វៀតណាមគាំទ្រពេញទំហឹងលើគំនិតផ្ដួចផ្ដើមរបស់លោក ស សុខា ក្នុងការបង្កើតក្រុមត្រីភាគីបង្ក្រាប Online Scam
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានគាំទ្រឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃដែលបានផ្ដួចផ្ដើមបង្កើតក្រុមប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងOnline Scam ។

គំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្ដីពីការបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការបង្ក្រាបបទល្មើស រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្ដល់ការគាំទ្រប្រកបដោយទំនុកចិត្តខ្ពស់ ។

គំនិតផ្ដួចផ្ដើម និងការបញ្ជាក់គាំទ្រនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមខ្វាង ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ ជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ច ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ កម្ពុជា-ឡាវ-វៀតណាម ដែលក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី៣០ ខែមិថុនានេះ ។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានលើកឡើងថា យន្តការមន្ត្រីប្រចាំការត្រីភាគីនេះមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មានដល់គ្នាទៅវិញទៅមកឱ្យបានលឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពឆ្លើយតបបានទាន់ពេលវេលា ទៅនឹងសភាពការណ៍នៃការប្រឈមបទល្មើសជាអាទិ៍ការផ្លាស់ប្ដូរទិន្នន័យជនបរទេសធ្លាប់ប្រព្រឹត្ត ឬពាក់ព័ន្ធនឹងបទល្មើសដែលត្រូវបានដាក់ក្នុងបញ្ជីខ្មៅហាមចូលប្រទេសនីមួយៗ និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍ ដើម្បីបញ្ជូនពល រដ្ឋឱ្យគ្នាទៅវិញទៅមក ក្រោយការរកឃើញពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសផ្សេងៗជាដើម ។

ស្របគ្នានឹងការផ្លាស់ប្ដូរយោបល់ក្នុងជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានឯកភាពគ្នាបង្កលក្ខណៈឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ឆ្លៀតពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាបន្ថែមទៀត ក្នុងឱកាសក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី២នេះ ដោយមានជំនឿយ៉ាងមុតមាំថា យន្តការនេះនឹងលេចចេញជារូបរាង ហើយចាប់ផ្ដើមធ្វើការជាមួយគ្នាក្នុងស្មារតីសហប្រតិបត្តិការប្រកបដោយមិត្តភាពសំដៅរួមចំណែកលើកកម្ពស់ប្រសិទ្ធ ភាពការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ៕


ចែករំលែកព័តមាននេះ