ទីក្រុងម៉ូស្គូ៖ រុស្ស៊ីបាញ់មីស៊ីលត្រូវចំកប៉ាល់ដឹកទំនិញក្បែរកំពង់ផែអូដេសា (Odesa) របស់អ៊ុយក្រែនបណ្ដាលឱ្យស្លាប់មនុស្សដប់នាក់។ នេះបើតាមការអះអាងរបស់មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនជាច្រើននាក់នៅថ្ងៃនេះ។ ដូច្នេះឃើញថាវាជាការវាយប្រហារដ៏ផ្ដាច់ផ្ដិលអាយុជីវិតរបស់មនុស្សច្រើនបំផុតនៅសមុទ្រខ្មៅ។ រុស្ស៊ីវាយប្រហារដោយមីស៊ីលបណ្ដែតបីគ្រាប់សំដៅទៅកប៉ាល់ឈ្មោះហ្គោលដឹន ឡេអូ (Golden Leo) ជាកប៉ាល់ដោតទង់ជាតិប្រទេសហ្គីណេ ប៊ីសូ (Guinea-Bissau) ដែលបើកពីប្រទេសឥណ្ឌាឆ្ពោះទៅស៊ីរី បណ្ដាលឱ្យកប៉ាល់នោះឆេះ។ សាក្សីនិយាយថាខ្លួនបានឃើញផ្សែងហុយទ្រលោមចេញពីកប៉ាល់។

ដំណើរការស្វែងរក និងជួយសង្គ្រោះបានប្រព្រឹត្តទៅពេញមួយរាត្រី។ នេះបើយោងតាមការបញ្ជាក់ពីអាជ្ញាធរអ៊ុយក្រែនដែលប្រចាំការនៅកំពង់ផែ។ ពួកគេបន្ថែមថាបុគ្គលិករបស់ខ្លួន៩នាក់ និងអាកាសយានិកម្នាក់បានស្លាប់។ ចំណែកបុគ្គលិកនៅលើកប៉ាល់១៧នាក់ត្រូវគេជួយសង្គ្រោះទាន់ពេលវេលា។ កប៉ាល់ឈ្មោះហ្គោលដឹន ឡេអូ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអូសឹន ហ្គ្រេស ស៊ីបភីង អឹលធីឌី (Ocean Grace Shipping Ltd)។ ក្រុមហ៊ុនហ្វ្រឹន ស៊ីបភីង ខូ អែសអេ (Friends Shipping Co SA) ដែលជាអ្នកមើលការខុសត្រូវកប៉ាល់នេះមិនបានឆ្លើយតបទៅនឹងសំណួរដែលផ្ញើតាមអ៊ីមែលទេ។

សមុទ្រក្រហមគឺជាទីតាំងវាយប្រហារគ្នាដ៏លេខធ្លោមួយនៅពេលសង្គ្រាមអ៊ុយក្រែនចាប់ផ្ដើមឡើងដំបូងៗ។ ក្រោយមក យោងតាមកិច្ចព្រមព្រៀងដើម្បីជួយសម្រួលការដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅផ្គត់ផ្គង់ទីផ្សារពិភពលោក គេឃើញថាការដឹកជញ្ជូនកាត់ទីនោះអាចចាប់ផ្ដើមឡើងវិញដូចធម្មតា។ ប៉ុន្តែនៅដំណាក់កាលចុងក្រោយនេះ រុស្ស៊ី និងអ៊ុយក្រែនបង្កើនការវាយប្រហារគ្នាកាន់តែខ្លាំងនៅសមុទ្រខ្មៅ និងសមុទ្រអាហ្សូស (Azov) ដោយសំដៅទៅលើប្រភពដែលអាចនាំមកនូវប្រាក់ចំណូលច្រើនៗ។ ថ្មីៗនេះ យោធាអ៊ុយក្រែនវាយប្រហារទីតាំងផលិត និងស្តុកទុកថាមពលរបស់រុស្ស៊ីដូចជានាវាដឹកប្រេងជាដើម។ ចំណែករុស្ស៊ីបង្កើនការវាយប្រហារកំពង់ផែទឹកជ្រៅ និងកប៉ាល់ដឹកទំនិញរបស់អ៊ុយក្រែន។

ក្រសួងការពារជាតិរុស្ស៊ីថ្លែងថាកងទ័ពរបស់ខ្លួនវាយប្រហារស៊ីទែនប្រេងនៅកំពង់ផែអូដេសាកាលពីយប់មិញ។ ចាប់តាំងពីដើមខែកក្កដាមកទល់នឹងពេលនេះ មនុស្ស២៨នាក់បានស្លាប់នៅកំពង់ផែអូដេសាក្រោមស្នាដៃរបស់រុស្ស៊ី។ រុស្ស៊ី និងអ៊ុយក្រែនជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំលំដាប់កំពូលនៅលើពិភពលោក។ ហេតុនេះ ការចាប់ផ្ដើមវាយប្រហារគ្នាឡើងវិញនៅសមុទ្រខ្មៅធ្វើឱ្យគេព្រួយបារម្ភអំពីការផ្គត់ផ្គង់។ អ៊ុយក្រែនកាលពីប៉ុន្មានរដូវកាលកន្លងទៅនេះបានចូលរួមចំណែកផ្គត់ផ្គង់ស្រូវសាលី៦% និងពោត១១%ទៅកាន់ទីផ្សារពិភពលោក ប៉ុន្តែបានបាត់បង់សមត្ថភាពនាំចេញរបស់ខ្លួនតាមកំពង់ផែសមុទ្រខ្មៅដោយសារការវាយប្រហារដោយមីស៊ីល និងដ្រូន។ ចំណែករុស្ស៊ីក៏នាំទំនិញតាមសមុទ្រអាហ្សូសមានកម្រិតកំណត់ផងដែរដោយសារការវាយប្រហាររបស់អ៊ុយក្រែន។ ទីនេះជាច្រកដឹកជញ្ជូនគ្រាប់ធញ្ញជាតិរបស់រុស្ស៊ីប្រហែល២៥%៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ