ខេត្តស្ទឹងត្រែង ៖ កម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង បានចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ចំនួន ២ករណីផ្សេងគ្នា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន កាលពីថ្ងៃទី១៨ និងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ដោយរឹបអូសបានឈើប្រណីតប្រភេទលេខ១ (សុក្រម) និងឧបករណ៍កែច្នៃឈើខុសច្បាប់មួយចំនួន ។
ផ្អែកតាមសេចក្តីរាយការណ៍កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង២២:០០នាទី ក្រុមការងារដឹកនាំដោយលោកនាយខណ្ឌ និងលោកនាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានចុះប្រតិបត្តិការភ្លាមៗទាំងយប់ក្រោមតំណក់ភ្លៀង ស្ថិតនៅក្នុងភូមិសាស្ត្រកំពង់ដរសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ។
ជាលទ្ធផលកម្លាំងជំនាញ បានចុះរាវរុករកក្នុងទឹកតាមមាត់ច្រាំងទន្លេសេសាន និងប្រមូលបានឈើអារចំនួន ១៥ដុំ។ នៅព្រឹកថ្ងៃទី១៩ ខែសីហា កម្លាំងជំនាញ បានបន្តពិនិត្យជុំវិញទីតាំងកើតហេតុ និងរកឃើញឈើបន្ថែមចំនួន ១០ដុំទៀត នៅជាប់ជើងព្រៃក្បែរកំពង់ដរ
។ឈើដែលដកហូតសរុបបានចំនួន ២៥ដុំ (ស្មើនឹង ០,៥២៥ ម៉ែត្រគូប) ជាប្រភេទឈើលេខ១ (សុក្រម) ។
យោងតាមការស៊ើបអង្កេតបឋម ឈើទាំងនេះ ត្រូវបានជនល្មើសដឹកជញ្ជូនតាមទូកតូចៗចេញពីតំបន់ខាងលើស្តៅ យកមកប្លុងទុកនៅចំណុចកើតហេតុ ដើម្បីរង់ចាំឱកាសស្ងាត់ដឹកជញ្ជូនបន្ត ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានដឹកជញ្ជូនមករក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីស្រាវជ្រាវស្វែងរកអត្តសញ្ញាណម្ចាស់ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ។
ដោយឡែកករណីទី២ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ដដែល កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដឹកនាំដោយលោក អន ច័ន្ទសុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើ រួមជាមួយមន្ត្រីជំនាញជាច្រើនរូបទៀត បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃផល-អនុផលព្រៃឈើខុសច្បាប់មួយកន្លែង ដែលប្រព្រឹត្តទៅដោយគ្មានអាជ្ញាប័ណ្ណ ឬឬលិខិតអនុញ្ញាត ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានជួបឈ្មោះ ចាន់ សុជា ជាជាងធ្វើស៊ីឈ្នួល ឯម្ចាស់ទីតាំងឈ្មោះ ង្វៀង ធី មិនបាននៅទីតាំងនោះទេ ។
វត្ថុតាងដែលដកហូតរួមមាន ៖ ឈើអារប្រភេទលេខ១ (សុក្រម) មួយចំនួន កំពុងវាស់វែង និងរាប់ចំនួនជាក់ស្តែង ព្រមទាំងឧបករណ៍សម្ភារៈកែច្នៃមួយចំនួនផងដែរ ។
បច្ចុប្បន្ន ក្រុមការងារជំនាញកំពុងរៀបចំដឹកជញ្ជូនឈើអារ និងសម្ភារឧបករណ៍ទាំងអស់យកទៅរក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង ដើម្បីវាស់វែងលម្អិត និងកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ស្តីពីព្រៃឈើ ៕











ចែករំលែកព័តមាននេះ