ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បឺនហេម​ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់​អង់​គ្លេស​ និង​សន្យា​គិត​គូរ​​ជីវភាព​​ប្រជា​ជន

52 វិនាទី មុន

ទី​ក្រុង​ឡុង៖ លោក​អេន​ឌី បឺន​ហេម​ ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​ថ្មី​របស់អង់​គ្លេស​នៅ​ថ្ងៃ​នេះ​។ លោក​សន្យា​ថា​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​ដែល​ប្រជា​រាស្ត្រ​អង់​គ្លេស​កំពុង​តែ​ខ្វាយ​ខ្វល់​ដូច​ជា​ថ្លៃ​ចំណាយ​លើ​ជីវ​ភាព​​ប្រចាំ​ថ្ងៃ​ និង​សេវា​កម្ម​របស់​រដ្ឋ​ដែល​ធ្លាក់​ចុះ​។ សហ​សេវិក​នៅ​ក្នុង​គណ​បក្ស​ពល​ករ​ជា​មួយ​គ្នា និង​ជា​នាយក​រដ្ឋ​មន្ត្រី​អង់​គ្លេស លោក​ខៀ​ ស្តាមើ បាន​ថ្លែង​សុន្ទរ​កថា​លើក​ចុង​ក្រោយ​របស់​លោក​​មុន​ពេល​ចាក​ចេញ​ជា​រៀង​រហូត​ពី​វិមាន​ដោន​នីង​ស្ទ្រីត​។ លោក​ស្តាមើ​ប្រាប់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ថា​ «​កិច្ច​ការ​របស់​ខ្ញុំ​បាន​ធ្វើ​ចប់​សព្វ​គ្រប់​អស់​ហើយ» និង​ថា​លោក​ចាក​ចេញ​លើក​នេះ​ដោយ​កិត្តិ​យស​ និង​ស្នាម​ញញឹម​។​

លោក​ស្តាមើ​ថ្លែង​ថា​ការ​ងារ​របស់​លោក​ជា​នាយក​រដ្ឋ​មន្ត្រី​ជា​កិត្តិ​យស​សម្រាប់​ជីវិត​របស់​លោក​ និង​ថា​លោក​សូម​ប្រគល់​ភារកិច្ច និង​តួនាតី​ជូន​ទៅ​លោក​បឺន​ហេម​ និង​ជូន​ពរ​ឱ្យ​លោក​បឺន​ហេម​ទទួល​ជោគ​ជ័យ​គ្រប់​ការ​ងារ​។ គាត់​ទទួ​លបាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ខ្ញុំ​។ នៅ​ក្នុង​រង្វង់​មួយ​ម៉ោង​ក្រោយ​ការ​ថ្លែង​របស់​លោក​ស្តាមើ លោក​បឺន​ហេម​ក៏​ឡើង​ថ្លែង​សុន្ទរ​កថា​នៅ​ខាង​មុខ​វិមាន​ដោន​នីង​ស្ទ្រីត។ លោក​បាន​ដាក់​ចេញ​នូវ​កម្ម​វិធី​នយោ​បាយ​ដែល​ប្រកប​ដោយ​ស្ថិរ​ភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ជាង​អ្នក​មុន​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ខុទ្ទ​កាល័យ​របស់​លោក​។ ​លោក​បឺន​ហេម​ចាត់​ទុក​ការ​ឈ្នះ​ឆ្នោត​របស់​លោក​ក្លាយ​ជា​ប្រធាន​បក្ស​ពល​ករ​របស់​អង់​គ្លេស​ជា​បម្លាស់​ប្ដូរ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​នយោ​បាយ​អង់​គ្លេស​រយៈ​ពេល​៤០​ឆ្នាំ​ចុង​ក្រោយ​​។

លោក​បឺន​ហេម​សន្យា​ថា​នឹង​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​នយោ​បាយ​ដើម្បី​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​របស់​ប្រជា​ជន​ និង​ជួយ​កែ​ប្រែ​ប្រទេស​ជាតិ​ទៅ​ជា​ទឹក​ដី​ដែល​ងាយ​ស្រួល​រស់​នៅ​សម្រាប់​ប្រជា​ជន​គ្រប់​គ្នា​។ លោក​បាន​ពាំ​នាំ​ពាក្យ​ពេចន៍​ទៅជម្រាប​ជូន​ក្រុម​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ពល​ករ​ដែល​ចាត់​ទុក​លោក​ជា​អ្នក​នយោបាយ​តិច​តួច​ប៉ុណ្ណោះ​​អាច​ស៊ី​សង​គ្នា​បាន​ជា​មួយ​​​បេក្ខ​ជន​របស់​គណ​បក្ស​កំណែ​ទម្រង់​អង់​គ្លេស (Reform UK)។ បើ​យក​លោក​ស្តាមើ​ទៅ​ប្រៀប​ធៀប​គឺ​ចាញ់​ប្រៀប​គេ​តែ​ម្ដង​។ ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ដំបូង​ៗ​សម្រាប់​លោ​កបឺន​ហេម​គឺ​ការ​តែង​តាំង​សមាស​ភាព​គណៈ​រដ្ឋ​មន្ត្រី​។ ជា​ពិសេស តំណែង​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ​។ ការ​បែក​បាក់​គ្នា​នៅ​ក្នុង​សម្ព័ន្ធ​ភាព​នាំ​ឱ្យ​ចុះ​ខ្សោយ​ដល់​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​មុន​។

កាល​ពី​ថ្ងៃ​អាទិត្យ ផែន​ការ​នានា​ត្រូវ​ផ្អឹប​ទុក​សិន​សម្រាប់​និយោជិត​ទាំង​អស់​ដើម្បី​ឱ្យ​ពួក​គេ​គ្រប់​គ្នា​ត្រូវ​តែ​មាន​ឯក​សារ​បញ្ជាក់​អត្ត​សញ្ញាណ​ជា​ឌីជីថល​។ នេះ​ជា​វិធាន​ការ​ទប់​ទល់​នឹង​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​​ដែល​ត្រូវ​គណៈ​កម្ម​ការ​រដ្ឋ​សភា​ដែល​មក​ពី​​​គណ​បក្ស​នយោ​បាយ​​ចម្រុះ​ចាត់​ទុក​ថា​ជា​បរាជ័យ​ដ៏​អាម៉ាស់​​។ ចំណុច​ដែល​គេ​យក​ចិត្ត​ទុក​ដាក់​គឺ​បញ្ហា​ពន្ធ ថ្លៃ​ចំណាយ​ប្រចាំ​ថ្ងៃ​ តម្លៃ​ប្រេង​ឆៅ ​តម្លៃ​​ហ្គាស និង​ក្រុម​ហ៊ុន​ផ្ដល់​សេវា​ទឹក​ ភ្លើង​ សំរាម​ដែល​ធ្លាក់​ចុះ​។​ ចំណុច​ទាំង​នេះ​ជា​អ្វី​ដែល​លោក​បឺន​ហេម​ត្រូវ​ពង្រឹង​ដើម្បី​ទទួ​លបាន​ការ​គាំទ្រ​ពី​សា​ធារណ​មតិ​។ សេម​វាត់​ថឺ (Thames Water) ដែល​ជា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ស្អាត​ធំ​ជាង​គេ​នៅ​អង់​គ្លេស​កំពុង​ជួប​បញ្ហា​ដោយ​សារ​វិបត្តិ​បំណុល​ និង​ការ​ធ្លាយ​លូ​ទឹក​ស្អុយ​។ អនុ​ប្រធាន​គណ​បក្ស​ពល​ករ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​បឺន​ហេម​ដែរ​នោះ​បាន​ស្នើ​ថា​ក្រុម​ហ៊ុន​នេះ​គួរ​បើក​ប្រតិ​បត្តិ​ការ​ក្រោម​ការ​មើល​ការ​ខុស​ត្រូវ​ពី​រដ្ឋា​ភិបាល​៕ ប្រភព៖ Reuters