ទីក្រុងប៉េកាំង៖ ប្រទេសចិនសម្រេចចិត្តផ្អាករាល់សកម្មភាពរបស់យន្តនោះឯកជនខ្នាតតូចបន្ទាប់ពីមានករណីយន្តហោះខ្នាតតូចមួយគ្រឿងហោះបុកអគារខ្ពស់បំផុតនៅទីក្រុងប៉េកាំងកាលពីសប្ដាហ៍មុន។ ខាងលើនេះជាការចុះផ្សាយរបស់សារព័ត៌មានដឹហ្វាយណាន់សល ថាមស៍ (the Financial Times) ដោយបានដកស្រង់ពាក្យសម្ដីរបស់ក្រុមហ៊ុនម្ចាស់យន្តហោះទូទាំងប្រទេសចិន។ នៅក្នុងហេតុការណ៍យន្តហោះមានកៅអីពីរដែលបុកអគារកាលពីថ្ងៃសុក្រនោះ អាកាសយានិកតែម្នាក់ប៉ុណ្ណោះដែលជិះនៅក្នុងយន្តហោះនោះបានស្លាប់។ ប៉ុន្តែហេតុការណ៍នោះក៏បានបណ្ដាលឱ្យមនុស្ស១៣នាក់ផ្សេងទៀតរងរបួសផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋាន។

យន្តហោះនោះបានបុកអគារកម្ពស់៥២៨ម៉ែត្រដែលគេស្គាល់ថាវិមានស៊ីធីក (CITIC) ឬឆាយណាស៊ុន (China Zun) នៅសង្កត់ជំនួញកណ្ដាលទីក្រុងប៉េកាំងចំពេលដែលមនុស្សកំពុងតែធ្វើដំណើរយ៉ាងកកកុញនៅពេលក្បាលព្រលប់។ សារព័ត៌មានដឹហ្វាយណាន់សលថាមស៍ចុះផ្សាយបន្តទៀតថាអាជ្ញាធរបានចេញបទបញ្ជាមួយដើម្បីគ្រប់គ្រងការហោះហើរបែបកម្សាន្ត។ ការហោះហើរបែបនេះត្រូវហាមឃាត់។ បម្រាមថ្មីនេះមិនទាន់ប្រកាសឱ្យដឹងជាសាធារណៈនៅឡើយទេ។

អាជ្ញាធរកំពុងស៊ើបអង្កេតឧបទ្ទវហេតុនេះ ប៉ុន្តែមិនទាន់ផ្ដល់សេចក្ដីពន្យល់លម្អិតថាបណ្ដាលមកពីមូលហេតុអ្វីនោះទេ។ ដែនអាកាសរបស់ប្រទេសចិនស្ថិតនៅក្នុងចំណោមប្រទេសដែលរឹតត្បិតយ៉ាងតឹងរ៉ឹងបំផុត។ កងទ័ពជាអ្នកមើលការខុសត្រូវ និងកំណត់ថាតើយន្តហោះណាខ្លះមានសិទ្ធិហោះហើរ។ ប៉េកាំងស្ថិតនៅក្នុងចំណោមទីតាំងដែលមានចំណុចរសើបបំផុតក្នុងការធ្វើកិច្ចការនេះ។ នៅប៉េកាំងមានដែនអាកាស១០០គីឡូម៉ែត្រការ៉េដែលហាមមិនឱ្យហោះហើរជាដាច់ខាតព្រោះគេបម្រុងទុកសម្រាប់ការរៀបចំពិធីបុណ្យជាតិផ្សេងៗ។

យន្តហោះពាណិជ្ជកម្មតម្រូវឱ្យបើកក្រឡឹងជុំវិញទីក្រុងប៉េកាំងត្រង់កន្លែងដែលមានមនុស្សរស់នៅច្រើនកកកុញ។ នៅតំបន់ជាយក្រុង អាជ្ញាធរហាមមិនឱ្យបើកយន្តហោះទាបៗទេ។ តាំងពីដើមឆ្នាំនេះ អាជ្ញាហាមដ្រូនហោះហើរនៅលើផ្ទៃអាកាសទីក្រុងប៉េកាំង។ អាជ្ញាធរហាមលក់ដ្រូន ឬនាំចូលដ្រូនពីកន្លែងដទៃទៀត។ ករណីយន្តហោះបុកអគារកាលពីថ្ងៃសុក្រនោះកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនខួបកំណើត១០៥ឆ្នាំនៃបក្សកុម្មុយនិស្តចិននាថ្ងៃទី១ ខែកក្កដាខាងមុខនេះ។ ដូច្នេះបក្សត្រូវតែពង្រឹងការពិនិត្យពិច័យ។ ចំណែកអាជ្ញាធរក៏ត្រូវតែពង្រឹងការគ្រប់គ្រងរបស់ខ្លួនផងដែរ៕ ប្រភព៖ Reuters
ចែករំលែកព័តមាននេះ