ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! តំបន់មួយចំនួនកម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ

19 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា តំបន់​មួយ​ចំនួន​នឹង​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ រន្ទះ ។

រូបតំណាង

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ របស់​ក្រសួង​ធនធានទឹក បានឱ្យ​ដឹង​ថា សម្ពាធ​ទាប​ដែល​គ្របដណ្តប់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន ខាងត្បូង អាង​ទន្លេមេគង្គ និង​សមុទ្រ​កម្ពុជា មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី​ដែល​បក់​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

រូបតំណាង

ក្រសួង​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសពាយ័ព្យ​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយ​រៀង ព្រៃវែង តាកែវ កណ្តាល និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្រប ដណ្តប់​លើ​ផ្ទៃដី ៥០%​។

រូបតំណាង

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C ។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ទិសបស្ចិម​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ៤០%​។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន សីតុណ្ហភាព​មធ្យម​អប្បបរមា ២៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C ។ ខ្យល់​បក់ មក​ពី​ទិសនិរតី និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ២​ម៉ែត្រ វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ ផ្ទៃដី ៥០% ។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០​ម៉ែត្រ​៕