ជនសង្ស័យ៦នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនពីបទជួញដូរគ្រឿងញៀ.ននៅក្រុងស្វាយរៀង
- ស្វាយរៀង
ខេត្តស្វាយរៀង៖កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យបានចំនួន ០៦នាក់ និងវត្ថុតាងមួយចំនួន។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀងបានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងខេត្តស្វាយរៀង។
លោកបានបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថា នៅត្រង់ចំណុច ភូមិតារាងបាល់ សង្កាត់គយត្របែក ក្រុងស្វាយរៀង មានមុខសញ្ញា សង្ស័យកំពុងប្រព្រឹត្តសកម្មភាពជួញដូរ គ្រឿងញៀនខុសច្បាប់។
ក្រោយពីទទួល បានព័ត៌មានរួចមក លោកបានដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គយត្របែក បានចុះទៅដល់ទីតាំង និងបានធ្វើការស្រាវជ្រាវ ព្រមទាំងបានឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យចំនួន០៦នាក់ ប្រុស ព្រមទាំងដករហូតវត្ថុតាង ជាសារធាតុញៀន និងឧបករណ៍សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕











ចែករំលែកព័តមាននេះ