ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរា.ម​​ដល់ជីវិ.ត​ប្រពន្ធ​និង​ម្ដាយក្មេក លុះត្រូវឃាត់ខ្លួន ប្តីឆ្លើយបដិសេធ និងប្រាប់មូលហេតុគួរឱ្យហួសចិត្ត​

42 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំស្រួច​ធ្វើការ​ឃាត់ខ្លួន តាម​បណ្តឹង​របស់​ប្រពន្ធ ខណៈ​ដែល​បុរស​ជនសង្ស័យ​ខាងលើ​យក​ដុំ​ថ្ម ទាញ​ដំបង​ឈើ កា​បិត និង​ចំពាមកៅស៊ូ ដេញ​វាយ​និង​បាញ់​ទៅ​លើ​សាច់ញាតិ​ក្រុម​គ្រួសារ​ប៉ុន្តែ​មិន​ត្រូវ ហើយ​គំរាម​សម្លាប់​ប្រពន្ធ​និង​ម្ដាយ​ក្មេង​ថែម​ទៀត​ផង​ព្រោះតែ​ផឹកទឹក​ប្ដូរ​និស្ស័យ​ច្រើន​ពេក ដោយ​ទ្រាំ​នូវ​ទ​ង្វើ​របស់​ប្តី​លែង​បាន ក៏​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តែ​ម្តង​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា​នៅ​មុន​ពេល​ឃាត់ខ្លួន​បុរស​ជា​ប្តី​ខាងលើ នៅ​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ មានឈ្មោះ រឿ​ន ផា​ន ភេទ​ស្រី អាយុ​៤០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ជន្លង់ម្លូរ ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច បាន​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រៃ​រំដួល ទៅ​លើ​ឈ្មោះ ស៊ុម ធា​រា អាយុ​៣៥​ឆ្នាំ ត្រូវជា​ប្ដី​របស់​ខ្លួន​។ បើ​តាម​ការ​រៀបរាប់​របស់​ស្ត្រី​ជា​ប្រពន្ធ​ថា កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២៦​កន្លង​ទៅ គាត់​( រូប​ខ្លួន​)​បាន​ត្រឡប់​មក​ពី​ស្រែ ពេល​មក​ដល់​ផ្ទះ​ឈ្មោះ ស៊ុម ធា​រ៉ា (​ប្តី​) ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ បាន​រករឿង​ខ្លួន ជេរ​ប្រមាថមើលងាយ​ម្ដាយ​ខ្លួន និង​គំរាម​សម្លាប់​មក​លើ​រូប​ខ្លួន និង​បាន​យក​ដុំ​ថ្ម ដំបង​ឈើ និង​កាំបិត គប់​មក​លើ​បងប្អូន និង​យក​ជំ​ពាម​កៅស៊ូ​ដេញ​បាញ់​មក​លើ​រូប​ខ្លួន​ទៀត ប៉ុន្តែ​បាន​នាំ​គ្នា​គេចខ្លួន​ទើប​មិន​បណ្ដាល​ឲ្យ​មាន​របួស​នោះ​ទេ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង របស់​ជន​រង​គ្រោះជា​ប្រពន្ធ​រួច​មក​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ជំនាញ​ស្រុក​ភ្នំស្រួច បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រៃ​រំដួល បាន​ចុះ​ទៅ​ធ្វើការ​ឃាត់​ជនសង្ស័យ​នៅផ្ទះ ដើម្បី​យក​មក​សាកសួរ ពេល​សួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ ពាក្យបណ្ដឹង​របស់​ស្ត្រី​ប្រពន្ធ​។ ដោយ​បុរស​សង្ស័យ​ខាងលើ ឆ្លើយ​យ៉ាង​ខ្លី​ថា​មូលហេតុ មក​ពី​រូបគេ ស្រវឹងស្រា​។

បើ​យោង​តាម​ការ​បញ្ជាក់​របស់ នគរបាល​ស្រុក​ភ្នំស្រួច​ថា បុរស​ជា​ជនសង្ស័យ ឈ្មោះ ស៊ុម ធា​រ៉ា ខាងលើ​នេះ ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​រំដួល​ពាក់ព័ន្ធ​ករណី ហិង្សា​ក្នុង​គ្រួសារ កាលពី​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ​។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ នគរបាល​បាន​ធ្វើការ​ដកហូត ដុំ​ថ្ម​ចំនួន​២​ដុំ ដំបង​ឈើ​ចំនួន​២​កំណាត់ ជំ​ពាម​កៅស៊ូ​ចំនួន​១ និង​កាំបិត​ចំនួន​២​ដើម​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​រួម​ជាមួយនឹង​វត្ថុ​តាង​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​ក៏​បាន​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕​