ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​បញ្ជូន​បេសក​ជន​​​របស់​ខ្លួន​​ទៅ​ទី​ក្រុង​ដូហា ប្រទេស​កា​តា​ ដើម្បី​បន្ត​ការ​ចរ​ចា​នា​ជា​មួយ​អ៊ីរ៉ង់

3 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​ថ្លែង​ថា​គម្រោង​ជួប​គ្នា​កម្រិត​ខ្ពស់​ដើម្បី​ដោះ​ស្រាយ​បញ្ហា​អ៊ីរ៉ង់​នឹង​រៀប​ចំ​នៅ​ទី​ក្រុង​ដូហា (Doha) ប្រទេស​កាតា នា​ថ្ងៃ​អង្គារ​នេះ​ហើយ​។ បេសកជន​ពិសេស​របស់​លោក​ត្រាំ​គឺ​លោក​ស្ទីវ​វីត​ខូស និង​កូន​ប្រសា​របស់​លោក​ត្រាំ​នឹង​ចូល​​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​។ ការ​ជួប​គ្នា​កម្រិត​បច្ចេក​ទេស​ក៏​នឹង​កើត​មាន​​ឡើង​នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ​។ ​លោក​ដូណាល់​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​អ៊ីរ៉ង់​ជា​អ្នក​ស្នើ​សុំ​ជួប​គ្នា​។ លោ​កថា​ការ​ជួប​គ្នា​នឹង​រៀប​ចំ​ឡើង​នៅ​រដ្ឋ​ធានី​របស់​ប្រទេស​កាតា​។ លោ​ក​សរ​សេរ​ដោយ​សង្ខេប​តែ​ត្រឹម​នេះ​​ដោយ​មិនបាន​​ផ្ដល់​សេចក្ដី​​លម្អិត​នោះ​ទេ​។

មួយ​សន្ទុះ​ក្រោយ​មក​ មន្ត្រី​ទទួល​បន្ទុក​ខាង​ទំនាក់​ទំនង​ព័ត៌​មាន​ និង​ជា​អ្នក​នាំ​ពាក្យ​សេត​វិមាន​ លោ​ក​ស្រី​ខារ៉ូ​ឡាញ ឡេវីត (Karoline Leavitt) បញ្ជាក់​​​ប្រាប់​ទូរ​ទស្សន៍​ហ្វក់ថា​​ (Fox) លោក​វីត​ខូស និង​កូន​ប្រ​សា​លោក​ត្រាំ​នឹង​ចូលរួម​​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​។ លោក​ទាំង​២​នឹង​ជិះ​យន្ត​ហោះ​ទៅ​រដ្ឋ​ធានី​ដូហា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កម្រិត​ខ្ពស់​នៅ​សប្ដាហ៍​នេះ​ដើម្បី​បន្ត​ការ​ពិភាក្សា​គ្នា​អំពី​អនុស្សារណៈ​យោគ​យល់​គ្នា​។ លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​ការ​ពិភាក្សា​កម្រិត​ខ្ពស់ និង​កម្រិត​បច្ចេក​ទេស​ក៏​នឹង​រៀប​ចំ​ផង​ដែរ​។

តាម​ដែល​យើង​ដឹង​ យើង​ប្រកាន់​ខ្ជាប់​នូវ​ការ​បិទ​បញ្ចប់​បទ​ឈប់បាញ់​ ហើយ​យើង​ប្រកាន់​ខ្ជាប់​ថា​​អំពើ​ហិង្សា​ត្រូវ​តែ​ទទួល​រង​ការ​តប​ត​​ដោយ​អំពើ​ហិង្សា​ត្រឡប់​ទៅ​វិញ​។ សូម​រំលឹក​ថា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា អាមេរិក​ និង​អ៊ីរ៉ង់​បាន​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សារណៈ​យោគ​យល់​គ្នា​​​១៤​ចំណុច​ដែល​មាន​គោល​​ដៅ​បិទ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​ជា​ស្ថា​ពរ​។ ក្នុ​ងនោះ​ ក៏​មាន​លក្ខ​ខណ្ឌ​​​និយាយ​អំពី​​ការ​​បិទ​បញ្ចប់​អរិភាព​នឹង​គ្នា​ និង​ការ​បើក​ច្រក​សមុទ្រ​ហ័រ​ម៉ូស​ឡើង​វិញផង​ដែរ​។

ប៉ុន្តែ​ការ​វាយ​សង​សឹក​គ្នា​ទៅវិញ​ទៅ​មក​កាល​ពី​សប្ដាហ៍​មុន​នោះ​ធ្វើ​ឱ្យគេ​ព្រួយ​បារម្ភ​​​ថា​អនុស្សារណៈ​នោះ​អាច​នឹង​បរាជ័យ​​។ ​ប្រទេស​ទាំង​២​យល់​ព្រម​វិល​ចូល​តុ​ចរ​ចា​វិញ​បន្ទាប់​ពី​វាយ​បក​គ្នា​ទៅ​វិញ​ទៅ​មក​។ មុន​ដំបូង​ អ៊ីរ៉ង់​​វាយ​ប្រហារ​​កប៉ាល់​ដឹក​ទំនិញ​មួយ​គ្រឿង​ក្រោម​ហេតុ​ផល​ថា​កប៉ាល់​នោះ​មិន​ស្ដាប់​តាម​ការ​ណែនាំរបស់​អ៊ីរ៉ង់​​។ ក្រោយ​មក​ អាមេរិក​ក៏​ចាត់​ការ​វាយ​ប្រហារ​អ៊ីរ៉ង់​វិញ​។ ភាគី​ទាំង​២​ចោទ​​​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​អ្នក​រំលោភ​បទ​ឈប់​បាញ់​។ លោក​ស្រី​ឡេវីត​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ហ្វក់​ថា​កប៉ាល់​ពាណិជ្ជ​កម្ម​បាន​រង​ការ​វាយ​ប្រហារ​។ ហេតុ​នេះ​លោក​ដូណាល់​ត្រាំ​បាន​ចេញ​បញ្ជា​ផ្ទាល់​ថា​ត្រូវ​តែ​ឆ្លើយ​តប​នឹង​ទង្វើ​នេះ​។ ការ​ឆ្លើយ​តប​បែប​នេះ​នឹង​កើត​មាន​ជា​បន្ត​ទៀត​។ ប៉ុន្តែ​យើង​មិន​ចង់​ឃើញ​រឿង​នេះ​កើត​ឡើង​ទេ​។ លោក​ត្រាំ​ចង់​ឃើញ​សន្តិ​ភាព​កើត​មាន​ឆាប់​ៗ​នេះ​៕ ប្រភព៖ Channel News Asia