជួប​ពិភាក្សា​គ្នា​ជា​មួយ​លោក​ត្រាំ​ និង​ចូល​រួម​ពិធី​បុណ្យ​សព​អតីត​ព្រឹទ្ធ​សមាជិក​មក​ពី​គណ​បក្ស​សា​ធារណ​រដ្ឋ​ លោក​លីន​សេ ក្រាហាម ដែល​ជា​អ្ន​កតំណាង​ឱ្យ​រដ្ឋ​ខា​រ៉ូឡាយ​ណា​ខាង​ត្បូង​។ ក្រាហាម​ជា​អ្នក​គាំទ្រ​យ៉ាង​ប្ដូរ​ផ្ដាច់​ចំពោះ​រដ្ឋ​អ៊ីស្រា​អែល​។ លោក​ទទួល​អនិច្ច​កម្ម​កាល​ពី​២​សប្ដាហ៍​មុន​ដោយ​​​សារ​ការ​រហែក​សរ​សៃ​​ឈាម​បេះ​ដូង​។ លោក​ណឺតាន់​យ៉ាហ៊ូ​ចាត់​ទុក​លោក​ក្រាហាម​ជា​អ្នក​ស្នេហា​ជាតិ​អាមេរិក​ដ៏​ឆ្នើម​ម្នាក់​៕

លោក​លីនសេ​ ក្រាហាម