ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​សោទ្វារ​សា​លាម​ត្តេ​យ្យ​ឯកជន​មួយ​កន្លែង​ បានសម្រេចច្រើនលើក ម្ចាស់ទ្រាំលែងបាន ប្តឹងឱ្យជួយស្រាវជ្រាវ ​អស់លក្ខណ៍២នាក់​

19 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​សោរ​ទ្វារ​សា​លាម​ត្តេ​យ្យ​ឯកជន​មួយ​កន្លែង​ចូល​ទៅ​លួច​យក​ទ្រព្យសម្បត្តិ​បាន​សម្រេច​ចំនួន​៥​លើក​ជា​បន្តបន្ទាប់​រួច​មក​ហើយ ប៉ុន្តែ​ម្ចាស់​មិន​ដែល​បាន​ប្ដឹង​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​នោះ​ទេ ។ ចំណែក​ជនសង្ស័យ​ញ៉ាម​ក៏​ធ្វើ​សកម្មភាព​ម្ដងទៀត​ជា​លើក​ទី​៦ រហូត​ម្ចាស់​សា​លាម​ត្តេ​យ្យ​ខាងលើ​ទ្រាំ​លែង​បាន ក៏​ប្ដឹង​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ ទើប​ឈាន​ដល់​ការ​ឃាត់​បាន​ទាំង​២​នាក់ ព្រមទាំង​ដកហូត​វត្ថុ​តាង​សម្រាប់​ធ្វើ​សកម្មភាព​ច្រើន​ទៀត​ផង​ដែរ ។

សកម្មភាព​លើក​ចុង​ក្រោយ​បំផុត​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​សា​លាម​ត្តេ​យ្យ​គ្មាន​ឯកជន​យីហោ ស្ថិត​នៅផ្ទះ​គ្មាន​លេខ ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​នោះ​ម្នាក់​ឈ្មោះ ហ៊ុយ សុ​ផា​រាជ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ម្នាក់​ទៀត​ឈ្មោះ សុ ខុន​វិ​ផា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចុង​ថ្នល់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

ខណៈ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​នោះ នគរបាល​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​កំប៉ុង​ហ្គា​ស និង​ក្បាល​បាញ់​ហ្គា​ស​១ ដែល​ជនសង្ស័យ​ប្រើ​ជា​ឧបករណ៍​សម្រាប់​ដុត​រោល​សោ និង​ច្រវាក់​ឲ្យ​ទន់​រួច​គាស់​ផ្ដាច់ ។​មេសោ​០១,​ដែកឆាប​ចុង​សំប៉ែត​និង​ស្រួច​ចំនួន​០៦​ដើម​,​ទួន​ណា​វី​ស​ចំនួន ០៥​ដើម​,​ដង្កាប់​១,​កន្ត្រៃ​០១,​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​VIVO ពណ៌​ខៀវ ស៊ី​មកា​ត​លេខ 088 9416 711 ។

ដោ​ឡែក​ម្ចាស់​សា​លាម​ត្តេ​យ្យ​ខាងលើ​ឈ្មោះ​នូ ស្រី​ឈូក ភេទ​ស្រី អាយុ ៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​២៥ ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ព្រីង​ខាងជើង​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នគរបាល​បាន​ប្រាប់​ថា សា​លាម​ត្តេ​យ្យ​មួយ​នេះ​ធ្លាប់​បាន​រង​គ្រោះ​ដោយ​ការ​គាស់​ទម្លុះទម្លាយ​ទ្វារ​ពី​សំណាក់​ចោរ​ចូល​លួច​យក​ទ្រព្យសម្បត្តិ​ចំនួន​៥​លើក​រួច​មក​ហើយ ប៉ុន្តែ​ពុំ​ដឹង​ថា​ទាំង​៥​លើក​នោះ​បាត់បង់​អ្វីខ្លះ​នោះ​ទេ ។ រាល់​លើក​ម្ចាស់​សា​លាម​ត្តេ​យ្យ​នេះ​អត់​ដែល​បាន​ដាក់​ពាក្យ​ប្ដឹង ដើម្បី​ឲ្យ​នគរបាល​ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​ចោរ​នោះ​ទេ ចំណែក​លើក​ទី​៦​ដែល​ជា​លើក​ចុង​ក្រោយ​នេះ​បាត់បង់
តែ​ប្រាក់​ចំនួន​២០,០០០​រៀល​(​ពីរ​ម៉ឺន​រៀល​) និង​នាឡិការ​ដៃ​០១​គ្រឿង​ប៉ុណ្ណោះ ។ ប៉ុន្តែ​គាត់​អត់​ប្ដឹង​ចោរ​កាន់តែ​បានចិត្ត​គាស់​មិន​ឈប់ ហើយ​ទ្រាំ​លែង​បាន​តទៅ​ទៀត ទើប​គាត់​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​ចោរ​តែ​ម្ដង ខណៈនោះ​នគរបាល​ក៏​ដកហូត​បាន​នាឡិកាដៃ​របស់​ជន​រង​គ្រោះ​ពី​ចោរ​បាន​មក​វិញ​ផង​ដែរ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ពេល​ធ្វើ​សកម្មភាព​ជនសង្ស័យ​បាន​ប្រើ​កំប៉ុង​ហ្គា​ស​ដុត​រោល​សោ និង​ច្រវាក់​ឲ្យ​ទន់​រួច​ទើប​ប្រើ​ឧបករណ៍​គាស់​ផ្ដាច់​សោ​ឬ​ច្រវាក់​ជា​ក្រោយ ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​អ្នកស្រី នូ ស្រី​ឈូក បាន​ចេញពីផ្ទះ​ទៅ​កាន់​សា​លាម​ត្តេ​យ្យ​របស់​ខ្លួន ។ ពេល​ទៅ​ដល់​ស្រាប់តែ​ឃើញ​អី​វាន់​មាន​សភាព​រញ៉េរញ៉ៃ បន្ទាប់​មក​គាត់​ក៏​ដើរ​មើល​ជុំវិញ​សាលា ក៏​បានឃើញ​មេសោ និង​ច្រ​វ៉ា​ក់​ចាក់​ទ្វារ​ដែល​នៅ​ចំហៀង​សាលា​មាន​ស្នាម​ដុត​រំលាយ​ច្រ​វ៉ា​ក់​និង​ស្នាម​ខូច​មេសោ ។ លុះ​ពេល​ដើរទៅ​មើល​ទ្វារ​ខាង​មុខ​ក៏​ឃើញ​មាន​ស្នាម​គាស់​មេសោ​ដែល​ចាក់​ទ្វារ​រូត​របូត​អស់ និង​បាត់​លុយ​២០,០០០​រៀល ព្រមទាំង​នាឡិកាដៃ​០១​គ្រឿង រួច​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បា ល​ចោម​ចៅ​ទី​៣​ឲ្យ​ជួយ​អន្តរាគមន៍ ព្រោះ​បើ​នៅ​តែ​មិន​ប្ដឹង​ថ្ងៃក្រោយ​ចោរ​និង​គាស់​បន្ត​ទៀត​មិន​ខាន ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្តឹង​ជន​រង​គ្រោះ នគរបាល​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន ហើយ​នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៥​រសៀល ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​រួម​នឹង​វត្ថុ​តាង​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ជនសង្ស័យ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​គាត់​ទ្វា​សា​លាម​ត្តេ​យ្យ​ខាងលើ​រហូត​មក​មែន ។ បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព​នោះ​ហើយ នគរបាល​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជន​នោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕