ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​ស​ប្តា​ហ៍​! ប្រេង​ឆៅ​អន្តរជាតិ​បាន​ទម្លុះ​តម្លៃ​៩០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​សា​ជា​ថ្មី

1 ថ្ងៃ មុន

អន្តរជាតិ ៖ តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​បាន​ហក់​ឡើង​ប្រហែល ៣% នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ ដោយ​ប្រេង​ឆៅ Brent ស្តង់ដា​អន្តរជាតិ​បាន​ទម្លុះ​តម្លៃ ៩០ ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​បារ៉ែល​សា​ជា​ថ្មី ខណៈ​ដែល​ជម្លោះ​កាន់តែ​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​អ៊ី​រ៉​ង់​នៅ​មជ្ឈិមបូព៌ា បាន​រឹត​បន្តឹង​ការ​ដឹក​ជញ្ជូន​ប្រេង​តាម​ច្រក​សមុទ្រ​ហ័​រ​មូស (Hormuz)​។ នេះ​បើ​តាម​ប្រភព​ពី Reuters បាន​ចេញផ្សាយ​។

ប្រេង​ឆៅ Brent បាន​កើនឡើង ២.៧៧ ដុល្លារ ឬ ៣,១៤% ដល់ ៩០,៨៧ ដុល្លារ​ត្រឹម​ម៉ោង ១ និង ១៥ នាទី​រសៀល (​ម៉ោង​នៅ​កម្ពុជា​) ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន គិត​ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៦ បន្ទាប់​ពី​បាន​បន្ត​កើនឡើង ១៥,៩% កាលពី​ស​ប្តា​ហ៍​មុន ដែល​ជា​ការ​កើនឡើង​ប្រចាំ​ស​ប្តា​ហ៍​ខ្ពស់​បំផុត ចាប់តាំងពី​ខែមេសា​។ រីឯ​ប្រេង​ឆៅ West Texas Intermediate (WTI) របស់​សហរដ្ឋអាមេរិក មាន​តម្លៃ ៨៤,៨៤ ដុល្លារ​ក្នុង​១​បារ៉ែល កើនឡើង ២,៣៥ ដុល្លារ ឬ ២,៨ % ដែល​ជា​កម្រិត​ខ្ពស់​បំផុត ចាប់តាំងពី​ថ្ងៃ​ទី​១២ ខែមិថុនា​។

កងទ័ព​សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ការ​វាយប្រហារ​ថ្ងៃ​ទី​៩​ជាប់​គ្នា​ទៅ​លើ​ប្រទេស​អ៊ី​រ៉​ង់ ដែល​ជា​ការ​ឆ្លើយ​តប​វិញ អ៊ី​រ៉​ង់​ក៏​បាន​វាយប្រហារ​លើ​មូលដ្ឋានទ័ព​របស់​អា​មេ​រិ​ក​នានា​នៅ​ទូ​ទាំង​តំបន់​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ របាយការណ៍​បានឱ្យ​ដឹង​ថា​មាន​តែ​កប៉ាល់​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស កាលពី​ថ្ងៃអាទិត្យ ហើយ​ក៏​មាន​សេចក្តីរាយការណ៍​អំពី​កប៉ាល់​ផ្ទុះ​ឆេះ​ផង​ដែរ​។

កង​ឆ្មាំ​បដិវត្តន៍​អ៊ិ​ស្លា​ម​អ៊ី​រ៉​ង់ (IRGC) នៅ​ថ្ងៃ​ទី​២០ ខែកក្កដា បាន​ថ្លែង​ថា កប៉ាល់​ដឹក​ប្រេង​ចំនួន​២​គ្រឿង​បាន​ផ្ទុះ​មិន​អាច​ដំណើរការ​បាន បន្ទាប់​ពី​ព្យាយាម​ឆ្លងកាត់​ផ្លូវ​ដែល​ខ្លួន​ហៅ​ថា ផ្លូវ​ភាគ​ខាងត្បូង​ដ៏​គ្រោះថ្នាក់ ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រ​មូស ដោយ​បាន​ចោទប្រកាន់​កប៉ាល់​ទាំងនោះ​ថា ត្រូវ​បាន​ជំរុញ​ដោយ​យោធា​សហរដ្ឋអាមេរិក​ឱ្យ​ប្រើប្រាស់​ផ្លូវ​ឆ្លងកាត់​នោះ​។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ភាគី​ទាំង​សងខាង​បាន​កំណត់​គោលដៅ​លើ​ចរាចរណ៍​កប៉ាល់​ដឹក​ជញ្ជូន ដោយ​អា​មេ​រិ​កបាន​ប្រកាស​ថា កំពុង​តែ​អនុវត្ត​ការ​បិទផ្លូវ​ទឹក​លើ​កំពង់​ផែ​អ៊ី​រ៉​ង់ ហើយ​អ៊ី​រ៉​ង់​ក៏​បាន​ប្រកាស​ដែរ​ថា ខ្លួន​កំណត់​គោលដៅ​លើ​កប៉ាល់​ណា​ដែល​បំពាន​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​នាវាចរណ៍​តាម​ច្រក​សមុទ្រ​ហ័​រ​មូស​។

បើ​តាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ទីផ្សារ​ហិរញ្ញវត្ថុ LSEG បាន​បង្ហាញ​ថា កប៉ាល់​ចំនួន​៤​គ្រឿង​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​ហ័​រមូល កាលពី​ថ្ងៃអាទិត្យ ដែល​ថយ​ចុះ​ពី​ចំនួន​៨​គ្រឿង កាលពី​ថ្ងៃមុន​។ ទិន្នន័យ​ដដែល​បាន​បង្ហាញ​ទៀត​ថា យ៉ាង​ហោច​ណាស់​កប៉ាល់​ដឹក​ប្រេង​ចំនួន​៣​គ្រឿង និង​កប៉ាល់​ដឹក​ប្រេង​ខ្នាត​យក្ស​ចំនួន​១​គ្រឿង បាន​ចូល​ទៅ​ក្នុង​ច្រក​សមុទ្រ​នេះ ចាប់តាំងពី​ថ្ងៃ​សុក្រ​៕