ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិសវៀណតាម បង្ក្រាបបណ្តាញភ្នាល់បាល់អនឡាញនិងរឹបអូសទឹកប្រាក់ជាង ២១លានដុល្លារ

13 ម៉ោង មុន

​ប្រទេសវៀតណាម៖​ ប៉ូលិសទីក្រុងហូជីមិញ បានបង្ក្រាបបណ្តាញភ្នាល់បាល់ទាត់តាមអនឡាញទ្រង់ទ្រាយធំមួយ ដែលមានប្រតិបត្តិការសរុបជាង​ ២១លានដុល្លារអាម៉េរិក​ និងមានការសង្ស័យថាពាក់ព័ន្ធនឹងគណនីភ្នាល់ដែលបានប្រភពពីប្រទេសជិតខាង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VOV នៅថ្ងៃទី២០ ខែសីហានេះ។

តាមប៉ូលិសទីក្រុងហូជីមិញ ការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ បានចាប់ផ្តើមស៊ើបអង្កេតករណីនេះតាំងពីខែមិថុនា និងបើកប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ក្នុងខែកក្កដា។ ក្នុងប្រតិបត្តិការ ប៉ូលិសបានកោះហៅមនុស្សចំនួន ​៥០នាក់​ និងរឹបអូសទូរស័ព្ទដៃ ៥០គ្រឿង កុំព្យូទ័រយួរដៃ ៣គ្រឿង ព្រមទាំងឯកសារ និងទិន្នន័យអេឡិចត្រូនិកមួយចំនួនធំ។

ការស៊ើបអង្កេតបឋមរកឃើញថា បណ្តាញនេះត្រូវបានរៀបចំជាក្រុម និងមានអ្នកកណ្ដាលជាច្រើនស្រទាប់ ដើម្បីចែកចាយគណនីភ្នាល់ និងពង្រីកបណ្តាញ ព្រមទាំងធ្វើឱ្យការតាមដានរបស់សមត្ថកិច្ចមានភាពលំបាក។

គណនីភ្នាល់មួយចំនួនត្រូវបានគេចោទថា ទទួលបានតាមរយៈអ្នកទំនាក់ទំនងនៅប្រទេសជិតខាង បន្ទាប់មកត្រូវបានបែងចែកជាគណនីតូចៗ និងប្រគល់បន្តទៅអ្នកប្រតិបត្តិនៅកម្រិតខាងក្រោម។ ក្រៅពីការភ្នាល់តាមគេហទំព័រ អ្នកពាក់ព័ន្ធមួយចំនួនក៏ទទួលការភ្នាល់តាមកម្មវិធីផ្ញើសារ ដោយទឹកប្រាក់ភ្នាល់ក្នុងមួយប្រកួតមានចាប់ពីរាប់សិបលានដល់រាប់រយលានដុង។

រហូតមកដល់ពេលនេះ ប៉ូលិសបានបើកសំណុំរឿងព្រហ្មទណ្ឌចំនួន ​៦ករណី​ និងចោទប្រកាន់ ព្រមទាំងឃាត់ខ្លួនមនុស្ស ​៤០នាក់​ ពាក់ព័ន្ធនឹងបទល្មើសរៀបចំការភ្នាល់ និងចូលរួមលេងល្បែងស៊ីសង។

សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ដើម្បីកំណត់ប្រភពគណនីភ្នាល់ តាមដានលំហូរហិរញ្ញវត្ថុ និងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត៕