រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់ថា ភាគីថៃបានរំលោភបំពានច្បាប់អន្តរជាតិ ដោយបង្កការលំបាកធ្ងន់ធ្ងរចំពោះជនភៀសសឹកកម្ពុជា ជាពិសេសស្ត្រី កុមារ ជនចាស់ជរា អ្នកជំងឺ ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលថា តើយោធាថៃ ដែលបានដណ្តើមកាន់កាប់ទឹកដីកម្ពុជា ដោយកម្លាំងខុសនឹងច្បាប់អន្តរជាតិដូចម្តេចខ្លះ? តើរាជរដ្ឋាភិបាលបាន និងកំពុងធ្វើអ្វី ដើម្បីការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ?

អ្នកនាំពាក្យបានលើកឡើងថា ការចូលកាន់កាប់ទឹកដីនៃប្រទេសអធិបតេយ្យមួយ ដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុង ទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ។ ចំណែកឯការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងមិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានា នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិម នុស្សកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ (ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព (CRPD) អនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) អនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ និងអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩០៧ ជាដើម ។

ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា ច្បាប់អន្តរជាតិដូចបានលើកឡើងខាងលើបានហាមប្រាមការចូលកាន់កាប់ទឹកដី នៃរដ្ឋអធិបតេយ្យមួយដោយប្រើកម្លាំង និងការពារសិទ្ធិប្រជាពលរដ្ឋគ្រប់រូបដែលត្រូវមានលំនៅឋានសមរម្យ និងចៀសផុតពីការជ្រៀតជ្រែកលើលំនៅឋាន និងពីការរឹបអូស ឬលួចប្លន់យកទ្រព្យសម្បត្តិឯកជនពីបុគ្គល ឬក្រុមណាមួយ ។ ប៉ុន្តែភាគីថៃបានរំលោភបំពានច្បាប់អន្តរជាតិទាំងនេះ ដោយបង្កការលំបាកធ្ងន់ធ្ងរចំពោះជនភៀសសឹកកម្ពុជា ជាពិសេសស្ត្រី កុមារ ជនចាស់ជរា អ្នកជំងឺ និងជនមានពិការភាពដែលជាក្រុមជនងាយរងគ្រោះស្រាប់ ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏ដែលឯកឧត្តមបានលើកឡើងថា ចំពោះមុខការរំលោភបំពាននេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការ បានធ្វើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ដោយប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលធ្វើឱ្យមានការកែប្រែនូវបរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ពង្រឹងការគ្រប់គ្រងយោធា ឬបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង និងរារាំងការវិលត្រឡប់របស់ជនស៊ីវិលទៅកាន់ផ្ទះសម្បែងដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ។

រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានផ្ញើលិខិតទៅប្តឹងតវ៉ាយ៉ាងខ្លាំងជូនទៅដល់ស្ថាប័នសិទ្ធិមនុស្សនានាទាំងថ្នាក់តំបន់និងអន្តរជាតិ ដោយស្ថាប័នទាំងនោះបានទទួលដឹងឮអំពីការរំលោភបំពានទាំងនេះ ហើយបាន និងកំពុងតាមដានដោយយកចិត្តទុកដាក់ និងចាត់វិធានការទៅតាមសមត្ថកិច្ចរៀងៗខ្លួន ។
ទន្ទឹមនឹងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសចំពោះមុខប្រជាជាតិខ្មែរថា៖ «ការការពារទឹកដីនិងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ។ រាជរដ្ឋាភិបាលដាច់ខាត មិនបោះបង់កាតព្វកិច្ចក្នុងការទាមទារទឹកដីឡើយ ហើយបាន និងកំពុងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ» ។
ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ក៏បានបញ្ជាក់ច្បាស់ចំពោះមុខប្រជាជាតិខ្មែរថា ៖ «កម្ពុជាជ្រើសរើសយកមាគ៌ាសន្តិភាព តែដាច់ខាតមិនធ្វើសម្បទានណាមួយចំពោះអធិបតេយ្យ និងសេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ» ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិគ្រប់មជ្ឈដ្ឋានជ្រាបថា ការតវ៉ារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានធ្វើឡើងជាបន្តបន្ទាប់ ប្រឆាំងនឹងសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ និងរំលោភសិទ្ធិប្រជាពលរដ្ឋខ្មែរពីសំណាក់ភាគីថៃ គឺជាភស្តុតាងដែលមានតម្លៃផ្នែកគតិយុត្តិ និងសីលធម៌ មិនអាចខ្វះបានក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងប្រជាពលរដ្ឋរបស់ខ្លួន ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានចាត់វិធានការលឿនរហ័សប្រកបដោយប្រសិទ្ធភាព ដើម្បីគាំពារពលរដ្ឋភៀសសឹក ជាពិសេសស្ត្រី កុមារ និងជនចាស់ជរា តាមរយៈការផ្តល់ជូននូវជម្រក សន្តិសុខ សុវត្ថិភាព ស្បៀ ងអាហារ ទឹកស្អាត បង្គន់អនាម័យ សេវាសុខាភិបាល សេវាអប់រំផ្លូវចិត្ត រហូតដល់ការបង្កើតសាលារៀននៅក្នុងមណ្ឌលប្រមូលផ្តុំ ដើម្បីអនុញ្ញាតឱ្យកុមារបានបន្តការសិក្សាក្នុងអំឡុងពេលភៀសសឹក។ ឯកឧត្តមបន្ថែមថាក្រោយបទឈប់បាញ់អាជ្ញាធររាជរដ្ឋាភិបាលបានសម្រប សម្រួលឱ្យបងប្អូនជនភៀសសឹកបានវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ ។
បច្ចុប្បន្ន នៅសល់ពលរដ្ឋភៀសសឹកជាង២ម៉ឺននាក់ទៀត ក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ កំពុងបន្តស្នាក់នៅដោយសមរម្យក្នុងផ្ទះបណ្តោះអាសន្នក្នុង «ភូមិរង់ចាំ» ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលក្រោមការយកចិត្តទុកដាក់ដល់សុខុមាលភាព និងការស្តារជីវភាពឡើងវិញរបស់ជនភៀសសឹក ដែលជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល ទម្រាំដល់ពេលដែលបញ្ហាព្រំដែនត្រូវបានដោះស្រាយនាពេលខាងមុខតាមមធ្យោបាយសន្តិវិធ ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ ៕
ចែករំលែកព័តមាននេះ