ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ចោទ​ប្រកាន់​ពីរ​នាក់​ប្ដី​ប្រពន្ធ​ពី​បទ​ម.នុ.ស្ស​ឃា.ត​លើ​កូន​ខ្លួន​​ឯង​ព្រោះ​ឱ្យ​គ្នា​ញ៉ាំ​តែ​ដំឡូង​ចៀន​រហូត​ដល់​ឡើ​ងទម្ងន់​ជាង​១០០​គីឡូ

2 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ប្ដី​ប្រពន្ធ​២​នាក់​នៅ​អាមេរិក​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់ពី​បទមនុស្ស​ឃាត និង​បៀត​បៀន​កូន​ខ្លួន​ឯង​បន្ទាប់​ពី​ពួក​គេ​ខិត​ខំ​ថែ​បំប៉ន​បញ្ចុក​ចំណី​កូន​ឱ្យ​ឆាប់​ធំ​ធាត់​រហូត​ដល់​គ្នា​ស្លាប់​ទាំង​វ័យ​ក្មេង​។ កូន​ប្រុស​របស់​ពួក​គេ​ទើប​តែ​មាន​អាយុ​៧​ឆ្នាំ​ប៉ុណ្ណោះ​ ប៉ុន្តែ​កុំមើល​ទម្ងន់​របស់​គេ​រហូត​ដល់​ជាង​១​រយ​គីឡូ​ក្រាម​។ ប៉ាម៉ាក់​របស់​គេ​ច្រើន​បំពោរ​បំប៉ន​កូន​របស់​ខ្លួន​ដោយ​ដំឡូង​ចៀន​ និង​អាហារ​សម្រន់​ដទៃ​ទៀត​។ នៅ​ទី​បំផុត​ កូន​ក៏​ធំ​ធាត់​ជ្រុល​ពេក​រហូត​ដល់​កើត​ជំងឺ​ធ្វើ​ទុក្ខ​បេះ​ដូង និង​ក្ស័យ​សង្ខារ​បាត់​ទៅ​។

បុរស​ជា​ឪ​ពុក​ឈ្មោះ​ដេ​មៀន អូ​ប្រៀន (Damien O’Brien) វ័យ​៤០​ឆ្នាំ និង​ស្ត្រី​ជា​ម្ដាយ​ឈ្មោះ​ចេ​ស៊ីកា អូប្រៀន (Jessica O’Brien) វ័យ​៤១​ឆ្នាំ​ រស់​នៅរដ្ឋ​មីស៊ី​ហ្គែន។ អ្នក​ទាំង​២​ត្រូវ​បាន​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ថ្នាក់​ទី​២ ​ធ្វើ​ទារុណ​កម្ម និង​បៀត​បៀន​កូន​កម្រិត​ទី​២។ បទ​ចោទ​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​កូន​របស់​ពួក​គេ​ឈ្មោះ​កាស់​ស្ពៀ​ (Caspia) កាល​ពី​ឆ្នាំ​មុន​។ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនា​វដ្ដី​ភីផល (People) រដ្ឋ​អាជ្ញា​អះ​អាង​ថា​ចេស៊ីកា​បាន​ហៅ​ទូរ​ស័ព្ទ​ទៅ​លេខ​៩១១​កាល​ពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ដើម្បី​ប្រាប់​សមត្ថ​កិច្ច​ថា​កូន​ប្រុស​របស់​ខ្លួន​ដក​ដង្ហើម​ស្ទើរ​ស្លាប់​ស្ទើរ​រស់​។

​ភ្នាក់​ងារ​សង្គ្រោះ​បន្ទាន់​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​ជួល​ដែល​ពួក​គេស្នាក់​នៅ​។ ទៅ​ដល់​ឃើញ​កុមារ​នោះ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​ណាស់​ទៅ​ហើយ​។ ជា​មួយ​នឹង​ទម្ងន់​រហូត​ដល់​១១៥​គីឡូ​ក្រាម​នៅ​ក្នុង​វ័យ​៧​ឆ្នាំ​ពិត​ជា​មិន​ធម្ម​តា​ទេ​។ កូន​នោះ​មិន​អាច​កម្រើក​ខ្លួន​បាន​ទាល់​តែ​សោះ​។ គេ​បាន​បញ្ជូន​គាត់​​ទៅ​មន្ទីរ​ពេទ្យ​​ជា​បន្ទាន់​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ គាត់​ក៏​បាន​លា​ចាក​លោក​នេះ​ទៅ​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​នោះ​។ លទ្ធ​ផល​នៃ​ការ​ធ្វើ​កោសល្យ​វិច័យ​បង្ហាញ​ថា​ក្មេង​ប្រុស​ឈ្មោះ​កាស់​ស្ពៀ​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង​រីក​។ បញ្ហា​ធាត់​ខ្លាំង​ជា​កត្តា​សំខាន់​ដែល​ធ្វើ​ឱ្យ​គាត់​ស្លាប់​។

អាជ្ញា​ធរ​អះ​អាង​ថា​កុមារ​វ័យ​៧​ឆ្នាំ​រូប​នេះ​ត្រូវ​ដេក​ជាប់​ជា​ប្រចាំ​នៅ​លើ​គ្រែ​ និង​មិន​ដែល​ទៅ​សាលា​​រៀន​សូម្បី​តែ​ម្ដង​​។ អាហារ​ដែល​គាត់​ញ៉ាំ​ភាគ​​ច្រើន​បំផុត​​គឺ​ដំឡូង​ចៀន និង​អាហារ​សម្រន់​។ ទូរ​ទស្សន៍​ស៊ី​ប៊ី​អែស​ (CBS) ផ្សាយ​ថា​ប្ដី​ប្រពន្ធ​ទាំង​២​នាក់​នេះ​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​មិន​រវី​រវល់​ទាល់​តែ​សោះ​ចំពោះ​ជន​រង​គ្រោះ។ ពួក​គេ​មិន​ខ្វាយ​ខ្វល់​នឹង​ការ​ផ្ដល់​ចំណី​អាហារ​មាន​អាហារូប​ត្ថម្ភ​សម​រម្យ​, ពួក​គេ​ហាម​ឃាត់​មិន​ឱ្យ​កូន​ហាត់​ប្រាណ និង​មិន​បាន​រៀប​ចំ​ទី​កន្លែង​ស្នាក់​នៅ​មាន​សុវត្ថិ​ភាព និង​មាន​អនាម័យ​ទេ​។

​រដ្ឋ​អាជ្ញា​កត់​សម្គាល់​ថា​២​នាក់​ប្ដី​ប្រពន្ធ​​នេះ​មិន​បាន​ស្វះ​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​ទេ​ទោះ​បីពួក​គេ​មាន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខ​ភាព​យ៉ាង​ណា​ក្ដី​។ ពេញ​​មួយ​​ជីវិត​​ជីវិត​របស់​ជន​រង​គ្រោះ​ គាត់​ត្រូវ​បាន​ដឹក​ទៅ​ជួប​គ្រូ​ពេទ្យ​តែ​ម្ដង​គត់​​​។ ​រដ្ឋ​អាជ្ញា​ថ្លែង​ថា​នៅ​ក្នុង​អាជីព​របស់​គាត់​២២​ឆ្នាំ​កន្លង​ទៅ​នេះ​ទើប​តែ​ឃើញ​សំណុំ​រឿង​នេះមួយ​គត់​​​ដែល​មាន​លក្ខណៈ​ចម្លែក​មិន​អាច​ជឿ​បាន​ទាល់​តែ​សោះ​ថា​វា​អាច​កើត​មាន​ទៅ​រួច​។ ប្រសិន​បើ​ពីរ​នាក់​ប្ដី​ប្រពន្ធនេះ​​ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​កំហុស​ដូច​ការ​ចោទ​ប្រ​កាន់​មែន ពួក​គេ​អាច​នឹង​ជាប់​ពន្ធ​នា​គារ​មួយ​ជីវិត​។ នេះ​បើ​យោង​តាម​ច្បាប់​របស់​រដ្ឋ​មីស៊ី​ហ្គែន​៕ ប្រភព៖ Vietnam Express