រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន១៨នាក់ ដែលបានប្រព្រឹត្តបទល្មើស ចំនួន៥ករណី រួមមាន៖ ប៉ុនប៉ងឃាតកម្ម, អំពើលួចមានស្ថានទង្ងន់ទោស ដោយគាស់ទម្លុះទម្លាយ, ប្រើប្រាស់គ្រឿងញៀន និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌនានា ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ហើយបង្ហាញមុខជាសាធារណៈ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ រួមជាមួយវត្ថតាងមួយចំនួន ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ជាដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល, កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការនៅតាមបណ្តាលខណ្ឌនានា បាន
ធ្វើការស្រាវជ្រាវ នៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៦ បង្ក្រាបបានជនសង្ស័យជាបន្តបន្ទាប់សរុប ចំនួន១៨នាក់ ។
លោកវរសេនីយ៍ឯក ម៉ម សាវន បានឲ្យដឹងទៀតថា ជនសង្ស័យទាំង១៨នាក់ បានប្រព្រឹត្តិបទល្មើស ៥ករណី ដូចខាងក្រោម ៖
ករណីទី០១ ៖ ប៉ុនប៉ងឃាតកម្ម និងអំពើលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តអំពើហិង្សា ដោយយកខ្សែភ្លើងរឹតកបណ្តាលឲ្យជនរងគ្រោះសន្លប់ ប្លន់យកម៉ូតូម៉ាកហុងដាបឺត ពណ៌ខៀវ សេរីឆ្នាំ២០២៥ ពាក់ផ្លាក លេខស្វាយរៀង ១W-២០៤៣ និងចិញ្ចៀនមាសទម្ងន់០១ដី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១១និង២០នាទីយប់ ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៧ ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ យ៉ាន់ ចែ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនីរោងចក្រ បណ្តាលឲ្យរងរបួសស្នាមរឹតក និងវាយជាំលើផ្ទៃមុខ ។ សម្ភារៈបាត់បង់ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ខៀវ លាយស សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខស្វាយរៀង១W-២០៤៣ ចំនួន ០១ គ្រឿង និងចិញ្ចៀនមាសទម្ងន់១ជី ចំនួន០១វង់ បង្កឡើយដោយជនសង្ស័យចំនួនចំនួន០១នាក់ ឈ្មោះ ជ ហេងឡាយ ហៅ ពេជ្រ ភេទប្រុសអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រត្រូវឃាត់ខ្លួន ។
ករណីទី០២ ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើកាំបិតប៉័ងតោ ជារកែច្នៃ និងដុំថ្ម គប់គ្នា បណ្តាលឲ្យត្រូវកន្លែងលក់ដូររបស់ជនរងគ្រោះ បែកកញ្ចក់ទូលក់ប្រហិត និងរងការខូចខាតសម្ភារៈមួយចំនួន ប្រព្រឹត្តនៅចំណុច ផ្លូវលេខ៥៩៧ ក្រុម២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អំពើហិង្សានេះ ក្រុមជនសង្ស័យបានគប់ចូលផ្ទះជនរងគ្រោះជាបន្តបន្ទាប់ចំនួន ៤លើក កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦, យប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦, យប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ និងយប់រំលងអធ្រាត្រចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ។ ជនសង្ស័យ ជាក្រុមក្មេងទំនើងឈ្មោះ តែចិន, ក្រុម កៀនខុនដូ និងក្រុម ក្រោយការ៉ាស់សាំងត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បានចំនួន៨នាក់ ។
ករណីទី០៣ និងទី០៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥ ផ្លូវលេខ២៤០ ភូមិ១១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចខាងមុខបុរីហេង ហៀង មហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ៣នាក់ ។
ចំណែកករណីទី០៥ ៖ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយព្រួតគ្នាយកដុំថ្ម ដាវ គប់ និងដេញកាប់គ្នាទៅវិញទៅមកប្រព្រឹត្តនៅចំណុចច្រកសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ កាលពីវេលាម៉ោង០១និង៤៩នាទីយប់រំលងអធ្រាត្រចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។ ជនសង្ស័យជាក្រុមក្មេងទំនើងឈ្មោះ បឹងកក់ (BK) និងក្រុម អេលៀនតាខ្មៅ ត្រូវបានសមត្ថកិច្ចឃាត់បានចំនួន ៦នាក់ ។
បន្ទាប់ពីបង្ហាញមុខជនសង្ស័យទាំង១៨នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕






ចែករំលែកព័តមាននេះ