ទីក្រុងកៀវ៖ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ប្រកាសថ្កោលទោសរុស្ស៊ីជាទម្ងន់ចំពោះការវាយប្រហារបណ្ដាលឱ្យស្លាប់មនុស្ស១២នាក់ និងរបួស៤០នាក់។ លោកចាត់ទុកថានោះជាការវាយប្រហារដ៏គួរឱ្យភ័យខ្លាច។ ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើងដំបូង រុស្ស៊ីបានទម្លាក់គ្រាប់បែកកម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន និងដើម្បីបំបាក់ស្មារតីអ៊ុយក្រែនឱ្យបាក់បបខ្លបខ្លាច។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ជនស៊ីវិលអ៊ុយក្រែនជាង១៦០០០នាក់បានស្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ី។

ថ្មីៗនេះទៀត មីស៊ីលរបស់រុស្ស៊ីមួយគ្រាប់វាយប្រហារទីក្រុងឌីនីប្រូ (Dnipro) បណ្ដាលឱ្យស្លាប់មនុស្ស៦នាក់ និងរបួស២៩នាក់។ នេះបើយោងតាមអភិបាលតំបន់ឌីនីប្រូប៉េត្រូស លោកអូឡិចសាន់ដឺ ហាន់ហ្សា (Oleksandr Hanzha)។ ដ្រូនរបស់រុស្ស៊ីក៏បានវាយប្រហាររថយន្តដឹកអ្នកដំណើររបស់អ៊ុយក្រែនមួយគ្រឿងនៅទីក្រុងហ្សាប៉ូរីហ្សៀ បណ្ដាលឱ្យស្លាប់មនុស្ស៣នាក់ និងរបួស៦នាក់។ ក្នុងនោះក៏មានកុមារតូចម្នាក់ផងដែរ។ នេះបើយោងតាមអ្វីដែលលោកហ្សេឡិនស្គីបង្ហោះសារនៅលើបណ្ដាញសង្គម។

ដ្រូនរបស់រុស្ស៊ីក៏បានសម្លាប់ស្ត្រីចំណាស់វ័យ៦៩ឆ្នាំម្នាក់ និងបុរសចំណាស់វ័យ៧៧ឆ្នាំម្នាក់នៅតំបន់ស៊ូមី (Sumy)។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិអ៊ុយក្រែន។ អភិបាលទីក្រុងខាគីវ លោកអ៊ីហ័រ ថេរ៉េកូស (Ihor Terekhov) ថ្លែងថារុស្ស៊ីវាយប្រហារនៅពេលថ្ងៃ បណ្ដាលឱ្យស្លាប់មនុស្សម្នាក់ និងរបួស៥នាក់នៅទីក្រុងភាគឦសានមួយនេះ។ អាជ្ញាធរអះអាងថារុស្ស៊ីវាយប្រហារទៅលើតំបន់យ៉ាងតិច៦កន្លែងទៀតនៅទូទាំងប្រទេសអ៊ុយក្រែន។ ទំហំនៃការខូចខាត និងការបាត់បង់អាយុជីវិតរបស់មនុស្សនៅមិនទាន់ដឹងភ្លាមៗឡើយ។

កាលពីយប់មិញ ប្រជាជនអ៊ុយក្រែនខ្លះគ្មានភ្លើងអគ្គិសនីប្រើប្រាស់ទេបន្ទាប់ពីរុស្ស៊ីវាយប្រហារយ៉ាងខ្លាំងក្លា។ ដោយសារអាកាសធាតុក្ដៅខ្លាំងនៅទ្វីបអឺរ៉ុប ដូចនេះ មនុស្សបើកម៉ាស៊ីនត្រជាក់ច្រើន ធ្វើឱ្យថ្លៃចំណាយលើភ្លើងអគ្គិសនីហក់ឡើងខ្ពស់។ ជាថ្មីម្ដងទៀត លោកហ្សេឡិនស្គីបានអំពាវនាវឱ្យអឺរ៉ុបខិតខំអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសឱ្យកាន់តែទំនើបដើម្បីទប់ទល់នឹងការវាយប្រហារដោយគ្រាប់មីស៊ីលផ្លោងរបស់រុស្ស៊ី។ លោកថ្លែងបន្តទៀតថាប្រជាជនត្រូវការកិច្ចគាំពារកាន់តែប្រសើរដើម្បីទប់ស្កាត់ការវាយប្រហារដ៏គួរឱ្យភ័យខ្លាចនេះ៕ ប្រភព៖ AP
ចែករំលែកព័តមាននេះ