ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​អំពាវនាវ​ឱ្យ​ថៃ​ ឈប់​បង្កើត​លេស​សម្រាប់​ការ​ពន្យារពេល​ដោយ​ចេតនា​របស់​ខ្លួន ហើយ​វិល​ត្រឡប់​មក​រក​ដំណើ​រការ​ខណ្ឌ​សីមា​ព្រំដែន​វិញ​ដោយ​សុច្ឆន្ទៈ

43 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ថៃ​ឈប់​បង្កើត​លេស​សម្រាប់​ការ​ពន្យារ ពេល​ដោយ​ចេតនា​របស់​ខ្លួន ហើយ​វិល​ត្រឡប់​មក​រក​ដំណើរការ​ខណ្ឌសីមា​ព្រំដែន​វិញ​ដោយ​សុច្ឆន្ទៈ​។​នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នក​នាំ ពាក្យ​ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ​។

សេចក្តីថ្លែងការណ៍​ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២០ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៦​ឆ្លើយ តប​ទៅ​នឹង​ការ​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ របស់​លោក​ឧបនាយករដ្ឋមន្ត្រី សីហៈ​សក្តិ ភួង​កេ​ត​កែវ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ ទាក់ទង​នឹង​ការ​ចរចា​ជាប់​គាំង​លើ​បញ្ហា​ព្រំដែន​គោក​កម្ពុជា​-​ថៃ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា សូម​ធ្វើ​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ​ថា
លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ បាន​អះអាង​នៅ​ទីក្រុង​ប៉េ​កាំ​ង ក្នុង ស​ប្តា​ហ៍​នេះ​ថា ការ​ដែល​កម្ពុជា​សម្រេចចិត្ត​ដំណើរការ​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការ សហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ (UNCLOS) បាន «បិទទ្វារ​» ចំពោះ​ការ​ចរចា​លើ​ព្រំដែន​គោក​។ នេះ​មិន មែន​ជា​ការ​ពិត​ទាល់តែ​សោះ​។

ប្រភព​បាន​លើក​ឡើង​ថា​ព្រំដែន​សមុទ្រ និង​ព្រំដែន​គោក​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្របខ័ណ្ឌ​ច្បាប់​ផ្សេង​គ្នា និង​យន្តការ ទ្វេភាគី​ផ្សេង​គ្នា​។ កម្ពុជា​ជ្រើសរើស​ផ្លូវ​ដោះស្រាយ​តាម UNCLOS គឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​សមុទ្រ​តែ មួយ​គត់​។

អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​នីតិ​សមុទ្រ គឺជា​មធ្យោបាយ​សន្តិវិធី ដែល​បាន​ព្រមព្រៀង គ្នា​សម្រាប់​ដោះស្រាយ​វិវាទ​លើ​ដែនសមុទ្រ ហើយ​ការ​ប្រើប្រាស់​នីតិ​សមុទ្រ​នេះ​គួរតែ​ត្រូវ​បាន​ចាត់​ទុក ថា​ជា​ការ​ធានា​នូវ​ការ​ផ្តល់​នូវ​ទំនុកចិត្ត ជា​ជាង​បង្ក​ការ​ព្រួយបារម្ភ​ដល់​ប្រទេស​ជិតខាង​ណាមួយ ដែល មានការ​ប្តេជ្ញា​ចិត្ត​ពិតប្រាកដ​ចំពោះ​គោលការណ៍​ច្បាប់​អន្តរជាតិ​។

អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​បាន​លើក​ឡើង​ថា ជម្រើស​ផ្លូវ​ដោះស្រាយ​តាម​នីតិ សមុទ្រ​មិន​អាច​ចាត់ទុកជា​មូលដ្ឋាន​សម​ស្រប​នោះ​ទេ សម្រាប់​ផ្អាក​ការងារ​ដែល​មិន​ទាក់ទង​គ្នា​សោះ លើ​ការ​កំណត់​ខណ្ឌសីមា​ព្រំដែន​គោក​តាម​រយៈ​គណកម្មការ​ចម្រុះ​ខ័​ណ្ឌ​សីមា​ព្រំដែន​គោក ដែល​បាន ព្រមព្រៀង​គ្នា​រួច​ហើយ តាម​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ចុះ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០០០ និង បាន​បញ្ជាក់​ជា​ថ្មី​នៅ​ក្នុង​បទ​ឈប់​បាញ់​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

ចាំបាច់​គួរ​រំលឹក​ថា ប្រទេស​ថៃ​បាន​ដកខ្លួន​ជា​ឯកតោភាគី​ចេញពី យន្តការ​ទ្វេភាគី​តែ​មួយ​គត់​ដែល​បាន​ព្រមព្រៀង​គ្នា​សម្រាប់​ការ​ចរចារ​ទ្វេរ​ភាគីលើ​បញ្ហា ក្នុង​ដែនសមុទ្រ ទោះបីជា​កម្ពុជា​បាន​ស្នើ​សុំ​ដោយ​ផ្ទាល់​មិន​ឱ្យធ្វើ​ដូច្នេះ​ក៏​ដោយ​។

ទន្ទឹម​នេះ ក៏​សូម​កត់សម្គាល់​ផង​ដែរ​ថា ខណៈ​ដែល​ថៃ​កំពុង​តវ៉ា​ប្រឆាំង​នឹង​កម្ពុជា​ចាប់ផ្តើម​ដំណើរ​យន្តការ​ដោះ ស្រាយ​វិវាទ​ក្រោម UNCLOS កន្លង​មកនេះ​ប្រទេស​ថៃ​ខ្លួនឯងបាន​បង្ហាញ​ពី​ចេតនា​របស់​ខ្លួន​ម្តង​ហើយ​ម្តងទៀត ក្នុង​ការ​ពឹងផ្អែក​លើ​UNCLOS ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​។

ដូច្នេះ កម្ពុជា​សូម​អំពាវនាវ​ឱ្យ​ថៃ​ឈប់​បង្កើត​លេស​សម្រាប់​ការ​ពន្យារពេល​ដោយ​ចេតនា​របស់​ខ្លួន ហើយ​វិល​ត្រឡប់​មក​រក​ដំណើរការ​ខណ្ឌសីមា​ព្រំដែន​វិញ​ដោយ​សុច្ឆន្ទៈ តាម​ការ​ព្រមព្រៀង​គ្នា​រួច ក្រោម​លក្ខខណ្ឌ​នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០០ និង​បទ ហើយ​រវាង​ប្រទេស​ទាំង​ពីរ ឈប់​បាញ់​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖”​គ្មាន​ហេតុ ផល​អ្វី​ទាំងអស់ ទាំង​ខាង​ផ្នែក​ច្បាប់ ទាំង​លើ​ការ អនុវត្ត​ជាក់ស្តែង សម្រាប់​ឱ្យ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​ពន្យារពេល​បន្ត​អនុវត្ត​ការងារ ខណ្ឌសីមា​ព្រំដែន ស្របគ្នា​នឹង​ដំណើរការ​លើ​បញ្ហា​ដែនសមុទ្រ​ក្រោម UNCLOS នោះ​ទេ​”​។

ការ​អំពាវនាវ​នេះ​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​នៅ​ក្រៅ​តំបន់​។ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២៦ សភា​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​បាន​អនុម័ត​សេចក្តីសម្រេច​មួយ ដែល​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា ដោយ​អំពាវនាវ​ឱ្យ​មានការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​បង្ហាញ ការ​គាំទ្រ​ដល់​ដំណើរការ​ខណ្ឌសីមា​ព្រំដែន ដោយ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​ជា​បន្ត​ទៀត​។

សហគមន៍​អន្តរជាតិ​រំពឹង​ថា ប្រទេស​ថៃ​នឹង​គោរព​សាលក្រម​ឆ្នាំ​១៩៦២ និង​ឆ្នាំ​២០១៣ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ស្តី​ពី​ប្រាសាទព្រះវិហារ និង​ការ​កំណត់ព្រំដែន​គោក​ស្រប​តាម​អនុសញ្ញា​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ដូចដែល​ភាគី​ទាំង​ពីរ​បាន​បញ្ជាក់​ការ​ទទួលស្គាល់​តាម​អនុ​ស្ស​រណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០​ ។

អ្នកនាំពាក្យ​ក្រសួង​ការ​បទេស​កម្ពុជា​បាន​ចាត់​ទុក​ការ​ពន្យារពេល​ដំណើរ​ការងារ​ខណ្ឌសីមា​ព្រំដែន​ដោយ​គ្មាន​កំណត់ ដើម្បី​កាន់កាប់​ជា​អចិន្ត្រៃយ៍ និង​កាត់​យក​ទឹកដី​កម្ពុជា ដែល​ថៃ​កំពុង​កាន់កាប់​ដោយ​ខុសច្បាប់ គឺជា​ការ​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ លើ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ធម្មនុញ្ញ​អាស៊ាន ដែល​មិន​អាច​អនុញ្ញាត​ឱ្យ​បន្ត​បាន​ឡើយ​៕