ទីក្រុងប៊ែឡាំង៖ មានហេតុការណ៍បាញ់ប្រហារនៅប្រទេសអាល្លឺម៉ង់បណ្ដាលឱ្យស្លាប់មនុស្ស៦នាក់នៅក្នុងទីជម្រកស្នាក់នៅសម្រាប់ម្ដាយ និងកូន។ បុរសវ័យ៤៥ឆ្នាំម្នាក់ដែលមានទំនាស់ពាក់ព័ន្ធនឹងការដណ្ដើមសិទ្ធិគ្រប់គ្រងកូនត្រូវគេសង្ស័យថាជាជនដៃដល់នៅក្នុងអំពើនេះ។ បុរសរូបនោះត្រូវណាត់ជួបនៅទីជម្រកនៃតំបន់មួយស្ថិតនៅកៀកនឹងទីក្រុងកំពង់ផែហាមបឺក (Hamburg) កាលពីពេលព្រឹក។ លុះដល់ថ្ងៃត្រង់ គាត់ក៏បើកការបាញ់ប្រហារតែម្ដង។

នៅក្នុងចំណោមជនរងគ្រោះដែលស្លាប់ទាំងនោះ ៤នាក់ជាស្ត្រី និង២នាក់ជាបុរស។ ពួកគេសុទ្ធតែជាបុគ្គលិកនៃមជ្ឈមណ្ឌលនេះ។ កូនស្រីអាយុ៣ខែរបស់បុរសជាជនសង្ស័យ រួមទាំងស្ត្រីជាម្ដាយទារិកានោះមិនបានរងរបួសអ្វីទេ ហើយពួកគេមានសុវត្ថិភាពជាធម្មតា។ បុរសជាជនសង្ស័យរួមជាមួយស្ត្រីជាម្ដាយទារិកា និងស្ត្រីម្នាក់ទៀតត្រូវសមត្ថកិច្ចចាប់ឃុំខ្លួន។ ដំណឹងនេះបានលេចឮដល់ប្រធានាធិបតីអាល្លឺម៉ង់ លោកហ្វ្រាងវ៉ាល់តឺ ស្តែនម៉ៃអឺ (Frank-Walter Steinmeier)។

លោកម៉ៃអឺសម្ដែងការសោកស្ដាយយ៉ាងខ្លាំង។ លោកថាលោកមានចិត្តស្លុតរន្ធត់ចំពោះអំពើហិង្សាដែលកើតឡើងមានទំហំធំនៅក្នុងទីកន្លែងដែលគួរណាស់ផ្ដល់នូវកិច្ចគាំពារដល់ពួកគេ។ ការសម្លាប់រង្គាលបែបនេះជាករណីដែលកម្រនឹងកើតមាននៅប្រទេសអាល្លឺម៉ង់។ បើនៅអាមេរិកសម្បូរជាង។ កាលពីឆ្នាំ២០២៣ ជនប្រដាប់អាវុធម្នាក់រស់នៅទីក្រុងហាមបឺកបាញ់សម្លាប់មនុស្ស៦នាក់មុននឹងបាញ់សម្លាប់ខ្លួនឯង។ កាលពីឆ្នាំ២០១៦ បុរសកូនកាត់អាល្លឺម៉ង់-អ៊ីតាលីម្នាក់វ័យ១៨ឆ្នាំបាញ់សម្លាប់មនុស្សយ៉ាងតិច៩នាក់នៅទីក្រុងមូនិច (Munich)។

នៅក្នុងសំណុំរឿងបាញ់ប្រហារថ្មីបំផុតនេះ មុនដំបូង នគរបាលអំពាវនាវឱ្យប្រជាជនស្ថិតនៅឱ្យឆ្ងាយពីកន្លែងកើតហេតុ។ ប៉ុន្តែក្រោយមក ពួកគេប្រកាសថាគ្មានអ្វីគួរឱ្យព្រួយបារម្ភទៀតទេ។ នគរបាលបានដាក់ខ្សែហ៊ុមព័ទ្ធជុំវិញតំបន់កើតហេតុ។ ក្រុមអ្នកជំនាញខាងសំណុំរឿងឃាតកម្មក៏ចុះទៅទីនោះផងដែរ។ ជនរងគ្រោះ៥នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ក្រោយពេលដឹកទៅដល់មន្ទីរពេទ្យ។ រូបវីឌីអូដែលផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកបង្ហាញនគរបាលព័ទ្ធ និងឃុំខ្លួនមនុស្ស២នាក់ដែលធ្វើដំណើរនៅក្នុងរថយន្តបែកកង់។ ជនសង្ស័យនៅក្នុងអំពើបាញ់ប្រហារនោះរស់នៅទីក្រុងហេនអូវើ (Hannover) និងចាប់កំណើតនៅប្រទេសអាល្លឺម៉ង់។ គាត់ជាប់សែស្រឡាយជនជាតិតួកគី៕ ប្រភព៖ Reuters
ចែករំលែកព័តមាននេះ