ករណីគ្រុនឈា.មកើនឡើងដល់ ២៦៩ករណី នៅខេត្តមណ្ឌលគិរី
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី៖ យោងតាមរបាយការណ៍ដែលកោះសន្តិភាពទទួលបាននារសៀលថ្ងៃទី៣០ មិថុនា ២០២៦ ស្ថានភាពជំងឺគ្រុនឈាមនៅក្នុងខេត្តមណ្ឌលគិរី បាននិងកំពុងបង្ហាញពីសញ្ញាកើនឡើងគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមសប្តាហ៍ទី៤ ខែមិថុនា ឆ្នាំ២០២៦ នេះ ចំនួនអ្នកផ្ទុកមេរោគជំងឺគ្រុនឈាមបានហក់ឡើងរហូតដល់ ២៦៩ ករណី ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោក គីម ហេង អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ។
អ្វីដែលជាក្តីព្រួយបារម្ភបំផុតនាពេលនេះ គឺភាគច្រើននៃអ្នកជំងឺដែលបានរកឃើញ គឺជាក្រុមកុមារ និងយុវវ័យ ដែលមានអាយុចន្លោះចាប់ពី ៦ ឆ្នាំ ដល់ ១៨ ឆ្នាំ។ទាក់ទិននឹងបញ្ហានេះ លោក វេជ្ជបណ្ឌិត ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមក្នុងរដូវវស្សានេះ ទាមទារឱ្យមានការចូលរួមយ៉ាងសកម្ម និងដាច់ខាតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ខ្ញុំសូមណែនាំ និងអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល ក៏ដូចជាលោកគ្រូអ្នកគ្រូនៅតាមគ្រឹះស្ថានសិក្សា ត្រូវរួមគ្នាសម្អាតបរិស្ថាន និងកម្ទេចរាល់ជម្រកមូសខ្លាដែលនៅកៀកជិតខ្លួនបំផុត។ ជាមួយគ្នានេះ មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀមលក្ខណៈឱ្យបាន ១០០ ភាគរយ ទាំងកម្លាំង ឱសថ និងបរិក្ខារ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
ដើម្បីទប់ស្កាត់ការរីករាលដាល និងការពារកូនចៅពីជំងឺដ៏កាចសាហាវនេះ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានដាក់ចេញនូវសេចក្តីណែនាំគន្លឹះចំនួន ៤ ចំណុច ដែលបងប្អូនប្រជាពលរដ្ឋ ពិសេសនៅក្នុងតំបន់ប្រឈម ត្រូវចូលរួមអនុវត្តជាដាច់ខាត ១. កម្ទេចជម្រកមូសខ្លា ត្រូវរួមគ្នាសម្អាតបរិស្ថានជុំវិញលំនៅឋាន និងសាលារៀន ដោយធ្វើការផ្កាប់ពាង អាងទឹក ថូផ្កា សំបកកង់ឡាន-ម៉ូតូ និងវត្ថុទាំងឡាយណាដែលអាចដក់ទឹកភ្លៀងបាន ដែលជាប្រភពបង្កាត់ពូជដ៏ធំបំផុតរបស់មូសខ្លា។ ២. សហការដាក់ថ្នាំអាបេត ត្រូវផ្តល់កិច្ចសហការសម្របសម្រួលជាមួយមន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការដាក់ថ្នាំអាបេតទៅក្នុងពាង ឬអាងស្តុកទឹក និងអនុញ្ញាតឱ្យក្រុមការងារបាញ់ថ្នាំសម្លាប់មូសនៅក្នុងភូមិដ្ឋានរបស់ខ្លួន។ ៣. ការពារការខាំពីមូសខ្លា ត្រូវតម្រូវឱ្យកូនៗពាក់អាវដៃវែង ខោជើងវែង និងគេងក្នុងមុងជានិច្ចទាំងថ្ងៃទាំងយប់ ព្រោះមូសខ្លាមានទម្លាប់ខាំ និងបឺតឈាមមនុស្សនៅពេលថ្ងៃ។ ៤. ហាមដាច់ខាតការផ្សំថ្នាំព្យាបាលខ្លួនឯង ប្រសិនបើពិនិត្យឃើញថាកូនៗ ឬសមាជិកគ្រួសារមានអាការៈក្តៅខ្លួនខ្លាំងភ្លាមៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុតជាបន្ទាន់។ ការទិញថ្នាំលេប ឬចាក់ដោយខ្លួនឯង អាចធ្វើឱ្យជំងឺវិវត្តទៅជាធ្ងន់ធ្ងររហូតដល់គ្រោះថ្នាក់ដល់ជីវិត។
ទន្ទឹមនឹងការអំពាវនាវដល់ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកគ្រូ-អ្នកគ្រូពេទ្យទាំងអស់ នៅមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យស្រុកកោះញែក ដែលបានជួយសង្គ្រោះអ្នកជំងឺកន្លងមកយ៉ាងសកម្ម រហូតមិនមានករណីស្លាប់កើតឡើងឡើយ។
មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី បានរំលឹកជាចុងក្រោយថា ការពារប្រសើរជាងព្យាបាល! ភាពហ្មត់ចត់របស់គ្រូពេទ្យ និងការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាខែលការពារដ៏រឹងមាំបំផុតក្នុងការយកឈ្នះលើជំងឺគ្រុនឈាមនៅក្នុងខេត្តមណ្ឌលគិរីយើង៕








ចែករំលែកព័តមាននេះ