ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បង្ក្រាប​ក្រុម​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​កាន់កាប់​អាវុធ​កែ​ច្នៃ ឃាត់ខ្លួន​១១​នាក់

18 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ចុះ​ល្បាត​រក្សា​សន្តិសុខ ទប់ស្កាត់ និង​បង្ក្រាប​ទ​ល្មើស​ផ្សេង​ៗ ដែល​កើត​មាន​ឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង លុះដល់​វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃ​ដដែល កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ បាន​ទទួល​ព័ត៌មាន​ថា ក្រុម​ដែល​ជា​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សិរី​សោភ័ណ និង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​មក​សំងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​ក្នុង ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ និង​នៅ​ក្នុង​រោង​ចាំចំការ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។ ភ្លាម​ៗ​នោះ​លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ចុះ​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​សរុប​ចំនួន​១១​នាក់​(​ក្នុង​នោះ​មាន​ស្រី​ចំនួន​០៣​នាក់​) ។

ជនសង្ស័យ​ទាំង​១១​នាក់ រួម​មាន ៖ ១.​ឈ្មោះ យ៉​ន ប៊ុ​ន​ថា​យ (​ថៃ​) ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ២.​ឈ្មោះ​ជួន ទិ ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​,៣.​ឈ្មោះ​វឿ​ន ដា​វិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​,៤.​ឈ្មោះ​ហួត គី​ម​ហុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​, ៥.​ឈ្មោះ ប៉ូច សុធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​,៦.​ឈ្មោះ ជូ ឈិ​ន​ឡុ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ​, ៧.​ឈ្មោះ ហួ លី​ហួត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​, ៨.​ឈ្មោះ យ៉េ​ត រ៉ា​យុទ្ធ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ៩.​ឈ្មោះ សូត្រ សុក្រ​ហៀ​ង ភេទ​ស្រី អាយុ​១៥​ឆ្នាំ​, ១០.​ឈ្មោះ​ផល រចនា (​លី​ណា​) ភេទ​ស្រី អាយុ​១៤​ឆ្នាំ​, ១១.​ឈ្មោះ​ធី នី​តា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ព្រមទាំង​ដកហូត​វត្ថុ​តាង ១.​កាំបិត​កែ​ច្នៃ​ដង​ឈើ​ស្រោប​ជ័រ​ខ្មៅ ប្រវែង​៦១​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, ២.​កាំបិត​កែ​ច្នៃ​ដង​ដែក​ប្រវែង​៩៥​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, ៣.​កាំបិត​កែ​ច្នៃ​ដង​ដែក ប្រវែង​១៣៩​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, ៤.​កាំបិត​កែ​ច្នៃ​ដង​ដែក ប្រវែង​១៥៦​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, ៥.​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ហើយ​នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​តាម​នីតិវិធី ព្រមទាំង​បាន​ធ្វើតេស្ត​ទឹកនោម​រករ​សារធាតុ​ញៀន​ជា​លទ្ធផល​វិជ្ជមាន (+) ទាំងអស់​។

លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​និង​សួរនាំ​រួច ពិនិត្យ​ឃើញ​មាន​ភាព​ស៊ីសង្វាក់ និង​មាន​តម្រុយ​ពិរុទ្ធភាព នៃ​បទល្មើស​ពាក់ព័ន្ធ​ករណី​សន្និធិ​អាវុធ​សម្រាប់​ប្រហារ​ផ្សេង​ៗ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ ដោយឡែក ជនសង្ស័យ​ឈ្មោះ យ៉​ន ប៊ុ​ន​ថា​យ ហៅ​ក្រៅ​ថៃ ជា​មុខសញ្ញា​សកម្ម ក្នុង​អំពើ​លួច​ស្ថាន​ទម្ងន់ទោស មាន​បក្ខពួក​ប្រហែល​៥០​ទៅ​៦០​នាក់ នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ជា​ក្រុម​សកម្ម​ក្នុង​ការ​កាប់​យក​ម៉ូតូ​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។ ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ ខែកក្កដា ឆ្នាំ​២០២៦​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕