ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គោ​-​ក្របី​ ជិត ១ម៉ឺន​ក្បាល ​ធ្វើ​ឡើង​នៅ​ស្រុក​កងមាស ​និង​បន្ត​ទៅ​ស្រុកផ្សេង​ទៀត

4 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ “​គិត​រហូត​មក​ដល់​ពេល​នេះ​សកម្មភាព​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គោ​-​ក្របី​ជូន​ដល់​បងប្អូន​ប្រជា​កសិករ​បាន​ចំនួន​៧០០០​ក្បាល​ហើយ​ដើម្បី​ការពារ​ជំងឺសារ​ទឹក​។​’​នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ក្នុង​ឱកាស​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​សត្វ​ទី​ហនៈ​ជូន​ប្រជា​កសិករ​នៅ​ក្នុង​បរិវេណ​វត្ត​ស្វាយ​ស្រណោះ ក្នុង​ឃុំ​រកា​អារ ស្រុក​កងមាស ដោយ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២០​កក្កដា ឆ្នាំ​២០២៦ ជាមួយ​នោះ​មានការ​ចូលរួម​ពី​សំណាក់​អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​លើក​ឡើង​ថា​: កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គោ​-​ក្របី ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​ការពារ​ឲ្យ​មាន​សុខភាព​ល្អ ជៀស​ផុត​ពី​ជំងឺឆ្លង​ផ្សេង​ៗ​នៅ​ក្នុង​រដូវវស្សា ព្រោះថា​សត្វ​ទាំងនេះ​គឺជា​កម្លាំង​ច​លករ​ក្នុង​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ​រួម​ទាំង​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​សម្រាប់​លើកកម្ពស់​ជីវភាព​គ្រួសារ​។

ឯកឧត្តម​អភិបាលខេត្ត​ម​មាន​ប្រសាសន៍​បន្ត​ថា ជា​ការ​ពិត​ណាស់​ឲ្យ​តែ​មក​ដល់​ដើមរដូវ​វស្សា​គឺ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺសារ​ទឹក ដើម្បី​បង្ការ​កុំ​ឲ្យ​ឆ្លង​ជំងឺ​ទៅ​លើ​សត្វ​គោ​-​ក្របី​របស់​កសិករ​។​ហើយ​ជា​រៀង​រាល់​ឆ្នាំ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​យកចិត្តទុកដាក់​លើ​កិច្ចការ​ទាំងនេះ​ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​ដល់​សង្គម​ជាតិ ដោយ​ពុំ​មានការ​គិត​កម្រៃ​នោះ​ទេ​។​យើង​ត្រូវ​តែ​រូប​រួម​គ្នា​សាមគ្គី​ជា​ធ្លុង​មួយ​ព្រោះថា​ប្រជាជន​ភាគច្រើន​តែងតែ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ជា​អាទិភាព​។ នៅ​ក្នុង​ផែនការ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​គោ​-​ក្របី​ត្រូវធ្វើ​ឡើង​នៅ​តាម​បណ្ដា​ស្រុក​-​ក្រុង​ទាំង ១០​ក្នុង​ខេត្តកំពង់ចាម ដែល​មាន​ចំនួន ១៧០០០​ក្បាល គិត​រហូត​មក​ដល់​ពេល​នេះ​កម្លាំង​ពេទ្យសត្វ​ទើបតែ​ចាក់​បាន​ចំនួន​៧០០០​ក្បាល​ប៉ុណ្ណោះ​ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ធ្វើ​យ៉ាងណា​ឱ្យទាន់​ផែនការ​ដែល​បាន​កំណត់​។ បងប្អូន​ពលរដ្ឋ​ដែល​បាន​យក​គោ​-​ក្របី មក​ចាក់​វ៉ាក់សាំង​នា​ពេល​នេះ​ពេល​ត្រឡប់​ទៅ​វិញ​សូម​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​ផ្សេង​ទៀត​ធ្វើ​យ៉ាងណា​យក​សត្វពាហនៈ​មក​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។​តាម​រយៈ​លោក​មេឃុំ​ក៏​ដូច​ជា​លោក​អភិបាលស្រុក​កងមាស ដែល​បាន​ស្នើ​មក​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​អញ្ជើញ​មក​ចូលរួម​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​គោ​-​ក្របី ធ្វើ​ឡើង​នៅ​វត្ត​ស្វាយ​ស្រណោះ​ដែល​ជាទី​អារាម​មួយ​ល្បី​មាន​បារមី​សក្តិ​សិទ្ធ ។

ចំណែក​ប្រជាពលរដ្ឋ​ឈ្មោះ​យួន ឌី​ភេទ​ប្រុស​អាយុ​៥៣​ឆ្នាំ ជា​អ្នក​ភូមិ​ស្វាយ​ស្រណោះ​ទី​១ ឃុំ​រកា​អារ ស្រុក​កងមាស​បាន​សម្ដែង​នៅ​ក្តី​សប្បាយ​រីករាយ ដោយ​បាន​យក​គោ​ចំនួន​ពីរ​ក្បាល​មក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដោយ​មិន​បាន​ចំណាយ​ថវិកា ក្រោម​ការ​រៀបចំ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជា​កសិករ​នៅ​មូលដ្ឋាន មួយវិញទៀត​គោក្របី​គឺជា​សត្វ​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ប្រើប្រាស់​អូស​ទាញ​នង្គ័ល​សម្រាប់​ការ​បង្កបង្កើន​ផល​ធ្វើស្រែ​ចម្ការ​ ៕