ទីក្រុងតេអេរ៉ង់៖ សង្គ្រាមអ៊ីរ៉ង់-អាមេរិកកាន់តែរីកធំឡើងហើយនៅពេលនេះបន្ទាប់ពីក្រុមឧទ្ទាមហ៊ូទីនៅប្រទេសយេម៉េនដែលជាក្រុមសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នោះប្រកាសបិទខ្ទប់ដែនសមុទ្រប្រទេសអារ៉ាប៊ីសាអូឌីត។ នេះជាការបើកសមរភូមិថ្មីប្រឆាំងនឹងអាមេរិក ហើយបង្កការគំរាមកំហែងកាន់តែខ្លាំងសម្រាប់វិស័យផ្គត់ផ្គង់ថាមពល (ប្រេង និងហ្គាស) នៅទូទាំងសាកលលោក។ ក្រុមហ៊ូទីនៅតែប្រកាសអំពីការបន្តអរិភាពនឹងគ្នាទោះបីអ៊ីរ៉ង់ និងអាមេរិកធ្លាប់បោះដៃរកគ្នាដើម្បីដោះស្រាយបញ្ហាតាមមធ្យោបាយការទូតយ៉ាងណាក្ដី។ កិច្ចព្រមព្រៀងនៃបទឈប់បាញ់បានបរាជ័យកាលពីខែមិថុនា។

ក្រោយសេចក្ដីប្រកាសរបស់ក្រុមហ៊ូទី គេឃើញថាប្រេងឆៅឡើងថ្លៃបន្តិច ហើយក្រោយមកធ្លាក់ថ្លៃទៅវិញ។ អ៊ីរ៉ង់ធ្លាប់បានប្រាប់ឱ្យក្រុមហ៊ូទីដែលជាកូនជឹងរបស់ខ្លួនត្រៀមបិទច្រកចេញចូលបាប អែល ម៉ាន់ដេប (Bab el-Mandeb) (ដែលនាំឆ្ពោះទៅរកសមុទ្រក្រហម) ប្រសិនបើអាមេរិកបន្តវាយប្រហាររោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់។ ប្រសិនបើច្រកសមុទ្រនេះត្រូវបិទខ្ទប់ទាំងស្រុង ការផ្គត់ផ្គង់ប្រេងឆៅនឹងត្រូវកាត់បន្ថយ៧%ព្រោះប្រេងឆៅរបស់អារ៉ាប៊ីសាអូឌីតមិនអាចនាំចេញពីតំបន់មជ្ឈិមបូព៌ាបានឡើយ។ ហេតុនេះ ប្រេងឆៅដែលមានបញ្ហារអាក់រអួលនៅក្នុងការផ្គត់ផ្គង់ស្រាប់ទៅហើយនោះនឹងត្រូវកាត់បន្ថយសង្វាក់ផ្គត់ផ្គង់បន្ថែមទៀត។ សព្វថ្ងៃនេះ ការផ្គត់ផ្គង់ប្រេងសាកលលោកបានថយចុះ១០%។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កងទ័ពហ៊ូទីសរសេររៀបរាប់ថាខ្លួនសូមប្រកាសបិទច្រកដឹកជញ្ជូនតាមដែនសមុទ្រប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីតដែលខ្លួនចាត់ទុកថាជាសត្រូវរបស់ខ្លួន និងជាឧក្រិដ្ឋជន។ ហ៊ូទីចាត់ទុកថាអារ៉ាប៊ីសាអូឌីតបានប្រព្រឹត្តអំពើអយុត្តិធម៌ដោយហ៊ុមព័ទ្ធប្រទេសយេម៉េន។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ប្រាប់ថារដ្ឋាភិបាលរបស់ខ្លួនបានទទួលសំណើពីក្រុមប្រទេសអន្តរការីដែលស្នើសុំឱ្យមានបទឈប់បាញ់រយៈពេលដប់ថ្ងៃ។ នេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន និងជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកការបញ្ចប់សង្គ្រាមជាស្ថាពរ។ ក្រសួងការបរទេសអ៊ីរ៉ង់ទទួលស្គាល់ថាក្រុមប្រទេសអន្តរការីបានបញ្ជូនសំណើទៅអ៊ីរ៉ង់ពិតមែន ហើយទំនាក់ទំនងការទូតនៅតែមានភាពសកម្មជានិច្ច។

នៅក្នុងព្រឹត្តិការណ៍មួយទៀត ប្រភពពីមន្ត្រីរដ្ឋាភិបាលប៉ាគីស្ថាន (ដែលជាប្រទេសអន្តរការីមួយដែរ) ថ្លែងថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់បានស្នើសុំឱ្យប៉ាគីស្ថានបន្តតួនាទីរបស់ខ្លួនជាអ្នកសម្របសម្រួលដោះស្រាយបញ្ហាជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិកតទៅទៀត។ ការជំរុញឱ្យមានការដោះស្រាយតាមមធ្យោបាយការទូតនេះកើតឡើងបន្ទាប់ពីអាមេរិកវាយប្រហារទីក្រុងតូចធំរបស់អ៊ីរ៉ង់ និងបន្ទាប់ពីឆ្មាំបដិវត្តឥស្លាមវាយប្រហារមូលដ្ឋានរបស់អាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ អាមេរិកមិនសប្បាយចិត្តប៉ុន្មានទេព្រោះទាហានរបស់ខ្លួនស្លាប់ជាបន្តបន្ទាប់ និងទាហានខ្លះទៀតបន្តបាត់ខ្លួន។ លោកដូណាល់ត្រាំនិយាយការពារចំណាត់ការរបស់លោកដែលវាយប្រហារអ៊ីរ៉ង់លើកចុងក្រោយថាលោកធ្វើនេះដើម្បីផ្ដល់កិត្តិយសជូនយោធិនអាមេរិក៣នាក់ដែលស្លាប់ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ