ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​សង្គ្រាម​រុញច្រាន​អតិផរណា​អ៊ី​រ៉​ង់​ហក់​ឡើង​ដល់​ជិត ៩០% ខ្ពស់​បំផុត​មិន​ធ្លាប់​មាន

3 ម៉ោង មុន

ទីក្រុង​តេ​ហេ​រ៉​ង់ ៖ អត្រា​អតិផរណា​ប្រចាំឆ្នាំ​របស់​ប្រទេស​អ៊ី​រ៉​ង់​បាន​ហក់​ឡើង​រហូត​ដល់ ៨៨,៦% ក្នុង​ខែមិថុនា ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ខណៈ​ពេល​ដែល​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​បង្កើន​សម្ពាធ​បន្ថែម​លើ​សេដ្ឋកិច្ច​ដែល​កំពុង​ជួប​ការ​លំបាក​ស្រាប់​ដោយសារ​ទណ្ឌកម្ម និង​វិបត្តិ​អតិផរណា​ធ្ងន់ធ្ងរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ នេះ​បើ​តាម​ទិន្នន័យ​ផ្លូវការ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦ ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP​។

យោង​តាម​មជ្ឈមណ្ឌល​ស្ថិតិ​ជាតិ​របស់​ប្រទេស​អ៊ី​រ៉​ង់ បាន​បង្ហាញ​ថា អតិផរណា​អំឡុង​ថ្ងៃ​ទី​២២ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៦ បាន​ហក់​ឡើង​យ៉ាង​គំហុក ដោយ​តម្លៃ​ស្បៀងអាហារ​កើនឡើង​ជាង​ទ្វេ​ដង ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន នៅ​ក្នុង​ប្រទេស​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ជីវភាព​រស់នៅ​រួច​ទៅ​ហើយ​មួយ​នេះ​។ ជាក់ស្តែង តម្លៃ​នំ​បុ័ង និង​គ្រាប់​ធញ្ញជាតិ​បាន​កើនឡើង​ដល់​ទៅ ១៣៨,៨% ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ទឹកដោះគោ ឈី​ស និង​ស៊ុត បាន​ឡើងថ្លៃ​រហូត​ដល់ ១៥១,៩%​។ ទិន្នន័យ​ដដែល​បាន​បង្ហាញ​ថា តម្លៃ​សាច់​ក្រហម និង​សាច់​បក្សី​ក៏​បាន​ហក់​ឡើង ១៧៨,២%​។

ជាមួយ​គ្នា​នោះ បើ​ប្រៀបធៀប​ទៅ អត្រា​អតិផរណា​ប្រចាំឆ្នាំ​មាន​កម្រិត ៦៨% កាលពី​ខែកុម្ភៈ ពោល​មុន​ពេល​មានការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម​ដែល​បើក​ការ​វាយប្រហារ​ដោយ​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល ប្រឆាំង​នឹង​ប្រទេស​អ៊ី​រ៉​ង់​។ ចំណែក​នៅ​មុន​នោះ អតិផរណា​បាន​ឈាន​ដល់ ៥២,៦% ធៀប​នឹង​ឆ្នាំ​មុន កាលពី​ខែធ្នូ ឆ្នាំ​២០២៥ ដែល​ជា​ពេល​មានការ​ផ្ទុះ​ឡើង​បាតុកម្ម​ប្រឆាំង​នឹង​ការ​កើនឡើង​នៃ​តម្លៃ​ជីវភាព មុន​ពេល​រីក​រាលដាល​ទៅ​ជា​ការ​តវ៉ា​នយោបាយ​ទ្រង់ទ្រាយ​ធំ​។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ី​រ៉​ង់ ត្រូវ​បាន​ញាំញី​ដោយ​វិបត្តិ​អតិផរណា​ធ្ងន់ធ្ងរ​រ៉ាំរ៉ៃ និង​ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នៃ​រូបិយប័ណ្ណ​រី​យ៉ា​ល់ (Rial) ដែល​ភាគច្រើន​បណ្តាល​មក​ពី​ទណ្ឌកម្ម​អន្តរជាតិ​។ ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ​អូស​បន្លាយពេល​យូរ​នេះ បាន​ធ្វើ​ឱ្យអំណាច​ទិញ​របស់​ប្រជាជន​ធ្លាក់​ចុះ​ជា​លំដាប់ ខណៈ​ដែល​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​អាក្រក់​ទៅ​ៗ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ បាន​ជំរុញ​ឱ្យ​មានការ​តវ៉ា​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ កាលពី​ខែធ្នូ ឆ្នាំ​មុន ហើយ​បើ​តាម​តួលេខ​ផ្លូវការ សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​ធ្វើ​ឱ្យ​វិបត្តិ​សេដ្ឋកិច្ច​របស់​អ៊ី​រ៉​ង់​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត​៕ ប្រភព ៖ The Times Of India