ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ប្តូរ​មក​គេង​ផ្អៀង​ខាងឆ្វេង ៖ ដំណោះស្រាយ​ធម្មជាតិ​ដ៏​សាមញ្ញ សម្រាប់​អ្នក​ចាល​អាស៊ី​ដ​ក្រពះ

42 នាទី មុន

ការ​ចាល​អាស៊ី​ដ​ក្រពះ ឬ​ជំងឺ​ច្រាល​ទឹក​អាស៊ី​ដ (GERD) គឺជា​ទុក្ខ​កង្វល់​ដ៏​ធំ​មួយ​ដែល​រំខាន​ដល់​ដំណេក និង​ក្តី​សុខ​របស់​មនុស្ស​ជា​ច្រើន​នៅ​ពេល​យប់​។ ការ​ក្រហាយ​ដើមទ្រូង ភើរ​ជូរ និង​ណែន​ណែន​ក្នុង​ពោះ តែងតែ​ធ្វើ​ឱ្យ​យើង​គេង​មិន​លក់ ឬ​ភ្ញាក់​ទាំង​កណ្តាលអធ្រាត្រ​។ ប៉ុន្តែ តើ​អ្នកដឹង​ទេ​ថា ពេល​ខ្លះ​ដំណោះស្រាយ​មិនមែន​នៅ​លើ​ឱសថ​តែ​មួយ​មុខ​នោះ​ឡើយ គឺ​គ្រាន់តែ​ផ្លាស់​ប្តូរ​មក «​គេង​ផ្អៀង​ខាងឆ្វេង​» ក៏​អាច​ជួយ​សម្រាល​អាកា​រៈ​នេះ​បាន​យ៉ាង​អស្ចារ្យ​ដែរ​។

ខាងក្រោម​នេះ​ជា​ហេតុផល​វិទ្យាសាស្ត្រ និង​អត្ថប្រយោជន៍​ដែល​អ្នក​គួរ​យល់​ដឹង​៖

ហេតុ​អ្វី​ការ​គេង​ផ្អៀង​ខាងឆ្វេង​អាច​ជួយ​បាន? (​យោង​តាម​លក្ខណៈ​កាយវិភាគសាស្ត្រ​)

តាម​លក្ខណៈ​រូបរាង​កាយ​របស់​មនុស្ស​យើង ក្រពះ​មាន​ទីតាំង​ស្ថិត​នៅ​ផ្នែក​ខាងឆ្វេង​នៃ​ដងខ្លួន​។ នៅ​ពេល​ដែល​យើង​សម្រេចចិត្ត​គេង​ផ្អៀង​ទៅ​ខាងឆ្វេង ក្រពះ​នឹង​ស្ថិត​នៅ​ទីតាំង​ទាប​ជាង​បំពង់​អាហារ​។ កត្តា​នេះ​ធ្វើ​ឱ្យ​ទឹក​អាស៊ី​ដ និង​អាហារ​ទាំងឡាយ​នៅ​ក្នុង​ក្រពះ ធ្លាក់​ចុះ​មក​ក្រោម​ដោយសារ​កម្លាំង​ទំនាញផែនដី ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ទឹក​អាស៊ី​ដ​មិន​អាច​ហូរ​ច្រាល​បក​ថយក្រោយ​ទៅ​ក្នុង​បំពង់​អាហារ​បាន​ឡើយ​។

ផ្ទុយ​ទៅ​វិញ ប្រសិនបើ​អ្នក​គេង​ផ្អៀង​ទៅ​ខាងស្តាំ ក្រពះ​នឹង​ស្ថិត​នៅ​ទីតាំង​ខ្ពស់​ជាង​បំពង់​អាហារ ដែល​ធ្វើ​ឱ្យ​ទឹក​អាស៊ី​ដ​ងាយ​នឹង​ហូរ​ច្រាល និង​បង្ក​ការ​ក្រហាយ​ដើមទ្រូង​ខ្លាំង​ជាង​មុន​ទ្វេ​ដង​។

អត្ថប្រយោជន៍​បន្ថែម​នៃ​ការ​គេង​ផ្អៀង​ខាងឆ្វេង

ក្រៅពី​ជួយ​ទប់ស្កាត់​ការ​ចាល​អាស៊ី​ដ ការ​គេង​ផ្អៀង​ខាងឆ្វេង​ក៏​ផ្តល់​ផល​ល្អ​ៗ​ជា​ច្រើន​ទៀត​ដល់​សុខភាព​ទូទៅ​៖

-​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​៖ ជួយ​ឱ្យ​កាក​សំណល់​អាហារ​ធ្វើ​ចលនា​ឆ្លងកាត់​ពោះវៀនធំ​បាន​ងាយស្រួល និង​ជំរុញ​ការ​រំលាយ​អាហារ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​ពេល​ព្រឹក​។

-​កាត់​បន្ថយ​ការ​ស្រមុក​៖ ជួយ​បើកផ្លូវ​ដង្ហើម​ឱ្យ​ស្រឡះ​ល្អ មិន​ងាយ​ទប់​ខ្យល់​ដង្ហើម​ដូច​ការ​គេង​ផ្ងារ​ឡើយ​។

-​ល្អ​សម្រាប់​សុខភាព​បេះដូង​៖ ជួយ​សម្រាល​សម្ពាធ​ឈាម​ដែលរ​ត់ទៅ​កាន់​បេះដូង ធ្វើ​ឱ្យ​របត់​ឈាម​រត់​បាន​ស្រួល​ពេញ​រាង​កាយ​។

គន្លឹះ​បន្ថែម​ដើម្បី​គេង​លក់​ស្រួល និង​គ្មាន​ការ​ចាល​អាស៊ី​ដ

ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​កាន់តែ​ទ្វេ​ដង បងប្អូន​គួរ​អនុវត្ត​ទម្លាប់​ល្អ​ៗ​ទាំងនេះ​បន្ថែម​៖

-​កុំ​គេង​ភ្លាម​ៗ​ក្រោយ​ញ៉ាំ​អាហារ​៖ គួរ​ទុក​ពេល​យ៉ាងតិច ៣ ទៅ ៤ ម៉ោង ក្រោយ​ការ​ពិសារ​អាហារ​ពេល​ល្ងាច ទើប​ចូល​គេង​។

-​កាត់​បន្ថយ​អាហារ​បង្ក​អាស៊ី​ដ​៖ ជៀសវាង​អាហារ​ហឹរ​ខ្លាំង ខ្លាញ់​ច្រើន គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​នៅ​ពេល​ល្ងាច​។

-​កល់​ក្បាល​ដំណេក​ឱ្យ​ខ្ពស់​បន្តិច​៖ ការ​ប្រើប្រាស់​ខ្នើយ​កល់​ក្បាល និង​ស្មា​ឱ្យ​ខ្ពស់​ជាង​ដងខ្លួន​បន្តិច (​ប្រហែល ១៥ ទៅ ២០ សង់ទីម៉ែត្រ​) អាច​ជួយ​ទប់ស្កាត់​ការ​ច្រាល​ទឹក​អាស៊ី​ដ​បាន​យ៉ាង​ល្អ​ ៕