ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បាន​មុខសញ្ញា​លួច​កាត់​ខ្សែភ្លើង​តាម​ផ្លូវ​ ២​នាក់ ភ្លាម​ៗ​ពេល​សមត្ថកិច្ច​កំពុង​ល្បាត

12 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ដោយ​មានការ​ដឹកនាំ​ចង្អុលបង្ហាញ​ដ៏​ខ្ពង់ខ្ពស់​ពី​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​តាម​កា​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ណុ​ប បញ្ញា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ នៅ​យប់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​២០:៣៥​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​រាម បាន​សហការ​ជាមួយ​កម្លាំងយោធា​មូលដ្ឋាន​សមុទ្រ​រាម ធ្វើការ​ល្បាត​តាម​ភូមិសាស្ត្រ​ស្មុគស្មាញ លុះ​មក​ដល់​ចំណុច​ក្បាលហុង ស្ថិត​ក្នុងភូមិ​អុង សង្កាត់​រាម ក្រុង​កំពង់សោម ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់​ជនសង្ស័យ ១​នាក់ ដែល​កំពុង​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែរ​ភ្លើង តាម​បណ្តោយ​ផ្លូវ​បេតុង រួច​បន្ត​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត ។

ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ៖
១. ឈ្មោះ លី ស៊ី​ថា ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ។
២. ឈ្មោះ ម៉ា​ន់ ល័​ក្ខ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​កម្មករ​សំណង់ ។
អ្នក​ទាំង ០២​នាក់​ខាងលើ ស្នាក់​នៅ​ចំណុច​ក្បែរ​វត្ត​អូរ​ត្រេះ ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

វត្ថុ​តាង​ដកហូត​រួម​មាន​៖
-​ម៉ូតូ​ចំនួន ២​គ្រឿង​(​ជិះ​ធ្វើ​សកម្មភាព​)
១. ម៉ាក់​សង់ C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​2026 ពាក់​ផ្លា​ក​ភ្នំពេញ​1MB.1137
២. ម៉ាក​សង់ C125​ពណ៌​ខ្មៅ ផលិត​ឆ្នាំ​2013 ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1CA.4505
-​ខ្សែភ្លើង​មួយ​ចំនួន
-​កូនកាំបិត​ចំនួន ៣​ដើម
-​ដង្កាប់​ចំនួន ៣​ដើម
-​ទូរស័ព្ទ​ចំនួន ៣​គ្រឿង
-​ពិល​ចំនួន ១​គ្រឿង

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សួរនាំ ជនសង្ស័យ​ទាំង ០២​នាក់ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែភ្លើង​នេះ (​យ៉ាង​សកម្ម​)​ពិតប្រាកដ​មែន ព្រមទាំង​បាន​ប្រើប្រាស់​គ្រឿងញៀន​ថែម​ទៀត​ផង (​ធ្វើតេស្ត​+​វិជ្ជមាន​សារធាតុ​ញៀន​) ។ ក្នុង​នោះ​សមត្ថកិច្ច​នគរបាល​យើងខ្ញុំ​បាន​ទទួល​ពាក្យបណ្តឹង ចំនួន​៤ ពី​ប្រជាពលរដ្ឋ នៅ​ទីតាំង​កើតហេតុ​ផង​ដែរ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ ត្រូវ​បាន​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់សោម កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បន្ត​តាម​នីតិវិធី ៕