បុរសសញ្ជាតិUSAម្នាក់បាត់មុខជិត២ខែ បែរប្រទះឃើញដេកស្លា.ប់ក្នុងបន្ទប់សណ្ឋាគារ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ តាមរយៈលិខិតឆ្លងដែន បុរសមានសញ្ជាតិអាមេរិកកាំងម្នាក់ បានដេកស្លាប់ឡើងហើមស្អុយ ហើយត្រូវបានបុគ្គលិកបំរើការក្នុងសណ្ឋាគារមួយប្រទះឃើញ នៅក្នុងបន្ទប់មួយដែលគ្មានអ្នកជួលស្នាក់នៅ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី ២៩ មិថុនា ស្ថិតក្នុងភូមិម្ភៃឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយពីបាត់មុខមិនឃើញចេញចូលសណ្ឋាគារប្រហែលជិត០២ខែ ប៉ុន្តែមន្ត្រីជំនាញរកមិនទាន់អាចសន្និដ្ឋានពីមូលហេតុនៅឡើយទេ ព្រោះនៅមានមន្ទិលសង្ស័យដែលត្រូវធ្វើការ
ស៊ើបអង្កេត ។

តាមរយៈការត្រួតពិនិត្យលិខិតឆ្លងដែនរបស់សមត្ថកិច្ច បុរសនោះឈ្មោះ TYLER III THOMAS ADAIR អាយុ៥៩ឆ្នាំ មានសញ្ជាតិអាមេរិកកាំង ។ ជនបរទេសរូបនេះ ត្រូវបានបុគ្គលិកបំរើការប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់លេខ៣០៤ ជាន់ខាងលើ ក្នុងសណ្ធាគារ«ប៉ារីស»។ បើតាមបុគ្គលិកបានប្រាប់សមត្ថកិច្ចថា បន្ទប់ដែលជនរងគ្រោះដេកស្លាប់នោះ មិនមែនជាបន្ទប់ដែលគាត់ជួលស្នាក់នៅទេ ហើយបន្ទប់នោះក៏ពុំមានភ្ញៀវផ្សេងជួលស្នាក់នៅទេ គឺជាបន្ទប់ទំនេរ ។
បុគ្គលិកដដដែលបានប្រាប់ទៀតថា ភ្ញៀវបរទេសរូបនេះ បានជួលបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារច្រើនខែកន្លងមកហើយ ប៉ុន្តែក្នុងរយៈពេលប្រហែលជិត០២ខែកន្លងមកនេះ ហាក់បាត់មុខគាត់ និងសង្សារជនជាតិខ្មែរម្នាក់មិនឃើញចេញ-ចូល ឡើងចុះ ក្នុងសណ្ឋាគារ ហើយគេក៏មិនបានចាប់អារម្មណ៍ដែរ ។ លុះនៅល្ងាចថ្ងៃទី២៩ មិថុនា អ្នកបំរើការឡើងទៅជាន់ខាងលើ មានធុំក្លិនស្អុយ លុះបើកទ្វារមើលតាមបន្ទប់ ក៏ប្រទះឃើញជនបរទេសម្នាក់នោះដេកស្លាប់ ក្នុងស្ថានភាពហើមស្អុយទៅហើយ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដងទៅ ។

ប៉ុន្តែគេមិនដឹងថា តើមូលហេតុអ្វីបានជាជនបរទេស និងសង្សាជនជាតិខ្មែរនោះ មិនស្នាក់នៅក្នុងបន្ទប់ដែលខ្លួនបានជួល បែរជានាំគ្នាឡើងទៅដេកនៅបន្ទប់ជាន់ខាងលើ ដែលនៅទំនេរទៅវិញ ? ហើយក៏មិនដឹងថា ពួកគេនាំគ្នាទៅដេកនៅបន្ទប់ខាងលើនោះពីពេលណាដែរ ? នេះបើតាមការស្រង់សម្ដីដោយសមត្ថកិច្ច ។ មន្ត្រីជំនាញ រួមទាំងមន្ត្រីដទៃទៀតជាច្រើន បានចុះទៅកាន់កន្លែងកើតហេតុ នៅក្នុងសណ្ឋាគារ «ប៉ារីស» ភ្លាមៗ ក្រោយទទូលបានព័ត៌មាននេះ ដើម្បីពិនិត្យសាកសព និងទីតាំងកើត
ហេតុ។ ក្រុមគ្រូពេទ្យ មន្ត្រីនគរបាលផ្នែកបច្ចេកទេស និងមន្ត្រីជំនាញដទៃទៀត បានធ្វើការត្រួតពិនិត្យសាកសពជនបរទេសនោះយ៉ាងហ្មត់ចត់ ។ ប៉ុន្តែដោយស្ថានភាពសាកសពហើយស្អុយរលួយ មើលស្ទើរមិនយល់ ។
ដូច្នេះ មន្ត្រីជំនាញមិនទាន់អាចធ្វើការសន្និដ្ឋានបែបណាចំពោះសាកសពនៅឡើយទេ ។ ស្នងការរងទទូលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង បានប្រាប់ថា បើតាមការបំភ្លឺពីអ្នកគ្រប់គ្រងសណ្ឋាគារ ជនបរទេសនោះ បានជួលបន្ទប់ស្នាក់នៅក្នុង
សណ្ឋាគារខាងលើ ជាមួយសង្សារជនជាតិខ្មែរម្នាក់ ។ ហើយរយៈពេលប្រហែលជិត០២ខែកន្លងទៅនេះ គេហាក់បាត់មុខភ្ញៀវបរទេសនេះនិងសង្សារចេញចូលសណ្ឋាគារ តែគេមិនបានចាប់អារម្មណ៏ រហូតដល់ថ្ងៃទី២៩ មិថុនា ពេលអ្នកបំរើការឡើងទៅជាន់ខាងលើ ក៏ស្រាប់តែប្រទះឃើញភ្ញៀវបរទេសនោះដេកស្លាប់ម្នាក់ឯងក្នុងបន្ទប់ដែលពុំមានភ្ញៀវស្នាក់នៅ តែមិនឃើញសង្សារទេ។

លោក ឈឿង គឹមសុង បានបញ្ជាក់ថា ដោយយោងលើស្ថានភាពហើមស្អុយនៃសាកសព ធ្វើឲ្យមានការលំបាកខ្លះៗក្នុងត្រួតពិនិត្យ ឬវិនិច្ឆ័យ ហើយបន្ថែមទៅលើជនរងគ្រោះធ្លាប់មានសង្សារជនជាតិខ្មែរម្នាក់ស្នាក់នៅជាមួយជាប្រចាំផង ទើបសមត្ថកិច្ចជំនាញមិនទាន់អាចធ្វើការសន្និដ្ឋានពីការស្លាប់នៃជនបរទេសនោះបាននៅឡើយទេ ។ ម្យ៉ាងទៀត ដោយសារនៅថ្ងៃកើតហេតុ គេមិនឃើញវត្តមានស្ត្រីជាសង្សារនៅទីនោះ ហើយគេក៏មិនបានដឹងថា ស្ត្រីជាសង្សារចាកចោលជនរងគ្រោះតាំងពីពេលណាផង ។ ដូច្នេះ ដើម្បីស្វែងរកការពិតលើករណីនេះ សមត្ថកិច្ចជំនាញត្រូវបើកការស៊ើបអង្កេត និងធ្វើការស្រាវជ្រាវបន្តឲ្យបាន
ល្អិតល្អន់សិន ៕
ចែករំលែកព័តមាននេះ