ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​ប្រឈម​នឹង​ការ​​ដក​តំណែង​​ប្រសិន​បើ​ក្រុម​ប្រជា​ធិបតេយ្យ​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា

10 ម៉ោង មុន

ទីក្រុង​វ៉ាស៊ីន​តោន៖ លោក​វីល​បឺរ៉ូស​ដែល​ធ្លាប់​ធ្វើ​ការ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​កាល​ពី​ជំនាន់​លោក​ដូណាល់​ត្រាំ​កាន់​តំណែង​អាណត្តិ​ទី​មួយ​ថ្លែង​ថា​គាត់​គ្មាន​ការ​សង្ស័យ​ឡើយ​ថា​ប្រសិន​គណ​បក្ស​ប្រជា​ធិបតេយ្យ​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នា​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ពួក​គេ​នឹង​ចាត់​ការ​បោះ​ឆ្នោត​ដក​តំណែង​លោក​ត្រាំ​។ ប្រសិន​បើ​ក្រុម​ប្រជា​ធិបតេយ្យ​ឈ្នះ​ឆ្នោត​នៅ​ព្រឹទ្ធ​សភា​ ពេល​នោះ​ដំណើរ​ការ​ដក​តំណែង​នឹង​ទទួល​បាន​ជោគ​ជ័យ​។ វីល​បឺរ៉ូស​ថ្លែង​បន្ត​ទៀត​ថា​សម្រាប់​លោក​ត្រាំ ការ​ប្រថុយ​ប្រថាន​របស់​លោក​មាន​កម្រិត​ខ្ពស់​។

ប្រសិន​បើ​ក្រុម​ប្រជា​ធិបតេយ្យ​ទទួ​លបាន​សំឡេង​ច្រើន​គ្រប់​គ្រាន់​នៅ​រដ្ឋ​សភា​ ពួក​គេ​នឹង​រៀប​ចំ​បោះ​ឆ្នោត​ដក​តំណែង​លោក​ត្រាំ​ ហើយ​ប្រសិន​បើ​ពួក​គេ​មាន​សំឡេង​ភាគ​ច្រើន​នៅព្រឹទ្ធ​សភា​ថែម​ទៀត​ ពួក​គេ​នឹង​នាំ​លោក​ត្រាំទៅ​កាត់​ទោសតែ​ម្ដង​។ គេ​មិន​ត្រូវ​ភ្លេច​ថា​កាល​ពី​អាណត្តិ​ទី​១ លោក​ត្រាំ​ត្រូវ​ក្រុម​ប្រ​ជា​ធិបតេយ្យ​កោះ​ប្រជុំ​សភា​ដើម្បី​បោះ​ឆ្នោត​ដក​តំណែង​ចំនួន​២​ដង​។ ករណី​ទី​១​កើត​ឡើង​នៅ​ឆ្នាំ​២០១៩ ពួក​គេ​ចោទ​ប្រកាន់​ថា​​លោក​​បាន​​រំលោភ​អំណាច​ និង​រា​រាំង​ការ​អនុ​វត្ត​នីតិ​វិធី​របស់​សភា​ខង់​ហ្ក្រែស​ (រដ្ឋ​សភា​ និង​ព្រឹទ្ធ​​សភា​)។ ពួក​គេ​ធ្វើ​ដូច្នេះ​បន្ទាប់​ពី​លោក​ត្រាំ​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​ស៊ើប​អង្កេត​លោក​ចូបៃ​ដឹន​ និង​កូន​ប្រុស​របស់​គាត់​ (ហាន់​ថឺ​ បៃ​ដឹន -Hunter Biden)។

ករណី​ទី២​កើត​ឡើង​នៅ​ឆ្នាំ​២០២១​ពាក់​ព័ន្ធ​នឹង​ករណី​ដែល​លោក​ត្រាំ​និយាយ​ញុះ​ញង់​ឱ្យ​ក្រុម​អ្នក​គាំ​ទ្រ​លោក​ប្រព្រឹត្ត​អំពើ​ហិង្សា​ប្រឆាំង​នឹង​រដ្ឋាភិបាល​អាមេរិក​មុន​អំពើ​បះ​បោរ​នៅ​វិមាន​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មករា​ ឆ្នាំ​២០២១​។ ការ​ប៉ុន​ប៉ង​ដក​តំណែង​លោក​ត្រាំ​សុទ្ធ​តែ​ធ្វើ​បាន​ជោគ​ជ័យ​នៅ​រដ្ឋ​សភា​ព្រោះ​គណ​បក្ស​ប្រជា​ធិ​បតេយ្យ​មាន​សំឡេង​ភាគ​ច្រើន​នៅ​រដ្ឋ​សភា​។ លុះសំណុំ​រឿង​នេះ​ឡើង​ទៅ​ដល់​ព្រឹទ្ធ​សភា​ ពួក​គេ​មិន​ទទួល​ជោគ​ជ័យ​ទេ​​ព្រោះ​គណបក្ស​សា​ធារណ​រដ្ឋ​មាន​សំឡេង​ភាគច្រើន​នៅព្រឹទ្ធ​សភា​។

សមាជិក​គណ​បក្ស​សាធារណ​រដ្ឋ​ជាន់​ខ្ពស់​មួយ​ចំនួន​ឱ្យ​តម្រុយ​ថា​ក្រុម​ប្រជា​ធិបតេយ្យ​មុខ​ជា​ប្រើ​ស្នៀត​នេះ​ជា​បន្ត​ទៀត​ក្រោយ​ការ​បោះ​ឆ្នោត​សភា​។ ប្រធាន​រដ្ឋ​សភា​អាមេរិក​ លោក​ម៉ាយ​ចន​សុន (មក​ពីគណ​បក្ស​សា​ធារណ​រដ្ឋ​) ទទួល​ស្គាល់​ថា​វា​​ជា​ហានិ​ភ័យ​មួយ​ប្រសិន​បើ​គណ​បក្ស​សា​ធារណ​រដ្ឋ​ចាញ់​ឆ្នោត​នៅ​រដ្ឋ​សភា​។ លោក​ថា​មិន​ត្រឹម​តែ​លោក​ត្រាំ​ទេ​ ក្រុម​ប្រជា​ធិបតេយ្យ​នឹង​ឆ្លៀត​ឱកាស​ដែល​ពួក​គេ​មាន​ប្រៀប​នៅ​រដ្ឋ​សភា (ប្រសិន​បើ​ឈ្នះឆ្នោត​នា​ពេល​ខាង​មុខ) ដើម្បី​ចាត់​ការ​អ្នក​ដទៃ​ទៀត​ដូច​ជា​សមាជិក​គ្រួសារ​របស់​ត្រាំ ​រួម​ទាំង​សហ​ការី​របស់​គាត់​ និង​សមាជិក​គណៈ​រដ្ឋ​មន្ត្រី ៕ ប្រភព៖ Newsweek