ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សោកស្តាយ! នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្តសៀម​រាប ១រូប ទទួលមរណភាពហើយ ​ក្រោយជួបគ្រោះថ្នា.ក់ចរាចរណ៍​ កាល៣ថ្ងៃមុន

6 ម៉ោង មុន
  • សៀមរាប

‎​ខេត្តសៀមរាប​ ៖ លោក វរសេនីយ៍ត្រី សាន សាន់​នី នាយ​រង​ការិយាល័យ​ចរាចរណ៍​ផ្លូវ គោក នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តសៀមរាប បាន​ទទួលមរណភាព​ហើយ បន្ទាប់​ពី​បាន​រង​របួស​ធ្ងន់ធ្ងរ​ក្នុង ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​ម៉ូតូ ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩:៤៣​នាទី​យប់ ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​អាចារ្យ​ហែម​ចៀវ​ត្រង់​ចំណុច​ខាងត្បូង​ស្តុ​បកោះ​កេរ្តិ៍​ប្រមាណ ៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​ 

បើ​តាមប្រភព​ពី​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​យើង​នៅ​វេលា​ម៉ោង​១១ ថ្ងៃត្រង់ ត្រូវ​នឹង​ថ្ងៃ​ទី ២១ ខែ កក្កដា ឆ្នាំ​២០២៦ នេះ​ថា​លោក​វរសេនីយ៍ត្រី សាន សាន់​នី នាយ រង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម រាប អកុសល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ​២០២៦ ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដោយសារ​របួស​ធ្ងន់ធ្ងរ​ពេក​។ សព​របស់​លោក​ត្រូវ​បាន​បញ្ជូន​ចេញពី​មន្ទីរ ពេទ្យ​បង្អែក​ខេត្តសៀមរាប ទាំង​យប់​ទៅ​កាន់​គេហដ្ឋាន ស្ថិត​នៅ​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទ បាគង ខេត្តសៀមរាប នៅ​វេលា​ម៉ោង ៩:៣០ នាទី​យប់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៦ ដើម្បី​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​។

សូម​រំលឹក​ថា តាម​របាយការណ៍​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​រវាង​រថយន្ត​ម៉ាក SSANG YONG MUSSO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ-9855 បើកបរ​ដោយ​ឈ្មោះ អួ​ង វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​១៩ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​បុក ម៉ូតូ​ម៉ាក Honda Cub ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1U-3695 ដែល​បើកបរ​ដោយ​លោក​វរសេនីយ៍ ត្រី សាន សាន់​នី រស់នៅ ក្នុង​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្ត​សៀម រាប ដែល​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ គោក​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​។

ក្រោយ​ការពិនិត្យ វាស់វែង និង​ស្រាវជ្រាវ​កន្លែង​កើតហេតុ រួច​មក​ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា មូល​ហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​ពី​រថយន្ត​បើកបរ​មិន​ប្រកាន់​ស្តាំ ដែល​ជា​ហេតុ​នាំ​ឱ្យ​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ បណ្តាល​ឱ្យ​របួសធ្ងន់ រហូត​ដល់​ស្លាប់​។

ក្នុង​នោះ​ដែរ​ លោក វរសេនីយ៍ឯក ឡុ​ង ម៉ែ​ន​សុ​យ៉ា​លី ស្នងការ​រង ទទួល​ផ្នែក​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តសៀមរាប បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​យើង នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ ២០២៦​នេះ​ថា កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​បាន​ស្នើ​សុំ​គោលការណ៍​ថ្នាក់ដឹកនាំ ដើម្បី​ឃាត់​ខ្លួន​អ្នក បើកបរ​រថយន្ត និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទាំង​ជនសង្ស័យ និង​សំណុំរឿង​ទៅ​កាន់​សាលាដំបូង​ខេត្ត​សៀម រាប​រួច​ហើយ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុងអំឡុងពេល​លោក​វរសេនីយ៍ ត្រី សាន សាន់​នី កំពុង​សម្រាក​ព្យាបាល ថ្នាក់ដឹកនាំ​ស្នង​ការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះ​សួរសុខទុក្ខ និង​តាមដាន​ស្ថានភាព​របស់​លោក​ជា​បន្តបន្ទាប់ ដោយ​បង្ហាញ​ការ​យកចិត្តទុកដាក់​ចំពោះ​មន្ត្រី​ដែល​បាន​បំពេញ ភារកិច្ច​បម្រើ​សង្គម​ជា​ច្រើន​ផង​ដែរ​។

ការ​ទទួល​មរណ​ភាព​របស់​លោក​វរសេនីយ៍ត្រី សាន សាន់​នី គឺជា​ការ​បាត់ បង់​ធនធានមនុស្ស​ដ៏​មាន​តម្លៃ​របស់​កងកម្លាំង​នគរបាល​ជាតិ និង​បាន​បន្សល់​ទុក​នូវ​សេចក្តី​សោកស្តាយ​យ៉ាង​ក្រៀមក្រំ​បំផុត​ដល់​ក្រុម​គ្រួសារ មិត្ត​រួមការ​ងារ និង​ប្រជា ពលរដ្ឋ​ជា​ច្រើន​ដែល​លោក​បាន​ស្គាល់ ហើយ​បួងសួង​សូម​ឱ្យដួង​​វិញ្ញាណក្ខន្ធ​របស់​លោក​បាន​ទៅ​កាន់​សុគតិភព ។

បច្ចុប្បន្ន ជនសង្ស័យ​ដែល​ជា​អ្នកបើកបរ​រថយន្ត បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ដទៃ​នោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ ខេត្ត បណ្តោះអាសន្ន ហើយ នៅ​ថ្ងៃ​ទី ១៩ ខែ កក្កដា​ឆ្នាំ​២០២៦ ៕